ជាតិ
អ្វីដែលមិនគួរធ្វើពេលចូលទស្សនារមណីយដ្ឋានអង្គរ
06, Jul 2023 , 5:59 pm        
រូបភាព
សៀមរាប៖ ឧទ្យានអង្គរជាអតីតរាជធានីចក្រភពខ្មែរចាប់ពីសតវត្សទី៩ ដល់សតវត្សទី១៥ និងជារាជធានីមួយធំជាងគេនៅលើពិភពលោកនៅសតវត្សទី១២។ បច្ចុប្បន្ននេះឧទ្យានអង្គរនៅតែជាបូជនីយដ្ឋានសម្រាប់ពុទ្ធសាសនិក និងប្រជាពលរដ្ឋដែលតែងមកគោរពបូជាសំពះបន់ស្រន់ជារៀងរាល់ថ្ងៃ ហើយជាទីលំនៅឋានរបស់ប្រជាពលរដ្ឋប្រមាណ ១៣០០០០នាក់ផងដែរ។

អាជ្ញាធរជាតិអប្សរា គឺជាស្ថាប័នទទួលខុសត្រូវក្នុងការអភិរក្ស និងអភិវឌ្ឍឧទ្យានអង្គរ ចាប់តាំងពីឆ្នាំ១៩៩៥ មក។ គោលដៅមួយក្នុងចំណោមគោលដៅទាំងឡាយរបស់យើង គឺធ្វើយ៉ាងណាឱ្យធានាបាននូវសុវត្ថិភាពរបស់ភ្ញៀវ បទពិសោធន៍ទស្សនា និងការគោរពដល់សហគមន៍របស់យើង។ ក្រមប្រតិបត្តិអង្គរនេះត្រូវបានតាក់តែងឡើងដោយមានការសហការជាមួយអ្នកស្រុកអង្គរ ភ្ញៀវទេសចរ មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមការងារជួសជុលប្រាសាទ។
 
បើយោងតាមសៀវភៅអង្គរ«៣០ឆ្នាំកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ១៩៩២-២០២២», ដើម្បីរួមចំណែកជួយអភិរក្សឧទ្យានអង្គរសម្រាប់មនុស្សជំនាន់ក្រោយ និងធ្វើឱ្យបទពិសោធន៍ទស្សនារបស់លោកអ្នកកាន់តែប្រសើរ សូមមេត្តាគោរពតាមក្រមប្រតិបត្តិអង្គរដូចខាងក្រោម៖ 
 
ទី១៖ សម្លៀកបំពាក់

 អាវវាលក្លៀក ចំហដើមទ្រូងខោ និងសំពត់ខ្លីលើជង្គង់សុទ្ធតែជាសម្លៀកបំពាក់ដែលមិនសមរម្យ នៅក្នុងវប្បធម៌ខ្មែរ និងត្រូវហាមឃាត់ដាច់ខាត នៅតាមទីសក្ការៈត្រូវស្លៀកពាក់សមរម្យនៅ គ្រប់ទីកន្លែងក្នុងឧទ្យានអង្គរ។
 
ទី២៖ ប្រាង្គប្រាសាទ

ការប៉ះរូបចម្លាក់ ការអង្គុយលើកន្លែងដែលមានសភាពទ្រុឌទ្រោម ការផ្អែកលើសំណង់ប្រាសាទ ការផ្លាស់ប្ដូរទីតាំងឬយកថ្មបុរាណ និងការគូសវាសលើថ្មជាដើមត្រូវបានហាមឃាត់ដាច់ខាត។ កាបូបស្ពាយក្រោយខ្នង-ឆត្រមានដងមុតស្រួចជើងទ្រម៉ាស៊ីនថត និងស្បែកជើងកែងខ្ពស់ មិនគួរយកឬពាក់ចូលក្នុងប្រាសាទឡើយ។

ទី៣៖ ទីសក្ការៈបូជា

ឥរិយាបថផ្ទុយពីវប្បធម៌ខ្មែរ ការនិយាយខ្លាំងៗ សកម្មភាពឡូឡា គឺជាសកម្មភាពមិនសមរម្យ ចំពោះតំបន់អង្គរហើយអាចរំខានដល់ការ ទស្សនារបស់ភ្ញៀវទេសចរដទៃទៀត។ សូមមេត្តាទស្សនាដោយភាពស្ងប់ស្ងាត់ និងគោរពភ្ញៀវដទៃ។

ទី៤៖ ទីតាំងហាមឃាត់

ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកអ្នក និងដើម្បីអភិរក្សតំបន់អង្គរសូមមេត្តាគោរព ស្លាកសញ្ញានៅតាមប្រាសាទ។ សូមប្រយ័ត្ននៅពេលទស្សនា និងហាមឡើងលើគំនរថ្ម។
 
ទី៥៖ ការពិសាបារី និង ការចោលសំរាម

ក្នុងនាមជាសមាជិកអង្គការសុខភាពពិភពលោក ឧទ្យានអង្គរគឺជារមណីយដ្ឋានគ្មានផ្សែងបារីតាំងពីឆ្នាំ២០១២។ ការពិសាបារីអាចរំខានដល់អ្នកដទៃ និងអាចបណ្ដាលឱ្យមានអគ្គិភ័យ ដើម្បី ចូលរួមការពារបរិស្ថានសូមមេត្តាកុំជក់បារី និងចោលសំរាម។

ទី៦៖ ការឱ្យស្ករគ្រាប់ឬថវិកាដល់កុមារ

ការទិញរបស់របរ ការឱ្យស្ករគ្រាប់ឬថវិកាដល់កុមារអាចជំរុញឱ្យកុមារមិនទៅសាលារៀន ហើយជំរុញឱ្យពួកគេមានទំលាប់សុំទាន។ បើចង់ជួយកុមារ សូមផ្ដល់អំណោយដល់អង្គការមនុស្សធម៌ ដែលគេទទួលស្គាល់ថាជាអង្គការល្អ។
 
ទី៧៖ ព្រះសង្ឃ
នៅប្រទេសកម្ពុជា ព្រះសង្ឃជាបុគ្គលសក្ការៈ។ ប្រសិនបើលោកអ្នកចង់ថតរូប សូមមេត្តាសុំ ការអនុញ្ញាតពីព្រះសង្ឃជាមុនសិន។ ស្រ្តីមិនត្រូវប៉ះ ឈរ ឬអង្គុយកៀកព្រះសង្ឃឡើយ៕ 
 

Tag:
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com