កីឡាជាតិ
ជាតិ
​AFF U19៖ ឈិត សាភឿន ដែលស៊ុត២គ្រាប់ជួយកម្ពុជាឈ្នះឡាវ របួសបាក់ដៃ ត្រូវសម្រាក៧ខែ
06, Jul 2023 , 8:59 pm        
រូបភាព
លោក ប្រាក់ វុទ្ធី  គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់នារីអាយុក្រោម​១៩ឆ្នាំ អះអាងថាកីឡាការិនីឆ្នើម ឈិត សាភឿន ដែលរកបាន២គ្រាប់ម្នាក់ឯងជួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ឈ្នះឡាវ ២-១ នឹងត្រូវអវត្តមានពីព្រឹត្តិការណ៍ AFF U19 Women’s Championship 2023 នៅប្រទេសឥណ្ឌូណេស៊ី តែម្តង ដោយសារបាក់ឆ្អឹកស្លាបប្រជៀវស្មាឆ្វេងអំឡុងពេលប្រកួត។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នារីអាយុក្រោម ១៩ឆ្នាំ បានយកឈ្នះ លើកក្រុមនារីឡាវ ក្នុងលទ្ធផល ២-១ ក្នុងពូល A  នៃព្រឹត្តិការណ៍ AFF U19 Women’s Championship 2023 នៅកីឡដ្ឋាន  Gelora Sriwijaya នៃប្រទេសឥណ្ឌូណេស៊ី។ លោក ប្រាក់ វុទ្ធី បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា កូនក្រុមរបស់លោក បានបង្ហាញនូវចំណុចវិជ្ជាមានច្រើន នៅក្នុងការប្រកួតនាថ្ងៃទី៥ ខែកក្កដា។ លោក វុទ្ធី សម្លឹងឃើញថា ក្នុងការប្រកួតរវាងក្រុមនារីកម្ពុជា និងឡាវ កូនក្រុមកម្ពុជា ជឿជាក់លើខ្លួនឯង និងមានឆន្ទៈ ដណ្ដើមជ័យជំម្នះ ប៉ុន្ដែត្រូវតែពង្រឹងបន្ថែម នូវបច្ចេកទេសបញ្ជូនបាល់។
  
លោក ប្រាក់ វុទ្ធី ពាក់វែនតាខ្មៅ គោរពភ្លេងជាតិកម្ពុជា មុនការប្រកួតចាប់ផ្ដើម រូបពី FFC

គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះថា៖«ចំណុចវិជ្ជមាន ដែលយើងបានឃើញពីម្សិលមិញ គឺទី១ ពួកគាត់ហ៊ានលេងដោយទំនុបចិត្ត, ទី២ ពួកគេម្នាក់ៗ មានឆន្ទៈ ចង់ឈ្នះណាស់ ចំណែកទី៣ ពួកគេ មានស្មារតីលេងជាក្រុម ប៉ុន្ដែយើង ក៏មានបញ្ហាបន្ដិចបន្ដួចនោះ គឺការបញ្ជូនបាល់ និងចំពោះការបញ្ចប់ទីមួយចំនួន ដែលនៅជាចំណុចប្រឈមរបស់យើង នៅឡើយ។ ប៉ុន្ដែការសហការជាក្រុមរបស់ពួកគេ បានល្អ។»។
  
កីឡាការិនី ឈិត សាភឿន ប្រជែងជាមួយកីឡាការិនី ឡាវ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ដោយឡែកជាអកុសល ក្នុងការប្រកួតនោះ កីឡការិនី ឈិត សាភឿន ម្ចាស់គ្រាប់បាល់របស់កម្ពុជា ទាំង២គ្រាប់ បានរងរបួសបាក់ឆ្អឹកស្លាបប្រជៀវស្មាឆ្វេង ដោយប៉ះទង្គិចគ្នាជាមួយកីឡាការិនីឡាវ។ បន្ទាប់ពីប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងនោះហើយ កីឡាការិនីរូបនេះ ត្រូវបានយកទៅវះកាត់ដោយជោគជ័យ។ 
 
លោក ប្រាក់ វុទ្ធី ក៏បានបញ្ជាក់ផងដែរថា កីឡាការិនី ឈិត សាភឿន នឹងត្រូវអវត្តមានចំពោះប្រកួតផ្សេងៗក្នុងព្រឹត្តិការណ៍នេះ និងការប្រកួតនានា យ៉ាងហោចណាស់ ៦-៧ខែ ដើម្បីឲ្យបានជាសះស្បើយដូចដើម្បីវិញ។
 
ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមនារីម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី បានលត់ក្រុមទីម័រខាងកើត ក្នុងលទ្ធផល ៧-០ នៅកីឡដ្ឋាន Gelora Sriwijaya។ ដោយឡែក ក្រុមនារីកម្ពុជា នឹងត្រូវប្រកួតជាមួយ ទីម័រខាងកើត នៅថ្ងៃទី៧ ខែកក្កដា ហើយបន្ដទៅប៉ះ ជាមួយក្រុម ម្ចាស់ផ្ទះ នៅថ្ងៃទី៩ ខែកក្កដា ក្នុងវគ្គជម្រុះក្នុងពូល នៃព្រឹត្តិការណ៍ AFF U19 Women’s Championship 2023៕
 

Tag:
 បាល់ទាត់
  AFF U19 Women’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com