អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាវា​ចម្បាំង​រុស្ស៊ី​ពីរ​គ្រឿង ​ទៅ​​ចិន​៧​ថ្ងៃដើម្បីធ្វើសមយុទ្ធរួមគ្នា​
06, Jul 2023 , 9:29 pm        
រូបភាព
ពិធី​ស្វាគមន៍​នាវាចម្បាំង​រុស្ស៊ី​នៅ​ទីក្រុង​សៀងហៃ​កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា។ រូបភាព ៖ Ren Wei ។
ពិធី​ស្វាគមន៍​នាវាចម្បាំង​រុស្ស៊ី​នៅ​ទីក្រុង​សៀងហៃ​កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា។ រូបភាព ៖ Ren Wei ។
នាវាចម្បាំងរុស្ស៊ីពីរគ្រឿងបានចូលចតនៅទីក្រុងសៀងហៃកាលពីថ្ងៃទី ៥ខែកក្កដាក្នុងដំណើរទស្សនកិច្ចមិត្តភាពរយៈពេលប្រាំពីរថ្ងៃ។ នេះជាការបង្ហាញបន្ថែមទៀតនៃទំនាក់ទំនងជិតស្និទ្ធរបស់ប្រទេសទាំងពីរក្នុងការធ្វើសមយុទ្ធរួមគ្នាលើវិស័យជើងទឹក។

នាវាចម្បាំងសម័យសង្គ្រាមត្រជាក់ Gromkiy និង Sovershenniy បានធ្វើដំណើរចូលចតនៅទីក្រុងសៀងហៃចិន ដោយបោះយុថ្កានៅកំពង់ផែនៃមូលដ្ឋានទ័ពជើងទឹកចិនដែលមានទីតាំងនៅចំណុចប្រសព្វនៃទន្លេ Huangpu និង Yangtze។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ។
 
លោក Dmitry Lukyantsev តំណាងគណៈកម្មាធិការកិច្ចការបរទេសនៃទីក្រុងសៀងហៃ និងអគ្គកុងស៊ុលរុស្ស៊ីប្រចាំទីក្រុងសៀងហៃបានប្រាប់ TASS ថា ការមកដល់របស់ពួកគេគឺជានិមិត្តរូប ដែលមានសារសំខាន់ខ្លាំងណាស់។ 
 
នេះគឺជាលើកទីមួយរបស់កប៉ាល់កងនាវាចរប៉ាស៊ីហ្វិករុស្ស៊ីចូលចតនៅចិនក្រោយបីឆ្នាំនៃការរីករាលដាលកូវីដ-១៩។ បើតាមលោក Lukyantsev  រុស្ស៊ី រក្សាបានកិច្ចសហប្រតិបត្តិការជិតស្និទ្ធទាំងស្រុងនៅក្នុងគ្រប់ទិសដៅ រួមទាំងវិស័យយោធា និងផ្នែកនយោបាយផងដែរជាមួយចិន។
 
ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំនៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Li Shangfu និងប្រមុខកងទ័ពជើងទឹករុស្ស៊ីលោក Nikolai Yevmenov ក្នុងកិច្ចពិភាក្សាយោធាផ្លូវការលើកដំបូងចាប់តាំងពីមានការបះបោរដោយក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner។
 
ក្នុងដំណើរទស្សនកិច្ចរយៈពេល ៧ថ្ងៃនេះ ទាហានរុស្ស៊ី និងចិន នឹងទៅទស្សនាកប៉ាល់ទៅទៅមក ផ្លាស់ប្តូរជំនាញ និងបច្ចេកទេស និងប្រកួតបាល់បោះមិត្តភាព។ បន្ទាប់មក កងនាវារុស្ស៊ីនឹងធ្វើសមយុទ្ធរួមគ្នាជាមួយនាវាចម្បាំងចិន ដោយផ្តោតលើចលនាបង្កើតទំនាក់ទំនង និងការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ។
 
នាវាចម្បាំងរុស្ស៊ីដែលមកទស្សនកិច្ចនៅទីក្រុងសៀងហៃនេះ មានប្រវែងបណ្ដោយ១០៤,៥ម៉ែត្រ ទទឹងប្រវែង១៣ម៉ែត្រ និងផ្ទុកទម្ងន់បាន២២៥០តោន៕
 

Tag:
 ចិន
  រុស្ស៊ី
  នាវា
© រក្សាសិទ្ធិដោយ thmeythmey.com