កីឡាជាតិ
ជាតិ
កត្តាជីវភាព និងស្រឡាញ់គុនខ្មែរ ជាដើមចមជំរុញលោក អេ ភូថង បង្វឹកកូនទាំង៣ក្លាយជាអ្នកប្រដាល់អាជីព
07, Jul 2023 , 9:00 am        
រូបភាព
កូនប្រុសស្រីទាំង៣នាក់របស់លោកគ្រូ អេ ភូថង រូបពី អេ យ៉ានុត
កូនប្រុសស្រីទាំង៣នាក់របស់លោកគ្រូ អេ ភូថង រូបពី អេ យ៉ានុត
ដោយ៖ គឹម មករា កីឡាជាតិ
អស់គូប្រកួតក្នុងស្រុក និងអាយុ ជាដើមចមនាំឱ្យលោក អេ ភូថង ប្រធានក្លិបប្រដាល់គុនខ្មែរ អេ ភូថង ចូលនិវត្តិពីអាជីពកីឡាករប្រដាល់។ អស់គូប្រកួតក្នុងស្រុកធ្វើឲ្យជីវភាពខ្វះខាត អតីតស្តេចប្រដាល់កម្ពុជារូបនេះ សម្រេចបង្ហាត់ក្បាច់ប្រដាល់ទៅកូនទាំង ៣ ដើម្បីប្រឡូកក្នុងសង្វៀន និងរកប្រាក់ចំណូលបន្ថែម។ ហាត់ប្រដាល់ ក៏ជាក្ដីស្រឡាញ់របស់កូនទាំង៣ផងដែរ។
អតីតកីឡាករ រហស្សនាមកែងឆេះ ជង្គង់ហោះ អេ ភូថង រួមជាមួយភរិយាលោកស្រី សាំង សុម៉ាលី មានកូនប្រុសស្រីចំនួន៣នាក់ រួមមានកីឡាការិនី អេព្រីយ៉ានុត ភូថង, អេវីរៈខាំឈីត ភូថង និង អេអាំម៉ារិន ភូថង ហើយសុទ្ធសឹងតែជាអ្នកប្រដាល់ ដែលមានសមត្ថភាព។ លោក អេ ភូថង បានប្រាប់សារព័ត៌មានថ្មីៗ ពីកត្ដា ៣យ៉ាងដែលជំរុញឲ្យកូនទាំង ៣នាក់នេះ ឈានជើងចូលក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ។ 
លោក អេ ភូថង ឡើងប្រកួត ចាប់ពីឆ្នាំ១៩៩០ ដោយចេញប្រកួតដំបូងលើប្រភេទទម្ងន់ ៥៤គីឡូក្រាម ក្រោមការដឹកនាំ និងបង្វឹកពីលោកព្រឹទ្ធាចារ្យ សាយយុទ្ធ ភូថង ជាឪពុកមា និងជាគ្រូបង្វឹកប្រដាល់គុនខ្មែរក្នុងក្លិបមួយនៅខេត្តព្រៃវែង។ ប៉ុន្ដែចូលមកដល់ឆ្នាំ២០០០-២០១២ ព្រោះតែភាពខ្លាំងរបស់ខ្លួន អ្នកប្រដាល់រហ័សនាមកែងឆេះ ជង្គង់ហោះរូបនេះ មិនមានគូប្រកួតក្នុងស្រុកទេ ដែលជាហេតុធ្វើឲ្យរូបលោក រកបានចំណូលតិចតួចពីអាជីពជាកីឡាករប្រដាល់គុនខ្មែរ។ ដោយការប្រកួតអន្ដរ ក៏មិនសូវជាសម្បូរប៉ុន្មានដែរ ដូច្នេះ ប្រធានក្លិបរូបនេះ ក៏សម្រេចបង្វឹកកូនខ្លួនឲ្យឡើងប្រកួត ដើម្បីរកប្រាក់ចំណូលបន្ថែម។
បន្ថែមជាងនេះទៀត កូនទាំង ៣របស់ ប្រធានក្លិបវ័យ ៤៨ឆ្នាំរូបនេះ មានឆន្ទៈ និងស្រឡាញ់វិស័យកីឡាប្រដាល់គុនខ្មែរ ហើយក៏ចង់ស្នងដំណែងពីឪពុក ដែលជាកីឡាករប្រដាល់ មានកេរ្ត៍ឈ្មោះល្បី ក្នុងប្រទេសកម្ពុជា ផងដែរ។
«ខ្ញុំ និយាយការពិត កាលនោះ គឺដោយសារភាពក្រីក្ររបស់យើងទេ។ ពេលដែលខ្ញុំ វាយខ្លាំង ពេលខ្ញុំ ដាច់គូវាយទៅ ខ្ញុំដូចជាអត់មានអីសោះ ពេលនោះ កូនទាំង ៣ក៏ធំល្មម ខ្ញុំក៏ចាប់ផ្ដើមបង្វឹកឲ្យដើរប្រកួត ដើម្បីជីវភាព និយាយរួមទៅ ខ្ញុំ មិនសូវចង់ឲ្យកូនចេញប្រកួតទេ ប៉ុន្ដែដោយសារជីវភាព វាអត់ ហើយកាលនោះក៏នៅបង្ហាត់សិស្សដែរ ហើយបង្ហាត់កូនខ្លួនឯង ដើម្បីជីវភាព។»។ លោក អេ ភូថង បានប្រាប់ដូច្នេះ។
លោក អេ ភូថង ក៏បានបញ្ជាក់ផងដែរថា វង់ត្រកូលភូថង សុទ្ធតែជាអ្នកប្រដាល់ ដូច្នេះ សម្រាប់ប្រធានក្លិបនេះ មានឆន្ទៈក្នុងការចូលរួមលើកដំកើនគុនខ្មែរយ៉ាងខ្លាំង។ ក្នុងការចូលរួមក្នុងវិស័យគុនខ្មែរនេះ លោក អេ ភូថង ប្ដេជ្ញា ថានឹងបង្ហាត់សិស្សឲ្យអស់ពីសមត្ថភាព រហូតដល់ពេលវេលាមួយ ដែលលោកមិនអាចបង្ហាត់បាន។ 
អតីតអ្នកប្រដាល់រូបនេះ បានប្រាប់ដូច្នេះថា៖«ខ្ញុំ ស្រឡាញ់គុនខ្មែរតាំងពីតូច។ ការស្រឡាញ់នេះ គឺមិនមែនតែរូបលោកទេ ប៉ុន្ដែ វង្សត្រកូលភូថង ទាំងអស់សុទ្ធតែជាអ្នកស្រឡាញ់គុនខ្មែរ។ ខ្ញុំ មិនចង់ឲ្យបាត់បង់ក្បាច់គុនបុរាណខ្មែរទេ។»៕
 

Tag:
 (អេ ភូថង
 ​ ប្រដាល់គុនខ្មែរ)
© រក្សាសិទ្ធិដោយ thmeythmey.com