កីឡាជាតិ
ជាតិ
លោក រិទ្ធ ឌីកា៖ វត្តមានកីឡាករបរទេសជួយច្រើនដល់ក្លិប តែប៉ះពាល់ក្រុមជម្រើសជាតិ
07, Jul 2023 , 8:00 am        
រូបភាព
ដោយ:
លោក រិទ្ធ ឌីកា នាយកបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង យល់ឃើញថា វត្តមានកីឡាករបរទេសច្រើនប្រកបអាជីពក្នុងលីគកម្ពុជាជារឿងល្អ តែក៏មានផលប៉ះពាល់ខ្លះដែរសម្រាប់ក្រុមជម្រើសជាតិ ដោយសារកីឡាករកម្ពុជាបាត់ឱកាសលេងក្នុងតំណែងសំខាន់ៗ។

 
 
«សម្រាប់ខ្ញុំ វត្តមានកីឡាករបរទេសជួយច្រើនណាស់ក្នុងកីឡាបាល់ទាត់កម្ពុជា»។ លោក រិទ្ធ ឌីកា មើលឃើញដូច្នេះចំពោះវត្តមានកីឡាករបរទេសដែលចូលមកប្រកបអាជីពក្នុងលីគកម្ពុជា ដែលជួយផ្តល់នូវបច្ចេកទេសថ្មីៗតាមបែបបរទេស ទាំងល្បឿន របៀបហ្វឹកហាត់មួយចំនួន។ យ៉ាងណានាយកបច្ចេកទេសក្លិបព្រះខ័នរាជស្វាយរៀង ក៏មើលឃើញពីផលប៉ះពាល់ផងដែរសម្រាប់កីឡាករក្រុមជម្រើសជាតិកម្ពុជា។
 
 
លោក រិទ្ធ ឌីកា រៀបរាប់ថាកីឡាករបរទេសលេងក្នុងលីគឬក្រុមនីមួយៗ ភាគច្រើនលេងក្នុងតំបន់កណ្តាល ដែលជាតំបន់សំខាន់ ដូចជាការពារកណ្តាល បម្រើកណ្តល និងប្រយុទ្ធកណ្តាលជាដើម  ដែលនេះអាចប៉ះពាល់ដល់កីឡាករកម្ពុជាពេលបង្ហាញខ្លួនឱ្យជម្រើសជាតិ។ អតីតកីឡាករជម្រើសជាតិរូបនេះ បន្តថា ទោះបីកីឡាករក្នុងស្រុកខ្លះបានលេង តែបានលេងក្នុងរយៈពេលតិចតួចប៉ុណ្ណោះ ព្រោះគ្រប់ក្រុមតែងតែចង់ឈ្នះ ដោយដាក់កីឡាករបរទេសចូលលេងក្នុងតំបន់សំខាន់ៗនោះ។
 
ទាក់ទងនឹងវត្តមានកីឡាករបរទេសនេះដែរ នាយកបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង រំលឹកពីអតីតកាលពីជំនាន់ជាង២០ឆ្នាំមុន ដែលពុំមានកីឡាករបរទេសចូលរួមក្នុងលីគកម្ពុជា ដែលធ្វើឱ្យកីឡាករខ្មែរមានឱកាសបង្ហាញសមត្ថភា និងបានលេងច្រើនក្នុងក្រុម។
 
«ជំនាន់ខ្ញុំដឹងតែលេងហើយ មានឱកាសលេងបង្ហាញសមត្ថភាព មានឱកាសទាត់បញ្ចូលទីព្រោះមានតែក្រុមកីឡាករខ្មែរៗគ្នាឯង ទើបកីឡាករខ្លះមានឱកាសបង្ហាញការលេងក្នុងក្រុមជម្រើសជាតិបានល្អ»។ អតីតខ្សែបម្រើជម្រើសជាតិកម្ពុជា រិទ្ធ ឌីកា បញ្ជាក់ដូច្នេះ មុនបន្ថែមថា ដ្បិតកីឡាករបរទេសជួយច្រើនសម្រាប់ក្រុមក្នុងលីគតែ សម្រាប់ជម្រើសជាតិគឺនៅតែមានផលប៉ះពាល់ចំពោះតំបន់សំខាន់ៗ៕

Tag:
 (កីឡាបាល់ទាត់
 រិទ្ធ ឌីកា)
© រក្សាសិទ្ធិដោយ thmeythmey.com