សេដ្ឋកិច្ច
អន្តរជាតិ
ចិនហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុនមួយចំនួន ក្រោយផែនការបញ្ចេញ​ទឹកពីរោងចក្រ Fukushima
07, Jul 2023 , 2:10 pm        
រូបភាព
ជនជាតិជប៉ុនកំពុងរៀបចំត្រីដើម្បីនាំចេញ ។ រូបភាពពី AFP ។
ជនជាតិជប៉ុនកំពុងរៀបចំត្រីដើម្បីនាំចេញ ។ រូបភាពពី AFP ។
នៅថ្ងៃទី៧ ខែកក្កដា គយចិនបាននិយាយថា ខ្លួននឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីជប៉ុនប្រហែល១ភាគ៥ ដោយបារម្ភពីសុវត្ថិភាពអាហារទាំងនេះ ក្រោយពេលដែលជប៉ុនមានគម្រោងបញ្ចេញទឹកដែលមានសារធាតុវិទ្យុសកម្មចូលទៅក្នុងសមុទ្រនៅក្នុងខែកក្កដានេះ។

ចិនដែលជាអ្នកទិញដ៏ធំបំផុតអាហារសមុទ្ររបស់ជប៉ុនបាននិយាយថានឹងពិនិត្យមើលយ៉ាងតឹងរ៉ឹងនូវឯកសារសម្រាប់អាហារសមុទ្រ ជាពិសេសផលិតផលទឹកពីផ្នែកផ្សេងទៀតនៃប្រទេសជប៉ុន។ 
 
លើសពីនេះ ខ្លួននឹងពង្រឹងការតាមដានសារធាតុវិទ្យុសកម្ម ដើម្បីធានាសុវត្ថិភាពចំណីអាហារដែលនាំចូលពីប្រទេសជប៉ុន ក្នុងនោះមានការហាមឃាត់អាហារពីខេត្តចំនួន១០។
 
វិធានការនេះ គឺធ្វើឡើងដើម្បីការពារការនាំចេញអាហារជប៉ុនដែលមានជាតិវិទ្យុសកម្មទៅកាន់ចិន និងការពារសុវត្ថិភាពចំណីអាហារនៃការនាំចូលរបស់អ្នកប្រើប្រាស់ចិន។
 
អស់ជាច្រើនសប្តាហ៍មកហើយ ចិនបានតវ៉ាប្រឆាំងយ៉ាងខ្លាំងចំពោះចំណាត់ការរបស់ជប៉ុនក្នុងការបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។
 
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិនៅសប្តាហ៍នេះ បានផ្តល់ភ្លើងខៀវដល់ជប៉ុនដើម្បីចាប់ផ្តើមបញ្ចេញទឹកជាងមួយលានតោន ដែលប្រើសម្រាប់ធ្វើឱ្យត្រជាក់រេអាក់ទ័រនុយក្លេអ៊ែរនៅក្នុងរោងចក្រ Fukushima បន្ទាប់ពីវាត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិឆ្នាំ ២០១១។
 
 
ចិនបន្តអះអាងថា របាយការណ៍ដែលបានវាយតម្លៃកន្លងមក មិនបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវទស្សនៈរបស់អ្នកជំនាញទាំងអស់ដែលពាក់ព័ន្ធនោះទេ ហើយការសន្និដ្ឋានមិនត្រូវបានគាំទ្រជាឯកច្ឆ័ន្ទដោយអ្នកជំនាញនោះទេ។
 
ជារួមចិនបាននាំចូលអាហារសមុទ្រពីជប៉ុនចំនួន ២២,៥ភាគរយដែលមានតម្លៃ ៨៧ពាន់លានយ៉េន (៦០៤លានដុល្លារ) បន្ទាប់មកមានហុងកុងចំនួន ១៩,៥ភាគរយ និងអាម៉េរិកមាន ១៣,៩ភាគរយ។ នេះបើតាមសារព័ត៌មានរ៉យទ័រ​៕
 

Tag:
 ជប៉ុន
  អាហារសមុទ្រ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com