កីឡាជាតិ
ជាតិ
លោក ប្រាក់ វុទ្ធី៖ គ្រាប់បាល់ច្រើនមិនមែនជាគោលដៅ ប៉ុន្តែ៣ពិន្ទុបន្ថែមទើបជាតម្រូវការក្រុមU19កម្ពុជា
07, Jul 2023 , 2:30 pm        
រូបភាព
ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា នារីអាយុក្រោម ១៩ឆ្នាំ កំពុងហ្វឹកហាត់ត្រៀមប្រកួត រូបពី FFC
ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា នារីអាយុក្រោម ១៩ឆ្នាំ កំពុងហ្វឹកហាត់ត្រៀមប្រកួត រូបពី FFC
លោក ប្រាក់ វទ្ធី គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំកម្ពុជា មិនផ្ដោតទៅលើការរកគ្រាប់បាល់តិចឬច្រើនទេ ប៉ុន្ដែតម្រូវការចាំបាញ់គឺជ័យជម្នះលើក្រុមទីម័រខាងកើតក្នុងជំនួបទី២ពូល A ក្នុងព្រឹត្តិការណ៍ AFF U19 Women’s Championship 2023 នាថ្ងៃទី៧ ខែកក្កដា។

លោក ប្រាក់ វុទ្ធី បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ជំនួបជាមួយទីម័រខាងកើត គឺមានសារសំខាន់ណាស់ ប៉ុន្ដែ គ្រូបង្វឹករូបនេះ ដូចជាមិនដាក់សម្ពាធ ឬក៏ដាក់គោលដៅរកគ្រាប់បាល់ឲ្យបានច្រើនឡើយ។ អ្វី ដែលសំខាន់សម្រាប់ការប្រកួតនេះ លោក ប្រាក់ វុទ្ធី បញ្ជាក់ថា គឺការយកជ័យជម្នះ ដោយសុវត្ថិភាព និងមិនមានកីឡាការិនីរូបណាមានរបួស។
 
«យើង កំណត់ថាយើង នឹងយក៣ពិន្ទុ ដោយមិនដាក់គោលដៅថា នឹងយកគ្រាប់បាល់ប៉ុន្មាននោះទេ សំខាន់ គឺ៣ពិន្ទុ ឈ្នះ ពីក្រុមទីម័រខាងកើត។ ការឈ្នះ គឺដោយសុវត្ថិភាព។ យើង នឹងព្យាយាមការពារ មិនឲ្យមានគ្រាប់បាល់ទីម័រកើតឡើងមកខាងយើង។ គោលដៅសំខាន់ ៣ពិន្ទុ ហើយមិនកំណត់គ្រាប់បាល់ឡើយ។»។ គ្រូបង្វឹករូបនេះ បាននិយាយប្រាប់ដូ​ច្នេះ។
 
ក្រុមជម្រើសជាតិកម្ពុជា នារីអាយុក្រោម ១៩ឆ្នាំ ត្រូវជួបជាមួយ ទីម័រខាងកើត នៅម៉ោង ៣:៣០ រសៀល ចំណែក ក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ត្រូវស្វាគមន៍ ឡាវ នៅម៉ោង ៧:៣០ យប់ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Gelora Sriwijaya។ 
 
គ្រូបង្វឹករូបនេះ ក៏សង្ឃឹមថា កីឡាការិនីកម្ពុជា នឹងមិនមានរបួសទៀតទេ សម្រាប់ជំនួបនេះ ព្រោះអំឡុងការប្រកួតជាមួយក្រុមឡាវ កីឡាការិនី ឈិត សាភឿន បានរងរបួសបាក់ឆ្អឹងដងកាំបិទឆ្វេង។
 
ក្នុងពូល A ឥណ្ឌូណេស៊ី មាន ៣ពិន្ទុ ឈរលេខ១ បណ្ដោះអាសន្ន ដោយលេខ២ ក្រុមកម្ពុជា មាន៣ពិន្ទុស្មើគ្នា ចំណែកឡាវ លេខ៣ និងទីម័រ ឈរលេខ៤។ រីឯពូល B ក្រុមវៀតណាម ឈរលេខ ១ មាន៣ពិន្ទុ បន្ទាប់ពីយកឈ្នះ លើសិង្ហបុរី ក្នុងលទ្ធផល ៥-០ និងតាមពីក្រោយ ដោយក្រុមម៉ាឡេស៊ី លេខ២ និងលេខ ៣ក្រុមសិង្ហបុរី។ ចំណែក ពូល C ក្រុមនារីថៃ ឈរលេខ ១ បន្ទាប់ពីឈ្នះ ហ្វីលីពីន ៦-០ និងលេខ ២ក្រុម មីយ៉ាន់ម៉ា ហើយលេខ៣ ក្រុមនារីហ្វីលីពីន៕
 

Tag:
 បាល់ទាត់
  AFF U19 Women’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com