កីឡាជាតិ
ជាតិ
លោក ពក អៀង បើកក្លិបគុនល្បុក្កតោដើម្បីបន្តកេរដំណែលដូនតា
08, Jul 2023 , 8:39 am        
រូបភាព
សកម្មភាពហាត់សមគុនល្បុក្កតោ នៅក្នុងខេត្តសៀមរាប
សកម្មភាពហាត់សមគុនល្បុក្កតោ នៅក្នុងខេត្តសៀមរាប
ដោយ:
សៀមរាប៖​ ប្រធានក្លិបគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ លោក ពក អៀង បើកក្លិបគុនល្បុក្កតោនៅខេត្តសៀមរាប ក្នុងគោលបំណងថែរក្សាកេរដំណែលដូនតា និងចង់ឱ្យយុវជនជំនាន់ក្រោយស្គាល់ពីតម្លៃនៃកីឡាគុនល្បុក្កតោ។ លើសពីនេះលោកអៀង  មានចេតនាចូលរួមផ្សព្វផ្សាយគុនដូនតានេះកាន់តែសុសសាយ។

សាលាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ បានចាប់កំណើតនៅឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នក្លិបកីឡាប្រពៃណីមួយនេះទទួលបានសិស្សមកហាត់ជារៀងរាល់ថ្ងៃមានចំនួន ២៩នាក់ ដែលស្ថិតក្រោមការបង្ហាត់បង្រៀនដោយគ្រូល្បុក្កតោមានរហស្សនាមថា«3 Brother Bokator»។
 
យុវជនថ្នាលហ្វឹកហាត់គុនល្បុក្កតោ នៅសាលាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់

លោក ពក អៀង ជាប្រធានក្លិបកីឡាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ និងជាគ្រូបង្វឹកផ្ទាល់លើកឡើងថា ការបង្ហាត់បង្រៀនជូនយុវជនជំនាន់ក្រោយគឺជាគោលបំណងធំរបស់លោក ព្រោះលោកចង់ឱ្យកីឡាគុនល្បុក្កតោមានអ្នកស្នងបន្ត។ 
 
លោក ពក អៀង(ឆ្វេង) និងអ្នកសារព័ត៌មានថ្មីៗ(ស្តាំ)

«ការហាត់គុនល្បុក្កតោជួយថែរក្សាវប្បធម៌ និងរក្សាសិល្បៈក្បាច់គុនរបស់ដូនតាយើងដែលលោកបានបន្សល់ទុក»។ លោក ពក អៀង និយាយដូច្នេះក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។ គ្រូបង្វឹកគុនល្បុក្កតោដំណែងក្រមាខ្មៅបន្តថា ការបើកបង្ហាត់នេះទៀតសោតក៏ចង់បណ្តុះបណ្តាលយុវជនជំនាន់ក្រោយឱ្យងាកមកចាប់អារម្មណ៍នឹងកីឡាប្រពៃណីជាតិរបស់ខ្លួនផងដែរ។
 
លោក ពក អៀង និយាយថា៖«ខ្ញុំក៏សង្ឃឹមថាយុវជនយើងជំនាន់ក្រោយនឹងងាកមកលេងកីឡាឱ្យបានច្រើនមិនថាកីឡាអ្វីនោះទេ ឱ្យតែយើងពេញចិត្ត និងស្រឡាញ់ចាប់ផ្តើមចូលលេង វានឹងនាំឱ្យយើងមានសុខភាពល្អ ពិសេសគុនល្បុក្កតោហាត់ហើយអាចការពារខ្លួនបានទៀតផង»៕
 

Tag:
 កីឡាគុនល្បុក្កតោ
 ពក អៀង
© រក្សាសិទ្ធិដោយ thmeythmey.com