សេដ្ឋកិច្ច
អន្តរជាតិ
សេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងបញ្ហាធំៗ
07, Jul 2023 , 9:29 pm        
រូបភាព
បណ្តាអគារនៅទីក្រុងសៀងហៃ ( ចិន ) ។ រូបភាពពី Xinhua ។
បណ្តាអគារនៅទីក្រុងសៀងហៃ ( ចិន ) ។ រូបភាពពី Xinhua ។
ចលាចលក្នុងវិស័យធនាគារនៅអាម៉េរិក និងអឺរ៉ុប បានបង្ហាញនូវជម្រើសរវាងការដំឡើងអត្រាការប្រាក់ និងការធានាស្ថិរភាពហិរញ្ញវត្ថុ ។ ការណ៍នេះបានធ្វើសុខភាពសេដ្ឋកិច្ចពិភពលោកហាក់បន្តជួបបញ្ហាជាបន្តបន្ទាប់ ប្រឹងងើបឡើងវិញទាំងត្រដាបត្រដួស។ 

ក្នុងរយៈពេល ៦ខែឆ្នាំនេះ សេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងបញ្ហាប្រឈមធំៗ ជាមួយកំណើនខ្សោយ ការកើនឡើងអតិផរណា និងភាពមិនប្រកដប្រជាច្រើនទៀត។ទោះបីជាយ៉ាងណានៅតែមានសង្ឃឹមខ្លះ ចំពោះការធ្លាក់ចុះនៃកំណើននៅឆ្នាំ ២០២៣ ប្រហែលជាមិនសូវធ្ងន់ធ្ងរជាងការរំពឹងទុកនោះទេ ។​
 
នៅខែមីនា ឆ្នាំ២០២៣ ការក្ស័យធនរបស់ធនាគារ Silicon Valley ដែលជាធនាគារធំជាងគេទី១៦ នៅអាម៉េរិក និង Signature Bank ក៏ដូចជាការទិញយក Credit Suisse ដែលជាធនាគារស្វីសបានបណ្តាលឱ្យមានការប្រែប្រួលទីផ្សារហិរញ្ញវត្ថុនៅពាសពេញពិភពលោក។ 
 
ធនាគារកណ្តាលអាម៉េរិក (Fed) ក៏បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវកម្មវិធីរឹតបន្តឹងអត្រាការប្រាក់ចាប់ពីខែមេសា ឆ្នាំ២០២២។ វិស័យធនាគារច្រើន ជាពិសេសនៅអាម៉េរិកបានស្ថិតក្រោមសម្ពាធដោយសារការក្ស័យធនរបស់ធនាគារ First Republic Bank ក្រោយការដំឡើងអត្រាការប្រាក់។
 
ចំណែកទីផ្សារការងារនៅអឺរ៉ុប ជប៉ុន និងអាម៉េរិកខាងជើងវិញ នៅតែមានស្ថានភាពតឹងតែង ជាមួយកង្វះកម្លាំងពលកម្មបានកើនឡើង។ ការបរាជ័យ នៃការផ្គត់ផ្គង់កម្លាំងពលកម្ម ដើម្បីបំពេញតម្រូវការក្រោយជំងឺរាតត្បាតដែលកំពុងដាក់សម្ពាធលើប្រាក់ឈ្នួលបានបន្ថែមបញ្ហាប្រឈមគោលនយោបាយសម្រាប់ធនាគារកណ្តាល។
 
នៅអាម៉េរិកអត្រាគ្មានការងារធ្វើបានធ្លាក់ចុះមកត្រឹម៣,៤ភាគរយក្នុងខែមេសា ឆ្នាំ២០២៣ ។ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ Fed កំពុងចាប់ផ្តើមប៉ះពាល់ដល់ការងារនៅក្នុងវិស័យមួយចំនួនដូចជា សំណង់ ការផលិត និងការលក់រាយ ដែលពឹងផ្អែកលើឥណទានធនាគារដល់ប្រតិបត្តិការហិរញ្ញវត្ថុ។
 
ទន្ទឹមនេះ នៅទ្វីបអឺរ៉ុប អត្រាអ្នកអត់ការងារធ្វើក៏បានធ្លាក់ចុះក្នុងអត្រាទាបបំផុតជាមធ្យម ៦,៥ភាគរយនៅក្នុងខែមីនា ឆ្នាំ២០២៣។ ទោះបីជាសេដ្ឋកិច្ចអឺរ៉ុបធ្លាក់ចុះបន្តិចក្នុងឆ្នាំនេះក៏ដោយ ប៉ុន្តែលក្ខខណ្ឌទីផ្សារការងារត្រូវបានគេរំពឹងថានឹងនៅតែរឹងមាំ ដោយសារអាជីវកម្មអាចរក្សាកម្មករបាន ចំពេលមានកង្វះកម្លាំងពលកម្មខ្លាំង។
 
បើសង្កេតពីតម្លៃអាហារពិភពលោកវិញ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ មានការធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ ដោយសារតែកត្តាមួយចំនួនដូចជាការបន្តការនាំចេញពីកំពង់ផែអ៊ុយក្រែនក្រោមគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ សន្ទស្សន៍តម្លៃស្បៀងអាហាររបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិក្នុងខែមេសា ឆ្នាំ២០២៣ បានថយចុះ ១៩,៧ភាគរយ។
 
ប៉ុន្តែភាពល្អប្រសើរមួយចំនួនខាងលើ បានជួបសម្ពាធសារជាថ្មីក្រោយអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងដៃគូរបស់ខ្លួន ក្រុម OPEC+ បានកាត់បន្ថយការផលិតដោយមិននឹកស្មានដល់ក្នុងខែមេសា ឆ្នាំ២០២៣ ហើយសហភាពអឺរ៉ុប (EU) បានហាមប្រាមប្រេងឆៅរុស្ស៊ីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ ធ្វើឱ្យតម្លៃប្រេងនៅតែបន្តកើនឡើង។ 
 
បន្ថែមពីនេះ អតិផរណាតម្លៃម្ហូបអាហារក្នុងស្រុកជាទូទៅនៅតែមានកម្រិតខ្ពស់ដោយសារកត្តាមួយចំនួនដូចជា តម្លៃនាំចូលខ្ពស់ ការរំខានការផ្គត់ផ្គង់ក្នុងស្រុក និងភាពទន់ខ្សោយទីផ្សារ។ យោងតាមធនាគារពិភពលោក អតិផរណាតម្លៃស្បៀងនៅដើមឆ្នាំ ២០២៣ នៅតែលើសពីអត្រា ៥ភាគរយ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ប្រមាណ ៩០ភាគរយ។
 
ជារួមទស្សនវិស័យសេដ្ឋកិច្ចនៅតែមានភាពទន់ខ្សោយ ទោះបីជាមានការធ្លាក់ចុះនៃកំណើន ពិភពលោកនៅឆ្នាំ២០២៣ អាចនឹងមិនសូវធ្ងន់ធ្ងរជាងការរំពឹងទុក ដែលជំរុញភាគច្រើនដោយការកែលម្អការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងអាម៉េរិក និងសហភាពអឺរ៉ុប ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ចិន និងឥណ្ឌា។ 
 
កំណើនសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានគេព្យាករថានឹងធ្លាក់ចុះពី ៣,១ភាគរយក្នុងឆ្នាំ២០២២ ដល់ ២,៣ភាគរយនៅឆ្នាំនេះ ធៀបនឹងការព្យាករត្រឹម ១,៩ភាគរយ1ដែលបានធ្វើឡើងនៅក្នុងខែមករា៕
 

Tag:
 សេដ្ឋកិច្ច
  ធនាគារ
  ចិន
  អាម៉េរិក
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com