ជាតិ
សង្គមជាតិ
អបអរសាទរ! កូនផ្សោតទី៥បានកើត នៅអន្លង់ផ្សោតកាំពី
08, Jul 2023 , 10:29 am        
រូបភាព
កូនផ្សោតថ្មីមួយទៀតដែលទើបកើតបានប្រមាណ១០ថ្ងៃ ត្រូវបានក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផល និងអង្គការ World Wildlife Fund (WWF) ប្រទះឃើញនៅចំណុចអន្ទង់វៀន នៃ​អន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះ​ ជាកូនផ្សោតទី៥ហើយ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣​។

បើតាមតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ បន្ទាប់ពីក្រុមការងារទទួលបានព័ត៌មានពីក្រុមសហគមន៍អ្នកចម្លងទូកទេសចរណ៍ និងក្រុមឆ្នាំទន្លេប្រចាំអន្លង់កាំពី ក៏ចុះថតបានកូនផ្សោតនេះនាម៉ោង១១៖៣០នាទីព្រឹកនាថ្ងៃទី​៧កក្កដា ដែលកំពុងហែលទឹកជាមួយផ្សោតពេញវ័យចំនួន៩ក្បាលទៀត ​ស្ថិតចំណុចអន្ទង់វៀន នៃ​អន្លង់កាំពី។ 
 
ការប្រទះឃើញកូនផ្សោតថ្មីនោះ ត្រូវបានក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ​ និងស្ទឹងត្រែង រដ្ឋបាលជលផល​នៃក្រសួងកសិកម្ម​ រួមនឹងអង្គការ WWF កត់ត្រាថា ជាកូនផ្សោតថ្មីទី៥​  រស់នៅអន្លង់កាំពី ។
 
សូមជម្រាបថា កាលឆ្នាំ២០២២ក្រុមការងារជំនាញបានកត់ត្រាថាមានកូនផ្សោតបានចំនួន៦ក្បាលកើត​ និង​នៅឆ្នាំ២០២១​ ក៏មានកូនផ្សោតចំនួន៦ក្បាល បានកើតដែរ​៕
 

Tag:
 ផ្សោត
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com