អន្តរជាតិ
អាម៉េរិក ប្រកាសផ្ដល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន
08, Jul 2023 , 1:59 pm        
រូបភាព
អាម៉េរិក បានប្រកាសនៅថ្ងៃសុក្រទី 7 ខែកក្កដាថា ខ្លួននឹងផ្ដល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែនទោះអាវុធប្រភេទនេះត្រូវបានហាមឃាត់យ៉ាងទូលំទូលាយក្ដី។ បើតាមអាម៉េរិក គ្រាប់បែកនេះ នឹងជួយអ៊ុយក្រែនសម្រាប់ការវាយបកប្រឆាំងនឹងការកាន់កាប់របស់កងកម្លាំងរុស្ស៊ី ស្របពេលដែលណាតូពង្រឹងជំហរគាំទ្រអ៊ុយក្រែនកាន់តែខ្លាំង ពិសេសសមាជិករបស់ប្រទេសនេះ។

ការផ្ដល់គ្រាប់បែកចង្កោមហាមឃាត់ ជាផ្នែកមួយនៃកញ្ចប់ជំនួយ៨០០លានដុល្លារដែលទីក្រុងវ៉ាស៊ីនតោនទើបបានប្រកាសសម្រាប់អ៊ុយក្រែន។ បូកទាំងកញ្ចប់៨០០លានដុល្លារនេះ ជំនួយយោធាអាម៉េរិកសម្រាប់អ៊ុយក្រែនកើនដល់ជាង៤០ពាន់លានដុល្លារចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅខែកុម្ភៈ ឆ្នាំ២០២២។ បើតាមមន្ត្រីមន្ទីរបញ្ចកោណ គ្រាប់បែកចង្កោម នឹងត្រូវចែកចាយទៅតាមតម្រូវការពាក់ព័ន្ធនឹងការវាយលុករបស់អ៊ុយក្រែន។
 
យ៉ាងណាមិញ ក្រុមសិទ្ធិមនុស្ស និងអគ្គលេខាធិការអង្គការសហប្រជាជាតិបានចោទសួរការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនលើការផ្ដល់គ្រាប់បែកប្រភេទនេះ។ គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយប្រទេសជាង១០។ គ្រាប់បែកប្រភេទនេះ បញ្ចេញគ្រាប់បែកតូចៗជាច្រើន ដែលអាចសម្លាប់ជីវិតដោយមិនរើសមុខឡើយលើផ្ទៃក្រឡាធំធេង ហើយគ្រាប់ដែលមិនផ្ទុះបង្កគ្រោះថ្នាក់ជាច្រើនទសវត្សរ៍ថែមទៀត។
 
ជុំវិញរឿងនេះ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បាននិយាយថា អ៊ុយក្រែនបានផ្តល់ការធានាជាលាយលក្ខណ៍អក្សរថានឹងប្រើប្រាស់វាយ៉ាងប្រុងប្រយ័ត្នដើម្បីកាត់បន្ថយហានិភ័យដល់ជនស៊ីវិល។
 
ឯប្រធានាធិបតី ចូ បៃឌិន វិញ ក៏បានពណ៌នាការសម្រេចចិត្តលើគ្រាប់បែកចង្កោមនេះ ជារឿងពិបាក ប៉ុន្តែក៏អះអាងថា អ៊ុយក្រែនត្រូវការអាវុធនេះ។ លោកនិយាយនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN ថា វាមិនមែនជាការសម្រេចចិត្តងាយស្រួលនោះទេ។
 
នៅមូស្គូ ទីភ្នាក់ងារសារព័ត៌មាន RIA បានស្រង់សម្ដីលោក Grigory Karasin ប្រធានគណៈកម្មាធិការអន្តរជាតិនៅក្នុងសភាជាន់ខ្ពស់របស់រុស្ស៊ី ដែលបានលើកឡើងពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរអំពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន និងថ្នាក់ដឹកនាំអង្គការណាតូ។ លោក Karasin ព្រមានថា រុស្ស៊ីនឹងឆ្លយតបវិញមិនខាន។
 
ការផ្ដល់គ្រាប់បែចង្កោមនេះ នឹងជួយអ៊ុយក្រែនក្នុងការវាយបកដណ្ដើមទឹកដីដែលរុស្ស៊ីកាន់កាប់មកវិញ។ ទោះអាចដណ្តើមយកភូមិមួយចំនួននៅភាគខាងត្បូងអ៊ុយក្រែនវិញចាប់តាំងពីការវាយបកបានចាប់ផ្តើមនៅដើមខែមិថុនា ទីក្រុងកៀវអះអាងថា ខ្លួននៅខ្វះអាវុធ និងការគាំទ្រផ្លូវអាកាស៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com