ជាតិ
បទសម្ភាសន៍
លោក គង់ សុវណ្ណារិទ្ធ ប្រាប់វិធីព្យាបាលដើមស្ពង់នៅតាព្រហ្ម និងហាមទេសចរដើរជាន់ឫសវា
08, Jul 2023 , 4:29 pm        
រូបភាព
ក្រុមកម្មករកំពុងបិទដីដំបូកលើឫសដើមស្ពង់នៅប្រាសាទតាព្រហ្ម
ក្រុមកម្មករកំពុងបិទដីដំបូកលើឫសដើមស្ពង់នៅប្រាសាទតាព្រហ្ម
សៀមរាប៖ អ្នក​ជំនាញ​ព្រៃឈើនៃអាជ្ញាធរជាតិអប្សរា កំពុងព្យាបាល និងថែទាំ​ដើមស្ពង់​ដែល​មានឫសដុះលើប្រាសាទនៅខាងកើតប្រាសាទតាព្រហ្ម។​ ការព្យាបាល​ដើម​ដែល​ទេស​ចរ​ចូលចិត្ត​ផ្តិតរូបនេះ គឺអ្នក​ជំនាញ​សម្រេច​កាត់​មែក ដែលមានសភាពចាស់ និង​​​ពុក​សាច់​​ចេញ បន្ទាប់មកព្យាបាលដោយបច្ចេកទេសត្រឹមត្រូវ។ ចំណែក​ឫសក៏មាន​ការចោះ និង​​ចាំង​យក​​ស្អុយចេញដែរ។ ការណ៍ធ្វើដូច្នេះដូចជាការ​វះកាត់ ទប់ស្កាត់​កុំឱ្យវាកាន់តែមាន​ជំងឺ​​ធ្ងន់ធ្ងរ និងឆាប់ងាប់​។

 ចង់ដឹងថា តើគេប្រើវិធីសាស្រ្តព្យាបាលជំងឺដើមស្ពង់ ឬប្រភេទដើមឈើធំៗ​នៅតំបន់​អង្គរ​យ៉ាង​ដូចម្ដេចខ្លះ សូមអានបទសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសនៃ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃ​អាជ្ញាធរជាតិអប្សរា ដូចតទៅ៖ 
 
អ្នកស្រី អ៊ីសា រ៉ហានី៖ ថ្ងៃនេះខ្ញុំបានមកដល់ប្រាសាទតាព្រហ្ម ហើយនៅជ្រុងខាងកើតនេះឃើញថា​ក្រុមការងារព្រៃឈើរបស់លោកកំពុងមមាញឹកក្នុងការចងរន្ទាដើម្បីឡើងកាត់ក្រីដើមស្ពង់ចំណាស់មួយ តើលោកអាចប្រាប់ពីបំណងលម្អិតបានដែរឬទេចំពោះការងារនៅទីនេះ?
 
លោក គង់ សុវណ្ណារិទ្ធ៖ បាទ គឺនៅកន្លែងដើមស្ពង់ជ្រុងខាងកើតនេះ គឺវាមានបញ្ហា វាមានជំងឺឫស ដែលពុកផុយឫស ហើយដើមស្ពង់មានមែកពុកមួយចំនួន ដែលយើងត្រូវការកាត់ ដក​ហូតវា ​ដើម្បីបញ្ចៀសកុំឱ្យមានបាក់ ធ្លាក់ជាយថាហេតុប៉ះពាល់ដល់ភ្ញៀវទេសចរ។ មួយវិញ​ទៀត គឺយើងកាត់ក្រីនេះ ដើម្បី​សម្រាលតួដើមវាឱ្យមានភាពលំនឹង ទប់ទ្រឱ្យដើមឈើមាន​ភាព​ឈរ​ដោយភាពរឹងមាំតទៅទៀត។
 
អ្នកស្រី អ៊ីសា រ៉ហានី៖ ខ្ញុំឃើញក្រុមការងារបស់លោក កំពុងគាស់ផ្នែកគល់ ឬឫសវា តើនេះជា​បច្ចេកទេស​អ្វីសម្រាប់ ការថែទាំដើមឈើចាស់ៗ?
 
លោក គង់ សុវណ្ណារិទ្ធ៖ បាទត្រូវហើយ នេះជាសកម្មភាពដែលក្រុមខ្ញុំបាទកំពុងព្យាបាល​ប្រព័ន្ធ​ឫសដើមស្ពង់នៅ ខាងកើតប្រាសាទតាព្រហ្មនេះ។ ព្រោះអីឫសរបស់វាពុកផុយ ពុកទៅវាស៊ីធ្វើឱ្យមានចង្អូរអាចដក់ទឹក ពេលមានភ្លៀងធ្វើឱ្យប្រព័ន្ធឫសវាជ្រាបទឹក បៀមទឹក ធ្វើឱ្យវាស្អុយ និងរលួយតទៅទៀត។ ហេតុនេះ ក្រុមខ្ញុំគឺធ្វើការព្យាបាលវាដោយដាប់ ចាំងប្រភេទសាច់ដែលស្អុយ ពុកចេញ ហើយលាបជ័រទឹក​ដើម្បីការពារជម្រាបទឹកភ្លៀងកុំឱ្យដក់ទឹកទៀត និងមានវិធីសាស្រ្តមួយទៀត កន្លែងណាក្រឡុក (ជង្ហុក) ខ្លាំង យើងនឹងបូកដីដំបូកដែលមានលាយល្បាយជ័រទឹក ហើយនិងមានកំបោរស លាយចូលគ្នាដើម្បីបូកឱ្យ​ស្មើនឹងឫសវា កុំឱ្យដក់ទឹកទៀត។ យើងធ្វើដូច្នេះ ទីមួយប្រភេទជ័រទឹកការពារជម្រាបទឹកកុំវាជ្រាបចូលក្នុង សាច់ឫសបន្តទៀត ទី២ ដីដំបូកដែលយើងបូកកុំឱ្យមានសត្វល្អិត មានដីហូរច្រោះចូលទៅក្នុងប្រព័ន្ធឫសវា កុំឱ្យវាខូចតទៅទៀត និងទី៣ យើងនឹងតាមដានពិនិត្យវាជាប្រចាំ ដើម្បីដឹងថាការព្យាបាលរបស់យើង មានប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាព។
 
អ្នកស្រី អ៊ីសា រ៉ហានី៖ តើវិធីសាស្រ្ដនេះយើងអនុវត្តន៍យូរមកហើយឫយ៉ាងណា ហើយវាមានប្រសិទ្ធភាព​កម្រិតណាដែរ?
 
លោក គង់ សុវណ្ណារិទ្ធ៖ វិធីសាស្រ្តនេះយើងអនុវត្តន៍ចូលមកជាង១០ឆ្នាំហើយ។ ហើយដូចជាពពួក​ដើមឈើទាល នៅជុំវិញ​​ប្រាសាទ​បាយ័ន្ត​យើងបានព្យាបាលរយៈពេលប្រហែល១២ឆ្នាំ គឺរណ្ដៅជ័រ​ដែលប្រជាពលរដ្ឋរស់នៅក្នុងក្រុងអង្គរធំពីមុនដែលធ្វើអាជីវកម្មច្បោះរណ្ដៅជ័រក្នុងព្រៃ ហើយធ្វើឆេះទៅ មានសភាពកើតជាជំងឺ ដល់ពេលយើងបិទកុំឱ្យគាត់យកជ័រនិងព្យាបាលរយៈពេល១២ឆ្នាំនេះ គឺសាច់មុខដែលវាមានរបួសហ្នឹង វាដុះស្បែកដុះសំបកមិនភ្ជិតដូចដើមវិញ តែលក្ខណៈថាឱ្យវាដុះ សាច់មូលវិញអត់ទេ គ្រាន់តែថាសំបកដុះមកជិតរបួសវិញ។
 
អ្នកស្រី អ៊ីសា រ៉ហានី៖ តើបច្ចេកទេសនេះយើងយកមកពីខាងណាដែរ ឬយើងសិក្សាដោយខ្លួនឯង?
 
លោក គង់ សុវណ្ណារិទ្ធ ពន្យល់ពីវិធីសាស្រ្ដព្យាបាលដើមស្ពង់ចំណាស់នៅប្រាសាទតាព្រហ្ម។

លោក គង់ សុវណ្ណារិទ្ធ៖ បច្ចេកទេសនេះគឺយើងបានមកខាងឥណ្ឌា ដែលនៅជួសជុល​ប្រា​សាទ​តាព្រហ្ម គាត់អនុវត្តន៍ដោយយកជ័រទឹកទៅលាប លាបទៅយើងឃើញថា​វាមាន​​ប្រសិទ្ធភាព។ ហើយចំពោះដីដំបូក ដែលបិទនេះ យើងរកវិធីច្នៃប្រឌិតដោយខ្លួន​ឯង​បន្ថែម​ទៀត គឺលើវិធីសាស្រ្ដដែលយកជ័រទឹកលាបពីលើ ឬក៏ក្រមួនឃ្មុំមកលាប។ ករណីយើង​យក​ក្រមួនឃ្មុំមកលាប គឺចំណាយច្រើន ដល់អ៊ីចឹងយើងប្រើ​ជ័រទឹកវិញ វាល្អជាង។ ព្រោះក្រមួន​ឃ្មុំ​យើងប្រើទៅ វាមិនជ្រាបទឹកមែន ប៉ុន្តែដល់យូរៗទៅវាត្រូវថ្ងៃទៅ វារលាយ​ហូរ​មក​ដូចគ្នា។ យើងប្រើជ័រទឹក ហើយវិធីសាស្រ្ដដីដំបូកយើងបិទភ្ជាប់ទៅ ខ្ញុំសង្កេតឃើញ​ថា រយៈពេលតាំងពី២០១៧ រហូតមកដល់២០២៣នេះ ចំពោះដើមយាង​ឬឈើទាលនៅ​ខាងក្រោយបាយ័ន្ត ដើមហ្នឹងគឺខ្ញុំកាត់ក្រីកាល២០១៧ ហើយខ្ញុំធ្វើវិធីសាស្រ្តដោយយកដី​ដំបូក​ លាយជាមួយជ័រទឹកយកទៅបិទ នៅចន្លោះសាច់ដែលវាស្អុយនៅតួដើមវាហ្នឹង ខ្ញុំបិទ​រយៈ​ពេលចូល៥-៦ឆ្នាំនេះ សភាពដីនៅដដែល វាអត់មានខូចខាតទៅណាទេ ហើយសាច់​សំបក​ឈើទាលនោះវាដុះភ្ជិតមកវិញ។ ដូច្នេះខ្ញុំក៏យក​វិធីសាស្រ្ត​នេះ មកអនុវត្តន៍​ចំពោះ​ដើម​ស្ពង់នេះដែរ ព្រោះអីវាមានឫសវាក្រឡុកខ្លាំងអ៊ីចឹងទៅ យើងត្រូវការបូកដី ដើម្បី​បំពេញ​​។ ខ្ញុំនឹងពិនិត្យវា ថាតើវាអាចរស់នៅបានប៉ុន្មានឆ្នាំទៀត ចំពោះវិធីសាស្រ្ត​បូកដីហ្នឹង។ 
 
អ្នកស្រី អ៊ីសា រ៉ហានី៖ ចំពោះដើមស្ពង់នេះ បើយើងមើលតាមស្ថានភាពជាក់ស្ដែងពីខាងក្រៅ តើវាមានភាព​ទ្រុឌទ្រោមកម្រិតណា ដែលយើងត្រូវការការថែទាំ និងព្យាបាល?
 
លោក គង់ សុវណ្ណារិទ្ធ៖ មើលចំពោះប្រព័ន្ធឫសវាគឺទ្រុឌទ្រោមអស់៥០ភាគរយ។ ហើយចំពោះតួដើមវា ទ្រុឌទ្រោមអស់ប្រហែល៤០ទៅ៥០ភាគរយទេ។ ព្រោះអីខ្ញុំឡើងទៅលើ សភាពដើមវាគឺសាច់ខាងក្នុងវា នៅពេញ វាអត់មានប្រហោងក្នុងខ្លាំងទេ។ បានន័យថា តួដើមវាហ្នឹងវានៅសល់៥០ភាគរយ ហើយប្រព័ន្ធឫសវាក៏សល់៥០ភាគរយដែរ។ បើយើងធ្វើការព្យាបាល ហើយកាត់ក្រីមែកសម្រាលដើម ធ្វើឱ្យរស់នៅបន្តទៅទៀត។ 
 


អ្នកស្រី អ៊ីសា រ៉ហានី៖ គេដឹងជាទូទៅថា នៅប្រាសាទតាព្រហ្ម គឺប្រាសាទនិងដើមឈើមា​​ន​ទំនាក់ទំនងជិតស្និទ្ធ ជាមួយគ្នា គឺវាមិនអាចខ្វះគ្នាបានទេ វាត្រូវការពឹងគ្នាទៅវិញទៅមក។ ក្នុងនាមលោកជា​មន្រ្តីបច្ចេកទេស​ផ្នែកព្រៃឈើ តើអាចដឹងទេថា នៅតាព្រហ្មនេះមាន​ដើមឈើធំៗប្រហែល​ប៉ុន្មានដើមដែរ ហើយប្រភេទ​ដើមឈើអ្វីខ្លះ?
 
លោក គង់ សុវណ្ណារិទ្ធ៖ ចំពោះទិន្នន័យដើមក្នុងប្រាសាទតាព្រហ្មនេះ ដើមឈើធំៗ បើតាម​ខ្ញុំ​ប្រហែល ខ្ញុំអត់ច្បាស់ទេ ប្រហែលជា២៥ដើម ដែលធ្វើការព្យាបាល និងថែទាំ មានដូចជា​ដើម​ស្ពង់ ដើមចំបក់ និងដើមឈើទាល។ ដើមស្ពង់នៅប្រាសាទតាព្រហ្ម គឺមានលក្ខណៈ​សំខាន់ជាងគេ វាដុះមកនៅលើ​ប្រាសាទតាមលក្ខណៈបែបធម្មជាតិ ហើយធ្វើឱ្យស្រស់​ស្អាត ទាក់ទាញទេសចរ។ ពិសេសដើមស្ពង់ នៅខាងកើតនេះមួយ ដើមស្ពង់នៅកណ្ដាល​ដែលគេ​ហៅរូបនាគ គឺមានភាពទាក់ទាញខ្លាំង។ 
 
អ្នកស្រី អ៊ីសា រ៉ហានី៖ ចុងក្រោយ តើលោក សុវណ្ណារិទ្ធ មានអ្វីជាសារដល់ទេសចរ​ដែល​គាត់តែងនិយមដើរកម្សាន្ត មកប្រាសាទតាព្រហ្ម ពិសេសមកផ្តិតរូបនៅកន្លែង​មានដើម​ឈើ​ធំៗ​?
 


លោក គង់ សុវណ្ណារិទ្ធ៖ ខ្ញុំសូមសំណូមពរដល់ភ្ញៀវទេសចរដែលមកដើរទស្សនា​នៅ​ប្រាសាទ​តាព្រហ្ម ឬក៏ប្រាសាទនានាទាំងអស់ សូមសំណូមពរតែម្យ៉ាងទេ គឺជួយថែរក្សា​ថ្ម​ប្រាសាទផង ហើយចំពោះ​ដើមឈើដែលមានភាពទាក់ទាញផង។ ទី១ ចំពោះដើមឈើ មិន​ត្រូវ​ជាន់ឫសវាទេ ករណីជៀសបាន ត្រូវជៀសចុះ។ ទី២ យើងហាមកេះ ឆ្កឹះ​ឱ្យវា​មាន​របួស​។ ករណីដូចមនុស្សយើងដែរ ករណីមាន​របួសតិចតួចទៅ បើយើងមិនបានព្យាបាលទេ យូរៗ​ទៅ​វាអាចរីកធំទៅធ្វើឱ្យវាងាប់បាន។ ធម្មតា​ប្រព័ន្ធឫសដូចមនុស្សយើងអ៊ីចឹង ឫស​ឈើ​ដូចជាជើង ករណីដែលយើងឈឺជើង ពុកជើងហើយ វាឈរអត់បានទៀតទេ វានឹង​ដួល​រលំ ហើយងាយពេលត្រូវខ្យល់មក វានឹងដួលតែម្ដង៕
 
 
 

Tag:
 គង់ សុវណ្ណារិទ្ធ
  ដើមស្ពង់
  តាព្រហ្ម
  ព្យាបាលដើមឈើ
© រក្សាសិទ្ធិដោយ thmeythmey.com