ជាតិ
សត្វ«ឈ្លូសយក្ស»ជិតផុតពូជបំផុតនៅលើពិភពលោក ត្រូវបានប្រទះឃើញនៅឧទ្យានជាតិវីរៈជ័យ
08, Jul 2023 , 5:29 pm        
រូបភាព
ឈ្លូសយក្ស ដែលជាសត្វជិតផុតពូជបំផុតនៅលើពិភពលោក ត្រូវបានរកឃើញនៅឧទ្យានជាតិវីរៈជ័យ។ រូបថត៖ ក្រសួងបរិស្ថាន
ឈ្លូសយក្ស ដែលជាសត្វជិតផុតពូជបំផុតនៅលើពិភពលោក ត្រូវបានរកឃើញនៅឧទ្យានជាតិវីរៈជ័យ។ រូបថត៖ ក្រសួងបរិស្ថាន
សត្វ«ឈ្លូសយក្ស» ជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក ត្រូវរកឃើញនៅឧទ្យានជាតិវីរៈជ័យ ដែលថតបានដោយកាមេរ៉ាស្វ័យប្រវត្តិ​​។  ការរកឃើញវត្តមានសត្វនេះ គឺជាដំណឹងដ៏រីករាយមួយសម្រាប់កម្ពុជា។​

អង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តរតនគិរី និងស្ទឹងត្រែង បានចុះសិក្សាស្រាវជ្រាវជីវៈចម្រុះក្នុងឧទ្យានជាតិវីរៈជ័យ ក៏រកឃើញវត្តមានសត្វឈ្លូសយក្ស​ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិជាខ្សែវីដេអូ នៅតំបន់ព្រៃជ្រៅដាច់ស្រយាលក្នុងឧទ្យានជាតិ នាពេលថ្មីៗនេះ។ 
 
បើតាមសំណេរ និងវីដេអូខ្លីរបស់លោក នេត្រ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ផ្តល់ឱ្យអ្នកសារព័ត៌មាននារសៀលថ្ងៃទី៨កក្កដា​នេះ សត្វឈ្លូសដែលមានវត្តមានឧទ្យានជាតិវីរៈជ័យនេះ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក។​ លោក បន្ថែមថា ​ ការរកឃើញនូវវត្តមានសត្វឈ្លូសនាពេលថ្មីៗនេះ បានបញ្ជាក់ពីសារៈសំខាន់នៃឧទ្យានជាតិវីរៈជ័យ សម្រាប់សត្វដែលជិតផុតពូជបំផុតប្រភេទនេះ។ 
 

កន្លងមក ការសិក្សាស្រាវជ្រាវរបស់អង្គការសត្វព្រៃនិងរុក្ខជាតិជាមួយក្រសួងបរិស្ថាន ក្នុងឆ្នាំ ២០២១ បានរកឃើញនូវវត្តមានឈ្លូសយក្សញីជាមួយកូននៅក្នុងឧទ្យានជាតិវីរៈជ័យ ដែលបានបង្ហាញថាប្រភេទសត្វនេះបានបន្តពូជនៅក្នុងតំបន់នេះ។ លោក ​នេត្រ ភក្ត្រា​ បានបញ្ជាក់យ៉ាងដូច្នេះ ៖​« ការរកឃើញបន្ថែមទៀតនូវវត្តមានប្រភេទសត្វនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថាប្រភេទសត្វដ៏កម្រនេះ កំពុងតែរស់នៅក្នុងតំបន់ឧទ្យានជាតិនេះ» ។ ទោះបីជាយ៉ាងនេះក្តី ប្រភេទសត្វឈ្លូសយក្សក៏កំពុងប្រឈមហានិភ័យនៃការផុតពូជផងដែរ ដោយសារពីកត្តាធម្មជាតិ ការគំរាមកំហែងពីការបរបាញ់ និងការដាក់អន្ទាក់។ 
 
« ដូចនេះ! ដើម្បីការពារសត្វឈ្លូសយក្សឲ្យបានគង់វង្ស យើងចាំបាច់ត្រូវការព័ត៌មានទិន្នន័យទាំងអស់នេះ ក្នុងការរៀបចំផែនការអភិរក្សជាក់ស្តែងជាបន្ទាន់ ដើម្បីការពារទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វដ៏កម្រមួយនេះ»។ នេះជាការអំពាវនាវ​របស់​អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា​៕ 
 

Tag:
 សត្វព្រៃ
  ឈ្លូសយក្ស
© រក្សាសិទ្ធិដោយ thmeythmey.com