ជាតិ
ទឹកធ្លាក់ «ឆាយកី» ក្នុងខេត្តកោះកុង មិនសូវមានទេសចរស្គាល់!
08, Jul 2023 , 8:59 pm        
រូបភាព
រូបភាពពី៖ ក្រសួងទេសចរណ៍
រូបភាពពី៖ ក្រសួងទេសចរណ៍
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖  ទឹកធ្លាក់ «ឆាយកី» លាក់ខ្លួនកណ្ដាលព្រៃនៅកោះកុង កំពុងទន្ទឹងចាំទេសចរ ទៅផ្ដិតយកទេសភាពដ៏ប្រណីតរបស់ខ្លួន។ ទឹកធ្លាក់នេះ ត្រូវបានទេសចរមើលរំលង ដែលជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​គួរ​ឱ្យទាក់ទាញ និង​មានធម្មជាតិ​ស្រស់បំព្រង អម​ព្រៃឈើ​តូចធំ លាយឡំ​ជាមួយនឹង​ផ្ទាំង​ថ្ម តូច​-​ធំ។ ទេសចរទៅកម្សាន្តនៅទឹកធ្លាក់ ឆាយកី អាច​ងូតទឹកយ៉ាង​ត្រជាក់ ក្រោម​ម្លប់ ដើមឈើ ​ និងកំពុង​រង់ចាំ​ស្វាគមន៍​ភ្ញៀវទេសចរ​មក​ទស្សនា​នៅទីនោះ​។


សម្រស់ទឹកធ្លាក់ឆាយកី ក្នុងខេត្តកោះកុង។ រូបភាពពី ក្រសួងទេសចរណ៍
ទឹកធ្លាក់ឆាយកី មាន​ទីតាំងស្ថិតនៅតំបន់​ភូមិពោធិ៍បឹង ឃុំដងពែង​ ស្រុក​ស្រែអំបិល ខេត្តកោះកុង។​ ​លោក សុីម ខ្មៅ ប្រធានសហគមន៍ឆាយកី លើកឡើងថា ទឹកធ្លាក់ឆាយកី បានលាក់ខ្លួនក្នុងជ្រលងភ្នំនៃ ជួរភ្នំក្រវាញខាងត្បូង មានទឹកត្រជាក់ដូចទឹកកក ជាមួយដើមឈើដ៏ខៀវស្រងាត់ ជាពិសេសអាចស្តាប់សំឡេងសត្វបក្សាបក្សីយំឮអឺងកងពេញព្រៃ។
ទេសចរដែលបានទៅកម្សាន្តនៅទឹកធ្លាក់ឆាយកី គឺច្បាស់ជាមិនចង់ត្រលប់មកផ្ទះវិញឡើយ។ ដ្បិតមានទេសភាពទាក់ទាញ ប៉ុន្តែមិនសូវមានទេសចរច្រើននោះទេ ដែលស្គាល់ទឹកធ្លាក់ឆាយកីនេះ។
  
លោក ស៊ីម ខ្មៅ ប្រធានសហគមន៍ឆាយកី។ រូបភាពពី៖ លោក ស៊ីម ខ្មៅ

ប្រធានសហគមន៍ឆាយកី ​ប្រាប់​សារព័ត៌មាន​ Thmey Thmey 25​ថា កាលពីមុន​ទឹកធ្លាក់​នេះ មានតែ​ភ្ញៀវទេសចរ​ក្នុង​តំបន់​ខេត្តកោះកុង​ប៉ុណ្ណោះ ដែល​មក​ទស្សនា​នៅ​ថ្ងៃបុណ្យ​ទាន​ធំៗ ព្រោះ​មិនសូវមាន​អ្នក​ស្គាល់​ទឹកធ្លាក់​មួយ​នេះ​។ រាល់ឆ្នាំទឹកធ្លាក់នេះ មិនទេសចរទៅកម្សាន្តនោះទេ ដោយសារតែនៅក្នុងព្រៃជ្រៅនៃខេត្តកោះកុង។
 
​ទឹកធ្លាក់ឆាយកីនេះ ទេសចរអាច​ទស្សនា​សម្រស់​ធម្មជាតិ និង​សម្រស់​ទឹកធ្លាក់​ជា​ដំណាក់ៗ​លើ​ថ្ម និង​ពិសា​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ដែល​ចម្អិន ដោយ​ប្រជាជន​នៅ​ទីនោះ​ទៀតផង។ ជាងនេះទៅទៀត​ទេសចរ​ក៏​អាច​បោះតង់ សម្រាក​កម្សាន្ត​នៅ​ទឹកធ្លាក់​ឆាយកី​ផងដែរ​។
 
លោក ស៊ីម ខ្មៅ បាន​ថ្លែង​ដូច្នេះ​ថា​៖ « នៅ​ទឹកធ្លាក់​ឆាយកីនេះ មិនទាន់មាន​ទេសចរ​ស្គាល់​នោះទេ  ប៉ុន្តែយើង​នឹង​ព្យាយាម​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​មួយ​នេះ​ដល់​សាធារណជន ដើម្បី​ឱ្យ​មាន​ទេសចរ​ទៅ​កម្សាន្ត​នៅ ទឹកធ្លាក់ឆាយកី  ព្រោះ​ទីនេះ​ជា​តំបន់​ធម្មជាតិ ហើយ​មានការ​កែច្នៃ​បន្ថែម​»​។
  
រូបភាពពី៖ ក្រសួងទេសចរណ៍

ក្រៅពីនេះ ទឹកធ្លាក់មួយនេះ ជាទីតាំងសក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តផ្សងព្រេង។ លើសពីនេះ សម្រស់​ទឹកធ្លាក់​ឆាយកី ដែល​លាក់ខ្លួន​សម្ងំ​ក្នុងព្រៃ​នេះ អាច​ឱ្យ​ភ្ញៀវទេសចរ​មក​កម្សាន្ត​នា​រដូវវស្សា រីករាយជាមួយ​ទឹកធ្លាក់យ៉ាង​ស្រស់ស្អាត​។
 
សូមជម្រាបថា រយៈពេល៦ខែនៃឆ្នាំ២០២៣នេះ ទឹកធ្លាក់នេះ​ មានទេសចរទៅកម្សាន្តប្រមាណ៣ក្រុមតែប៉ុណ្ណោះ។ លោក ស៊ីម ខ្មៅ អំពាវនាវ​ដល់​ទេសចរឱ្យមក​កម្សាន្ត ដើម្បី​ជួយ​ថែរក្សា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ពិសេស​បង្កើត​មុខរបរ​ថ្មី​ដល់​ប្រជាជន​ក្នុង​តំបន់ និង​បញ្ចៀស​ការកាប់​ទន្ទ្រានព្រៃ​ឈើ​ផងដែរ​៕
 

Tag:
 ទឹកធ្លាក់ឆាយកី
© រក្សាសិទ្ធិដោយ thmeythmey.com