សង្គមអន្តរជាតិ​
អន្តរជាតិ
កសិករម្នាក់រងពិន័យ ៦១០០០ដុល្លារ ដោយគ្រាន់តែចុច Emoji មេដៃ
08, Jul 2023 , 9:29 pm        
រូបភាព
កសិករម្នាក់នៅខេត្ត Saskatchewan ប្រទេសកាណាដា ត្រូវបានពិន័យជាប្រាក់ចំនួន ៦១០០០ដុល្លារក្នុងការប្រើ Emoji សញ្ញាមេដៃ លើកិច្ចសន្​យាទិញ-លក់គ្រាប់ធញ្ញជាតិកាលពីចុងឆ្នាំ ២០២១។

រឿងនេះបានមកដល់តុលាការបន្ទាប់ពីលោក Achter ខកខានក្នុងការចែកចាយគ្រាប់ធញ្ញជាតិ ៨៦តោន ដែលអ្នកទិញលោក Kent Mickleborough កំពុងស្វែងរកទិញកាលពីឆ្នាំ ២០២១ ដែលជំរុញឱ្យលោក Mickleborough ចាត់វិធានការផ្លូវច្បាប់។
 
លោក Mickleborough បានទាក់ទងជាមួយលោក Achter តាមទូរស័ព្ទក្នុងការទិញគ្រាប់ធញ្ញជាតិនៅចុងឆ្នាំ ២០២១។ បន្ទាប់មកគាត់បានផ្ញើសារទៅកសិករម្នាក់នេះនូវកិច្ចសន្យាទិញ-លក់ដោយសរសេរនូវពាក្យ « please confirm flax contract» ដែលមានន័យថា សូមទទួលនូវកិច្ចសន្យាគ្រាប់ធញ្ញជាតិ ។
 
លោក Achter ក៏បានឆ្លើយតបជាមួយនឹង Emoji ដែលមានសញ្ញា «មេដៃ» ប៉ុន្តែមិនបានផ្តល់គ្រាប់ធញ្ញជាតិតាមកាលបរិច្ឆេទដែលបានបញ្ជាក់នោះទេ។
 
ប៉ុន្តែលោក Mickleborough បានអះអាងថា លោកមានទំនាក់ទំនងអាជីវកម្មយូរអង្វែងជាមួយលោក Achter ហើយថាកសិករម្នាក់នេះបានយល់ព្រមលើកិច្ចសន្យាតាមរយៈសារដែលបានបង្ហាញ Emoji មេដៃ ។
 
ប៉ុន្តែ​​លោក Achter បាន​បដិសេដ​ថា ៖« Emoji ​ដែល​មានសញ្ញា​មេដៃ​នេះ បញ្ជាក់​យ៉ាង​សាមញ្ញ​ថា​​បាន​ទទួល​កិច្ចសន្យា​ មិន​មែន​ជា​ការ​បញ្ជាក់​ការ​យល់​ព្រម​តាម​លក្ខខណ្ឌ​នោះ​ទេ​»​។
 
ទោះបីជាយ៉ាងណាលោក Chris Achter បានទទួលស្គាល់ការសម្រេចរបស់តុលាការ ថាវាស្មើនឹងកិច្ចព្រមព្រៀងកិច្ចសន្យា ហើយរូបលោកបានបង់ប្រាក់ចំនួន ៨២ ០០០ដុល្លារកាណាដា (៦១ ០០០ដុល្លារ) សម្រាប់ការខកខានមិនបានបំពេញកិច្ចសន្យា។
 
ការសម្រេចរបស់តុលាការ​ដោយផ្អែកលើនិយមន័យ Dictionary.com  emoji នៃសញ្ញាមេដៃបានបញ្ជាក់ថា វាត្រូវបានប្រើដើម្បីបង្ហាញការយល់ព្រម ឬការលើកទឹកចិត្តក្នុងទំនាក់ទំនងឌីជីថល។
 
ចៅក្រម Keene បានលើកឡើងថា ៖ « ខ្ញុំ​មិន​ប្រាកដ​ថា​វា​មាន​សិទ្ធិ​អំណាច​ប៉ុនណា​ទេ ប៉ុន្តែ​វា​ហាក់​ដូច​ជា​សម​នឹង​ការ​យល់​ដឹង​របស់​ខ្ញុំ​ពី​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ សូម្បី​តែ​ជា​អ្នកដើរ​យឺត​ក្នុង​ពិភព​បច្ចេកវិទ្យា​ក៏​ដោយ»។
 
លោកបានបន្ថែមថា ខណៈពេលដែលហត្ថលេខាត្រូវបានគេប្រើដើម្បីបញ្ជាក់អត្តសញ្ញាណរបស់នរណាម្នាក់តាំងពីមុន វាក៏មិនរារាំងបុគ្គលម្នាក់ពីការប្រើវិធីសាស្រ្តសម័យទំនើប ដូចជា emojis ដើម្បីបញ្ជាក់កិច្ចសន្យា ហើយ emojiនេះ ក៏អាចត្រូវបានប្រើជាហត្ថលេខាឌីជីថលបានដែរ៕
 
 

Tag:
 Emoji
  កាណាដា
  កសិករ​
  ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com