អន្តរជាតិ
លោកស្រី Yellen៖ អាម៉េរិកនិងចិនមានចំណុចមិនស្របគ្នាច្រើនដែលត្រូវជជែកគ្នាដោយផ្ទាល់
09, Jul 2023 , 11:19 am        
រូបភាព
រដ្ឋមន្រ្តីការរតនាគារអាម៉េរិក​ Janet Yellen អះអាងថា អាម៉េរិក និងចិនមានចំណុចមិនយល់ស្របគ្នាច្រើន ដែលតម្រូវឱ្យមានការជជែកគ្នាដោយផ្ទាល់។ លោកស្រី Yellen ក៏អះអាងថាទស្សនកិច្ចនៅប៉េកាំង ជួយសម្រួលទំនាក់ទំនងត្រដាបត្រដួសរវាងមហាអំណាចទាំង២។

លោកស្រី Janet Yellen ដែលចាកចេញពីទីក្រុងប៉េកាំងកាលពីថ្ងៃទី៩ ខែកក្កដា បានប្រាប់សន្និសីទសារព័ត៌មានមួយថា អាម៉េរិក និងចិនមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ហើយត្រូវតែមានការប្រាស្រ័យទាក់ទងគ្នាដោយច្បាស់លាស់ និងដោយផ្ទាល់។
 
«អាម៉េរិក និងចិនមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង»។ រដ្ឋមន្រ្តីរតនាគារអាម៉េរិកបានប្រាប់អ្នកយកព័ត៌មាននៅឯស្ថានទូតអាម៉េរិកក្នុងទីក្រុងប៉េកាំង។ លោកស្រីបន្តថា លោកស្រីផ្ទាល់ និងប្រធានាធិបតី ចូ បៃឌិន ផង មិនឃើញទំនាក់ទំនងរវាងអាម៉េរិក និងចិនតាមរូបភាពជម្លោះមហាអំណាចនោះទេ តែ ជឿថា ពិភពលោកមានទំហំធំល្មមសម្រាប់ប្រទេសទាំង២រីកចម្រើន។
 
ក្នុងទស្សនកិច្ច៤ថ្ងៃ លោកស្រី Yellen ជួបនាយករដ្ឋមន្រ្តីចិន លី ឈាំង និងបន្តជជែកជាមួយឧបនាយករដ្ឋមន្រ្តី ហឺ លីហ្វឹង ។ បើតាមរដ្ឋមន្រ្តីរូបនេះ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីបង្កើត និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយក្រុមសេដ្ឋកិច្ចថ្មីរបស់ចិន កាត់បន្ថយហានិភ័យនៃការយល់ច្រឡំ និងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដូចជាការប្រែប្រួលអាកាសធាតុ និងបញ្ហាបំណុល។
 
ក្នុងសន្និសីទដដែល លោកស្រី Yellen ​បាន​បញ្ជាក់​ជា​ថ្មី​ថា ក្រុង​វ៉ាស៊ីនតោន​មិន​បាន​ស្វែង​រក​ផ្ដាច់ទំនាក់ទំនង​សេដ្ឋកិច្ចជាមួយ​ចិន​ចិន​នោះ​ទេ ព្រោះការ​ធ្វើ​បែបនេះ​នឹង​ជាមហន្តរាយ​សម្រាប់​ប្រទេស​ទាំង​២ និង​បង្ក​អស្ថិរភាព​សម្រាប់​ពិភពលោកថែមទៀត។ ប៉ុន្តែលោកស្រីក៏បញ្ជាក់ថា អាម៉េរិកចង់ឃើញ "សេដ្ឋកិច្ចបើកចំហ សេរី និងយុត្តិធម៌" មិនមែនជាប្រទេសដែលបង្ខំឱ្យប្រទេសនានាចូលភាគីនោះទេ។
 
បន្ថែមពីលើទំនាក់ទំនងទ្វេភាគី រដ្ឋមន្រ្តីអាម៉េរិក ក៏បានពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនជាមួយដៃគូសន្ទនាចិនផងដែរ។ លោកស្រី អះអាងថាវាជារឿងចាំបាច់ដែលក្រុមហ៊ុនចិនជៀសវាងការផ្តល់ជំនួយផ្នែកសម្ភារៈដល់រុស្ស៊ីសម្រាប់ការធ្វើសង្គ្រាម ឬគេចវេសពីការដាក់ទណ្ឌកម្ម។ 
 
ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Yellen ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​របស់​រដ្ឋមន្ត្រី​ការបរទេស​លោក អាន់តូនី ប្លីងខិន​ទៅ​ទីក្រុង​ប៉េកាំង​កាលពី​ខែ​មុន។ ​លោក ចន ឃែរី ដែលជាបេសកជន​អាកាសធាតុ​ ក៏ត្រូវ​រំពឹង​ថា​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ចិន​ក្នុង​ខែ​នេះដែរ៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com