ជាតិ
ព្រះមហាក្សត្រ អំពាវនាវឱ្យជនរួមជាតិ ចូល​រួមការពារព្រៃឈើ និងសត្វព្រៃ
09, Jul 2023 , 11:59 am        
រូបភាព
ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានអំពាវនាវដល់​ប្រជាពលរដ្ឋ ឱ្យបន្តចូលរួមការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ដើម្បីធានាធនធានទាំងនេះ សម្រាប់កូនចៅជំនាន់ក្រោយ។ សេចក្តីអំពាវនាវរបស់ព្រះករុណា ធ្វើឡើង ក្នុងពិធីបុណ្យទិវារុក្ខទិវា ៩កក្កដា ដែលប្រារព្ធឡើងនៅក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងព្រះរាជសុន្ទរកថានាពិធី​ទិវារុក្ខទិវានេះ​ ព្រះករុណា​ទ្រង់មានព្រះរាជឱង្ការបន្ត ដោយសុំឱ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះ ឱ្យអស់តាមសហគមន៍សក្តានុពល ដោយពុំបាច់ពឹងតែលើផលនៃអនុផលព្រៃឈើឡើយ។  ជាមួយគ្នានេះ អង្គព្រះមហាក្សត្រ ក៏អំពាវនាវឱ្យជនរួមជាតិ បន្តដាំដើមត្នោត ដែលជារុក្ខជាតិអត្តសញ្ញាណជាតិ និងដើមឈើកម្រផ្សេងទៀតផងដែរ។ 
 
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលដូច្នេះ៖ «ខ្ញុំសូមអំពាវនាវដល់ព្រះសង្ឃ  អាជ្ញាធរដែនដី និងបងប្អូនជនរួមជាតិ មេត្តា​ចូលរួមដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើន ក្នុងនោះក៏មានត្នោតដែលជារុក្ខជាតិតំណាងអត្តសញ្ញាណជាតិយើង។ ដើមឈើទាល ដើមគគីជាដើម នៅតាមទីវត្តអារាម ទីសាធារណៈ រមណីយដ្ឋាន ដងផ្លូវលំ ផ្លូវជាតិ ប្រឡាយ ភូមិឋាននានា តាមភ្លឺស្រែ ដើម្បីបំពេញតម្រូវការផលព្រៃឈើ និងសហគមន៍៍នានា»។ 
 
​ជុំវិញការដាំដើមឈើនេះដែរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បាន​ថ្លែងក្នុងរុក្ខទិវានេះថា សួនរុក្ខទិវាឆ្នាំនេះមានទំហំ១០ហិកតា ដែលនឹងត្រូវ​ដាំកូនឈើ​ជាច្រើនប្រភេទដូចជាកូនធ្នង់ ច្រេស គីនីន គ្រញ៉ូង ស្តៅ និងក្ងោក សរុបជាង​១៣ ០០០ដើម។ 
 
គិតត្រឹមឆ្នាំ២០២៣នេះ ពិធីបុណ្យរុក្ខទិវា ត្រូវបានរៀបចំ ២៨លើក នៅ​ខេត្តក្រុងចំនួន១៤ ដោយ​បានបង្កើតជាសួនរុក្ខទិវា ទំហំ ៤៦២ ហិកតា។ បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម  ព្រឹត្តិ​ការណ៍រុក្ខទិវា ក៏បាន​បង្កើត​ឱ្យមានចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើក្នុងចំ​ណោម​​សាធារណជន ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈ និងសួនឯកជនជាច្រើនផងដែរ។  ទន្ទឹមនឹងនេះ ក៏មានកូនឈើកម្រ ជាង២០លានដើម ​ត្រូវបានបណ្តុះដោយរដ្ឋបាលព្រៃឈើ និង​ជាច្រើនលានដើមទៀត ត្រូវបានបណ្តុះដោយប្រជាពលរដ្ឋ និងសាធារណជន៕
 
 

Tag:
 ដើមឈើ
  សត្វព្រៃ
  រុក្ខទិវា
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com