កីឡាជាតិ
ជាតិ
គ្រូគិរីវង់សុខសែនជ័យ៖ កីឡាករ យល់របៀបលេងជាក្រុមច្រើនជាងមុន ប៉ុន្ដែត្រូវការអភិវឌ្ឍបន្ថែម
09, Jul 2023 , 12:59 pm        
រូបភាព
លោក សាប៊ូន វិនតា គ្រូបង្វឹកក្លិបគិរីវង់សុខសែនជ័យ រូបពី ហ្វេសប៊ុក Sabone Venta
លោក សាប៊ូន វិនតា គ្រូបង្វឹកក្លិបគិរីវង់សុខសែនជ័យ រូបពី ហ្វេសប៊ុក Sabone Venta
លោក សាប៊ូន វិនតា គ្រូបង្វឹកក្លិបគិរីវង់សុខសែនជ័យ អះអាងថា ការអភិវឌ្ឍកីឡាករ និងក្រុមទាំងមូល ត្រូវការពេលវេលា ដើម្បីពួកគេយល់ពីគ្នាទៅវិញទៅមក និងយល់អំពីវប្បធម៌ប្រកួតជាក្រុម។ នេះ គឺជារដូវកាលទី១ ដែលគ្រូ​បង្វឹករូបនេះ បានដឹកនាំក្រុមគិរីវង់សុខសែនជ័យ ហើយក៏ជាឆ្នាំដំបូងសម្រាប់លោក សាប៊ូន វិនតា ក្នុងតំណែងជាគ្រូបង្វឹក ផងដែរ។

ក្នុងបទពិសោធន៍ដំបូងជាគ្រូបង្វឹក លោក សាប៊ូន វិនតា បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា មានរឿងជាច្រើន ដែលត្រូវប្រឈមមុខ ដើម្បីអភិវឌ្ឍក្រុម និងកីឡាករ។ រឿង ដែលត្រូវដោះស្រាយទាំងនោះ គ្រូបង្វឹករូបនេះ បញ្ជាក់ថាត្រូវការពេលវេលាគ្រប់គ្រាន់ក្នុងការដោះស្រាយ។ ប៉ុន្ដែ លោក សាប៊ូន វិនតា ពេញចិត្តចំពោះការប្រកួតប្រជែងក្នុងអាជីពថ្មីនេះ បន្ទាប់ពីរូបលោកបានប្ដូតួនាទីពីគ្រូបច្ចេកទេសរបស់ក្លិប អាយ អេស អាយ ដង្កោសែនជ័យ។
 
គ្រូបង្វឹកវ័យ ៣២ឆ្នាំរូបនេះ​ ជឿថា Cambodian Premier League 2023-202 មានការប្រកួតប្រជែងខ្លាំង ដោយសារកម្រិតនៃក្រុមនីមួយៗ អភិវឌ្ឍខ្លាំង ម្យ៉ាងវិញទៀត ដោយសារ ជាឆ្នាំដំបូងសម្រាប់លោក សាប៊ូន វិនតា ដឹកនាំក្រុមប្រកួត ផងដែរ។ គ្រូបង្វឹកគិរីវង់សុខសែនជ័យនេះ ក៏បានដាក់គោលដៅដូច្នេះថា៖«ខ្ញុំជឿជាក់ទៅលើផែនការក្លិបរបស់ខ្ញុំ ក្រុមការងារ និងកីឡាករទាំងអស់គ្នាជាគោលដៅរួមមួយក្នុងការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជា CPL ដើម្បីក្លាយជាក្រុមមួយដែលមានរបៀបលេងច្បាស់លាស់ជាមួយការប្រកួតប្រជែងខ្ពស់ជាមួយក្លិបផ្សេងៗក្នុងលីគកំពូលកម្ពុជាក្នុងរដូវកាលថ្មីនេះ។»។ 
 
លោក សាប៊ូន វិនតា ក៏បានប្រាប់បន្ថែមពីចំណុចវិជ្ជមានរបស់ក្រុម គឺរបៀបលេងគ្រប់គ្រងបាល់ ក្រោមការដាក់សម្ពាធ និងតំបន់ចង្អៀតបានល្អប្រសើរជាងមុន ជាពិសេសស្មារតីលេងជាក្រុម មានភាពស្វាហាប់ បើទោះជាត្រូវប្រឈមមុខជាមួយគូប្រកួត ដែលមានកម្រិតខ្លាំងជាងខ្លួនក៏ដោយ។ គ្រូបង្វឹករូបនេះ ក៏ពន្យល់បន្ថែមពី ការលេងរវាងអ្នកចាំទី និងខ្សែការពារ ដែលតួនាទីទាំង២នេះ ត្រូវមានទំនាក់ទំនង និងយល់ចិត្តគ្នាឲ្យបានខ្លាំងជាងនេះ។
 
«យើងមានចំនុចខ្វះខាតច្រើនដែលត្រូវអភិវឌ្ឍន៍កែប្រែបន្ថែមផងដែរពីរបៀបលេងពីក្រោមជាមួយអ្នកចាំទី និងការបញ្ចប់ទីនៅក្នុងប្រអប់ទីរបស់គូរប្រកួត គុណភាពការបញ្ជូននិងទទួលបាល់​ យុទ្ធសាស្រ្តប្រយុទ្ធ ការពាររបស់ក្រុម និងកម្លាំងកាយសម្បទារបស់គេ។»។ លោក សាប៊ូន វិនតា បាននិយាយប្រាប់ដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឬ Cambodian Premier League 2023-2024 នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីការចាប់ឆ្នោតសម្រាប់ដំណើរការប្រកួតរដូវកាលនេះ វិសាខា ត្រូវប្រកួតជាមួយ គិរីវង់សុខសែនជ័យ ចំណែក ព្រៃងវែង ត្រូវប៉ះជាមួយ ណាហ្គាវើលដ៍។ លុះចូលមកដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ កងយោធពលខេមរភូមិន្ទ ត្រូវជួបជាមួយ ព្រះខ័ន្ធរាជ ស្វាយរៀង។ ចំណែក ម្ចាស់ជើងឯកលីគកំពូលរដូវកាល ឆ្នាំ២០២២  ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ ក្លិបបឹងកេត។ ក្នុងថ្ងៃជាមួយគ្នានោះដែរ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវស្វាគមន៍ អង្គរថាយហ្គឺរ៕
 

Tag:
 បាល់ទាត់
  សាប៊ូន វិនតា
© រក្សាសិទ្ធិដោយ thmeythmey.com