ជាតិ
ក្រោយបោះបង់របរកាប់ព្រៃឈើ លោក ឈឺន ឈីម បាននាំទេសចរឡើងភ្នំឱរ៉ាល់ ៣១៤លើក
09, Jul 2023 , 3:59 pm        
រូបភាព
រូបភាពពី៖ លោក ឈឺន ឈីម អ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់
រូបភាពពី៖ លោក ឈឺន ឈីម អ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ លោក ឈឺន ឈីម បាននាំភ្ញៀវឡើងភ្នំឱរ៉ាល់ចំនួន ៣១៤ដង។  អ្នកនាំភ្ញៀវរូបនេះ ចាត់ទុកថា ការងារជាអ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់ ជាការការពារធនធានធម្មជាតិ និងកាត់បន្ថយការកាប់ព្រៃឈើ។ លើសពីនេះ លោកចង់ឡើងភ្នំរហូតខ្លួនអាយុ៦០ឆ្នាំ។

នាពេលអតីតកាល លោក ឈឺន ឈីម ប្រកបរបរកាប់ព្រៃឈើ ដើម្បីរកចំណូល។ បុរសរូបនេះ បានបោះបង់របរនេះចោលកាលពីឆ្នាំ២០០០ បន្ទាប់ពី ទេសចរ ឡើងភ្នំឱរ៉ាល់ ច្រើន។ និស្ស័យ ជាអ្នកនាំភ្ញៀវរបស់លោក បានចាប់ផ្ដើម យ៉ាងវេទនា។ ដំណើរឡើងភ្នំលើកទី១ របស់លោក បានវង្វេងក្នុងព្រៃភ្នំឳរ៉ាល់។  
 
រូបភាពពី៖ លោក ឈឺន ឈីម

លោក ឈឺន ឈីម បានប្រាប់ អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ៖ «ដំបូង ខ្ញុំដើរកាប់ឈើលក់ជាមួយពលរដ្ឋក្នុងភូមិ។ ប៉ុន្តែក្រោយមកខ្ញុំគិតថា ការកាប់ឈើមិនបានផ្ដល់ប្រយោជន៍ដល់សង្គម »។ 
 
បុរសវ័យ៤០ឆ្នាំរូបនេះ បានបន្តថា  ការឡើងភ្នំពិតជាសប្បាយរីករាយណាស់ នៅពេលមានភ្ញៀវច្រើន។ បើទោះបីជា ការងារនេះ លំបាកក៏ដោយ តែវាអាចផ្តល់ចំណូលកាន់តែច្រើនសម្រាប់លោក និងអ្នកនាំភ្ញៀវដទៃទៀត។ 
 
ទេសចរដែលបានឡើងភ្នំឱរ៉ាល់ជាមួយលោក ឈឺន ឈីម។ រូបភាពពី៖ លោក ឈឺន ឈីម

«ខ្ញុំពិតជាចង់ឡើងភ្នំនេះរហូតណាស់ បើសិនជាខ្ញុំមានកម្លាំងទៅរួច។ ឥឡូវខ្ញុំមានអាយុ៤០ឆ្នាំទៅហើយ។ រយៈពេល២៣ឆ្នាំ ជាមួយភ្នំឱរ៉ាល់ខ្ញុំបានឡើងភ្នំចំនួន ៣១៤ដង។ ខ្ញុំចង់បន្តឡើងភ្នំរហូតដល់៦០ទើបឈប់»។ នេះជាការបញ្ជាក់របស់លោក ឈឺន ឈីម។ 
 
បច្ចុប្បន្ន ក្នុងមួយសប្តាហ៍ លោក ឈីម អាចនាំភ្ញៀវឡើងភ្នំ បានពី១៥ ទៅ២០នាក់ និងទទួលបានចំណូលប្រមាណ ២លានរៀលក្នុងមួយខែ ពីការងារនេះផងដែរ។ បើតាមលោក ឈឺន ឈីម នៅអំឡុងខែមិថុនា និងខែតុលា ភ្លៀងខ្លាំងពិបាកក្នុងការឡើងភ្នំបន្តិច ប៉ុន្តែលោកនៅតែនាំផ្លូវទេសចរជាហូរហែឡើងភ្នំឱរ៉ាល់ធម្មតា។ ទន្ទឹមនឹងនោះ ទេសចរភាគច្រើន ត្រូវចំណាយពេល២យប់ ៣ថ្ងៃ ទើបអាចឡើងទៅដល់កំពូលភ្នំឱរ៉ាល់។ 
 
ទិដ្ឋភាពពី លើកំពូលភ្នំឱរ៉ាល់។ រូបភាពដោយ លោក ឈឺន ឈីម 

លោក ឈឺន ឈីម បញ្ជាក់ទៀតថា៖«ភ្ញៀវទេសចរដែលមកឡើងភ្នំឱរ៉ាល់នេះ សុទ្ធតែជាអ្នកស្រឡាញ់ និងចង់ការពារធនធានធម្មជាតិ ជាពិសេសដើម្បីចុះស្រាវជ្រាវរុក្ខជាតិ ផ្កា និងរុក្ខជាតិផ្សេងៗ។  ពេលខ្ញុំជូនភ្ញៀវឡើងភ្នំម្តងៗ មើលទៅសប្បាយស្រស់ស្រាយ ត្រជាក់ត្រជុំ និងបានទស្សនាទិដ្ឋភាពព្រៃឈើយ៉ាងត្រជាក់ភ្នែកថែមទៀត»។
 
សូមជម្រាបថា គិតចាប់ពីខែមករា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន១ ០៥១នាក់ បានទៅឡើងភ្នំឱរ៉ាល់។ ចំនួនភ្ញៀវទេសចរ ឡើងភ្នំឱរ៉ាល់ បានធ្លាក់ចុះប្រមាណ ១ ០០៥នាក់ បើធៀបនឹងឆ្នាំ២០២២៕ 
 
 
 

Tag:
 លោក ឈឺន ឈីម
 អ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com