ជាតិ
កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការសហ​ការ​​ដោះស្រាយការគំរាមកំហែង​ដោយគ្រឿងញៀន​សំ​យោគ
09, Jul 2023 , 4:39 pm        
រូបភាព
 រូបភាព៖ ហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
រូបភាព៖ ហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ដោយ៖ សេង វុទ្ធី
ភ្នំពេញ៖​ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច នៅក្នុង​កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ប្រទេស​ និងអ្នក​​ពាក់ព័ន្ធ ដើម្បីការពារប្រទេស​ និង​សហគមន៍អន្តរជាតិ ពីផលប៉ះពាល់នៃគ្រឿងញៀ សំ​យោគ និងធានាសុខមាលភាពរបស់ប្រជាជន។ នេះជាការអះអាងរបស់ លោក អ៊ូច បូរិរិន្ទ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស ​ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដើម្បីដោះស្រាយការគំរាមកំហែងនៃគ្រឿងញៀនសំ​យោគ តាមប្រព័ន្ធនិម្មិត ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ នាថ្ងៃទី៧ ខែកក្កដា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ផ្សាយថ្ងៃទី៨ កក្កដា ក្នុងកិច្ចប្រជុំនេះ​ ​លោក អ៊ុច បូររិទ្ធ​ បានគូសបញ្ហាក់​ពីសារសំខាន់នៃការអនុវត្តសកម្មភាពជាក់ស្ដែង និងដំណោះស្រាយដែលមានភាពច្នៃប្រឌិត ដើម្បីបង្ក្រាបការផលិត និងការជួញដូរគ្រឿងញៀនសំយោគ​ខុសច្បាប់ និង​កាត់បន្ថយគ្រោះថ្នាក់លើសុខភាពសាធារណៈ​​។  លោក អ៊ុច បូររិទ្ធ ក៏បានលើកឡើងពីការប្រឹងប្រែងរបស់កម្ពុជា ​ការចាត់វិធានការ ដោះស្រាយបញ្ហាគ្រឿងញឿន តាមរយៈការអនុវត្តច្បាប់ គោលនយោបាយ និងផែនការសកម្មភាពសំខាន់ៗផងដែរ។
  
រូបភាព៖ ហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

កម្ពុជា ក៏បានធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹង​ពីគ្រឿងញៀនយ៉ាង​ទូលា​យ ដល់ក្រុមគោល​ដៅ និងសាធារណ​ជន និងការចាត់វិធានការគ្រប់គ្រង ​​ត្រួតពិនិត្យការនាំចូល ​ចែកចាយ និ​ង​ការប្រើប្រាស់សារធាតុគីមីយ៉ាងហ្មត់ចត់ ដើម្បីបង្ការការផលិតគ្រឿងញៀនខុសច្បាប់ ដោយ​សារធាតុគីមីផ្សំ ដែលយកមកពីការធ្វើពាណិជ្ជកម្មស្របច្បាប់។ នេះជាការលើកឡើងរបស់ លោក អ៊ុច បូររិទ្ធ ក្នុងកិច្ចប្រជុំដែលដឹកនាំដោយ លោក Antony J Bling ken ​រដ្ឋមន្ត្រី្កការបរទេស​អាម៉េរិក និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសជាង៥០ផ្សេងទៀត ព្រមទាំងប្រធាន​អង្គការអន្តរជាតិនានា​ដែរ។
 
ក្រៅពីកម្ពុជា តាមរយ:កិច្ចប្រជុំនេះ រដ្ឋមន្ត្រីនៃបណ្តាប្រទេសផ្សេង ក៏បានលើកពី​ក្តី​បារម្ភយ៉ាងខ្លាំងរបស់ពួកគេ ជុំវិញ​ភាពគ្រោះថ្នាក់​លើសុខភាពសាធារណ: និងសង្គម  ដែល​បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនសំយោគនេះដែរ។ ទន្ទឹមនឹងលើកពីកង្វល់ រដ្ឋមន្ត្រីទាំងអស់ ក៏បានបង្ហាញការប្ដេជ្ញាចិត្ត ​ក្នុងការដោះស្រាយបញ្ហា​ប្រឈម​នេះ និង​កំណត់អាទិភាព​ដោះស្រាយបញ្ហាសំខាន់ៗផ្សេងទៀតដែរ។ 
 
ភាគីដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ ក៏មានឆន្ទៈ​រួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមទៅមុខ ដោយជំរុញធ្វើឱ្យប្រសើរឡើងនូវគំនិតផ្ដួចផ្ដើមថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងធានាថាគ្រប់ទិដ្ឋភាពនៃការកាត់បន្ថយតម្រូវការ និងការផ្គត់ផ្គង់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាលក្ខណៈ​អន្តរជាតិ គួរតែស្របជាមួយនឹងគោលការណ៍ដែលបានកំណត់​​ក្នុងធម្ម​នុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បន្ថែមដូច្នេះ៕
 
 
 

Tag:
 គ្រឿងញៀន
  គ្រឿងញៀនសំយោគ
  អ៊ុច បូររិទ្ធ
  ការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com