ជាតិ
អាជ្ញាធរជាតិអប្សរាបារម្ភពីកំណើននៃការបំពុលខ្យល់ក្នុងតំបន់អង្គរ
09, Jul 2023 , 6:59 pm        
រូបភាព
ប្រាសាទអង្គរវត្តថតពីលើអាកាស។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ប្រាសាទអង្គរវត្តថតពីលើអាកាស។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ បម្រែបម្រួលអាកាសធាតុ និងការកើនឡើងនៃយានយន្តក្នុងតំបន់អង្គរ សុទ្ធសឹង ជាបញ្ហា ដែលអាជ្ញាធរជាតិអប្សរាចាត់ទុកថា ជាផ្នែកមួយនៃការ យាយីសំណង់ថ្មប្រាសាទបុរាណ។ ថ្មីៗនេះ ការសិក្សាបានរកឃើញថា ការបំពុលខ្យល់នៅក្នុងតំបន់រមណីយដ្ឋានអង្គរមានការកើនឡើង។ តែយ៉ាងណា​បញ្ហានេះមិនទាន់​ដល់កម្រិតធ្ងន់ធ្ងរទេ។

 លោក យិត ចាន់ដារដ្ឋ អគ្គនាយករងទទួលបន្ទុកការងារទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ក្រៅពីសំណង់ប្រាសាទ អាជ្ញាធរជាតិអប្សរាដាក់គោលការណ៍ខ្ពស់ផ្តោតលើ គ្រប់គ្រងបរិស្ថាននៅតំបន់អង្គរ។ លោកពន្យល់ថា កន្លងមកស្ថាប័នជាតិគ្រប់គ្រងតំបន់អង្គរនេះ បានសហការ​​ជិតស្និទ្ធជាមួយស្ថាប័នអន្ដរជាតិ​មានសាកលវិទ្យាល័យពីជប៉ុនជាដើម ​ដោយបានដាក់​ឧបករណ៍ត្រួតពិនិត្យខ្យល់នៅមុខប្រាសាទអង្គរវត្ត។ ជាលទ្ធផលបង្ហាញថា មានកម្រិតការបំពុលខ្យល់​កើនឡើងនៅតំបន់បេតិកភណ្ឌមួយនេះ។
 
លោក ចាន់ដារដ្ឋ ពន្យល់ទៀតថា មានហេតុផលជាច្រើនដែលធ្វើឱ្យកម្រិតខ្យល់កខ្វក់ ឬកត្តាបំពុលខ្យល់​កើនឡើងដូច្នេះ តែកត្តាសំខាន់ត្រូវបានរកឃើញភាគច្រើនបណ្ដាលមកពីកំណើនយានយន្ត របស់ភ្ញៀវទេសចរ។ «តាមរយៈលទ្ធផលយើងសង្កេតឃើញថា កម្រិតបំពុលបរិស្ថានក្នុងតំបន់សៀមរាប កើនឡើង ប៉ុន្តែកើនឡើងនោះមិនទាន់ដល់កម្រិតហានិភ័យនៅឡើយ»។ លោក ចាន់ដារដ្ឋ បញ្ជាក់ដូច្នេះ។ 
 
អ្នកជំនាញដដែលបន្ថែមថា​ នៅពេលខ្យល់ CO2 កើនឡើងនៅក្នុងលំហវាបង្កជាភ្លៀងអាស៊ីត ដែលឧស្ម័ននេះបាន​ទៅទុំលើថ្មប្រាសាទ បណ្ដាលឱ្យថ្មពុកផុយបាន។
 
ជាដំណោះស្រាយ ច្រើនឆ្នាំមកនេះអាជ្ញាធរជាតិអប្សរា បានព្យាយាមរៀបចំផ្លូវវាងជំនួសផ្លូវដែលនៅ​កៀកប្រាសាទ ដូចជាផ្លូវមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរីជាដើម ដែលកន្លងមកចរាចរនៅ​ក្បែរជណ្ដើរប្រាសាទ បង្កជារំញ័រដល់ថ្មផងដែរ។
 
« វាមិនត្រឹមជះឥទ្ធិពលដោយសារឧស្ម័ន CO2 ទេ ប៉ុន្តែ​រំញ័ររបស់រថយន្តក៏ធ្វើឱ្យថ្មប្រាសាទ​រង្គោះរង្គើដែរ»។ នេះជាការបញ្ជាក់របស់លោក ចាន់ដារដ្ឋ។
 
ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធិ អំពីការបម្រែបម្រួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ នៅថ្ងៃទី៦ កក្កដា នាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ អគ្គនាយរង​រូបនេះបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបានក្លាយជាបញ្ហាសម្រាប់សាកលលោក ហើយវាក៏​បង្កហានិភ័យ​​ដល់តំបន់បេតិកភណ្ឌផងដែរ។ កិច្ចការនេះចាំបាច់ត្រូវសិក្សាជាមុន និងរកដំណោះស្រាយ ដើម្បីការពារបេតិកភណ្ឌដែលងាយរងគ្រោះ។ លោក ចាន់ដារដ្ឋ បន្តថា៖«  បើសិនយើងមិនបាន​គ្រប់គ្រងល្អទេ ផលប៉ះពាល់វិជ្ជមានគឺធំ វានឹងធ្វើឱ្យបេតិកភណ្ឌរបស់យើងងាយនឹងរងការខូចខាត ឬឆាប់រហ័ស»។ 
 
ជាដំណោះស្រាយមួយទៀតដែរនោះ គឺស្ថាប័ននេះបានគិតពីការបណ្ដុះ និងដាំកូនឈើឡើងវិញ ការស្ដារប្រព័ន្ធធារាសាស្រ្តសម័យបុរាណ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការបណ្ដុះនិងដាំកូនឈើឡើងវិញ​នៅតំបន់អង្គរមានជិត២លានដើម។ នេះជាការអះអាងរបស់លោក ចាន់ដារដ្ឋ ហើយថាប្រហែល​នៅកម្ពុជា​ទំនងមានតែស្ថាប័នគ្រប់គ្រងតំបន់អង្គរនេះទេ ដែលធ្វើរឿងនេះបាន។ ការដាំកូនឈើនេះ​ទៀតសោត អាជ្ញាធរជាតិអប្សរាក៏បាន​ចែកចាយដល់ពលរដ្ឋទូទៅប្រទេសដោយមិនឥតថ្លៃផងដែរ។
 
បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានដែលចូលរួមកិច្ចប្រជុំស្ដីពីបញ្ហាអាកាសធាតុរងផលប៉ះពាល់ដល់ បេតិកភណ្ឌ លោក ភឹង តារា យល់ថា​ការប្រែប្រួលអាកាសធាតុមានផលប៉ះពាល់​ខ្លាំងដល់​សំណង់​ប្រាសាទ។ លោក តារា បានលើកករណីហូរច្រោះដី​ដែលបណ្ដាលឱ្យបាក់រលំកំពែងក្រុងអង្គរធំ​នៅកំឡុងឆ្នាំ ២០១៣ ដែលបណ្ដាលមកពីខ្យល់និងភ្លៀងខ្លាំងនៅពេលនោះ។ បាតុភូតធម្មជាតិនេះ ធ្វើឱ្យកម្រិតទឹកនៅច្រាំង កសិន្ធុអង្គរឡើងចុះខ្លាំង ដែលបណ្ដាលឱ្យបាត់ស្រុតថ្មតាមច្រាំង។ល។ 
 
លោក តារា បន្ថែមថា៖« ការបម្រែបម្រួលអាកាសធាតុនេះ ក៏ទាក់ទងជំនឿអរូបីនៅតំបន់អង្គរដែរ សំខាន់ជាងគេ ពីព្រោះបម្រែបម្រួលអាកាសធាតុបានផ្លាស់ប្ដូរ​ទំនៀមទម្លាប់ពីមុនមក ឧទាហរណ៍​បើមានភ្លៀង​ខ្លាំងឬខ្យល់ព្យុះ ប្រជាជនមិនអាចចូលប្រាសាទ ទៅសំពះ ឬធ្វើកិច្ចពិធីផ្សេងៗបានទេ។ មួយទៀត ប៉ះពាល់បរិស្ថាន ប្រសិនមានប្រែប្រួលអាកាសធាតុ ប៉ះពាល់ ដូចជាដើមឈើ​ដែលអាច​ធ្វើថ្នាំ​បាន ដើមហូបផ្លែ និងដើមឈើធ្វើសិប្បកម្មបាន ភ្លៀងច្រើនអាចឱ្យ ដើមទាំងនោះស្លាប់ បាត់បង់ទៅបាន»។ 
 
ពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធក៏អាចនឹងបាត់បង់ដែរ ប្រសិនការប្រែប្រួលអាកាសធាតុធ្វើឱ្យ ភ្លៀងធ្លាក់មិនទៀង អ្នកភូមិក៏មិនដឹងពេលវេលាជាក់លាក់ដូចមុន។​ ហើយប្រសិនមានភ្លៀងធ្លាក់​ច្រើន​ហូរហៀរហើយនោះ ក៏គ្មានភាពចាំបាច់អ្វីក្នុងការរៀបចំពិធីពីបុរាណនេះទៀតដែរ។ លោក តារា យល់យ៉ាងដូច្នេះ។ 
 
អ្នកស្រាវជ្រាវរូបនេះ ក៏បានលើកករណីទំនៀមសង់ផ្ទះឈើខ្មែរ ក៏អាចលែងមានទៀតដែរ។ ​លោក តារា៖« ចំណេះដឹងធ្វើផ្ទះឈើក៏ដូចជា ពីបុរាណគាត់ធ្វើផ្ទះឈើ ខ្ពស់ៗ តែប្រែប្រួលអាកាសធាតុគាត់នឹងធ្វើផ្ទះថ្ម និងទាបៗវិញ បង្ការកុំឱ្យដួល និងប៉ះពាល់ទៀត»។
 
អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ​ និងហេដ្ឋារចនាសម្ពន្ធ លោក ជូ រ៉ាឌីណា បានឱ្យដឹងថា​ ការប្រែប្រួលអាកាសធាតុ ជាការកើនឡើងនូវកម្ដៅផែនដី ជាពិសេសការផ្លាស់ប្ដូររបបខ្យល់ និងទឹកភ្លៀង ដែលបានបង្កើតឱ្យមានទឹកជំនន់ និងគ្រោះរាំងស្ងួតមកលើផែនដី។ ការកើនឡើងឧស្ម័នផ្ទះកញ្ចក់ទៅក្នុង បរិយាកាស កើតឡើងដោយសារសកម្មភាពនានារបស់ឧស្សាហកម្ម ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដោយសន្ដិសុខ ស្បៀង ជីវចម្រុះ និងជីវិតរស់នៅប្រចាំថ្ងៃ។ មូលហេតុគឺបណ្ដាលមកពីសកម្មភាពមនុស្ស ដែលកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ និងការធ្វើកសិកម្មហួសកម្រិត។ នេះជាការលើកឡើង​របស់លោក ជូ រ៉ាឌីណា៕
 
 
 
 
 
 
 

Tag:
 បរិស្ថានអង្គរ
  តំបន់អង្គរ
  ការបំពុលខ្យល់
© រក្សាសិទ្ធិដោយ thmeythmey.com