កីឡាជាតិ
ជាតិ
គម្រោង E-Cambodian Premier League ដើម្បីបង្កើតធនធានកីឡាករកីឡាអេឡិចត្រូនិក
09, Jul 2023 , 7:39 pm        
រូបភាព
រូបក្នុង E-Football
រូបក្នុង E-Football
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្រុមហ៊ុន Cambodian Premier League រួមជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងនឹងបង្កើត E-Cambodian Premier League ដើម្បីបង្កើតធនធានកីឡាករកីឡាអេឡិចត្រូនិក លើប្រភេទវិញ្ញាសា E-Football ឲ្យបានច្រើន សម្រាប់ប្រកួតប្រជែងលើឆាកអន្ដរជាតិ។ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា អះអាងដូច្នេះ ដោយមើលឃើញការរីកចម្រើនបច្ចេកវិទ្យានិងអភិវឌ្ឍលឿន លើប្រភេទកីឡាអេឡិចត្រូនិក។

លោក លន់ សាមឌី បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការបង្កើត E-Cambodian Premier League មិនទាន់សម្រេចជាផ្លូវការ ១០០ភាគរយទេ។ ចំពោះគម្រោងនឹងសម្រេចបែបណា ឬក៏ពេលណានោះ អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិករូបនេះ មិនទាន់អាចបញ្ជាក់បានទេ ប៉ុន្ដែ លោក លន់ សាមឌី បានប្រាប់ពីគោលដៅធំក្នុងការបង្កើត E-Football នេះ ស្របពេល មានប្រទេសជាច្រើន បានបញ្ជូនកីឡាករប្រកួតលើវិញ្ញាសានេះច្រើន លើឆាកអន្ដរជាតិ។ ម្យ៉ាងវិញទៀត ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ វិញ្ញាសា E-Football ប្រហែលជាអាចត្រូវបានដាក់ចូលក្នុងការប្រកួត ព្រោះម្ចាស់ផ្ទះ សម្បូរធនធានកីឡាករ លើវិញ្ញាសាមួយនេះ។
 
«យើង បង្កើតធនធានឲ្យមានច្រើន ដើម្បីប្រកួតប្រជែងជាមួយគេ លើឆាកអន្ដរជាតិ។ យើង នឹងបង្កើតធនធានកីឡាករ-កីឡាការិនី ឲ្យមានគ្រប់ប្រភេទវិញ្ញាសាទាំងអស់។ នៅប្រទេសថៃ គេមាន League សម្រាប់ប្រកួត E-Football របស់គេ។»។ លោក លន់ សាមឌី បាននិយាយប្រាប់ដូច្នេះ។
 
គួរបញ្ជាក់ថា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម វិញ្ញាសា Pug Mobile ត្រូវបានដាក់បញ្ចូលក្នុងការប្រកួត ចំណែកកម្ពុជា បានដាក់វិញ្ញាសា Mobile Legend Bang Bang នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។ ចំពោះ ស៊ីហ្គេម លើកទី៣៣ វិញ្ញាសា E-Football អាចត្រូវបានដាក់បញ្ចូល ដោយសារជាប្រភេទវិញ្ញាសា ដែលម្ចាស់ផ្ទះ មានសក្ដានុពល៕
 

Tag:
 កីឡាអេឡិចត្រូនិក
  E-Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com