អន្តរជាតិ
មេដឹកនាំប្រេស៊ីលនិងកូឡុំប៊ី ប្ដេជ្ញាការពារព្រៃអាម៉ាហ្សូន
09, Jul 2023 , 8:19 pm        
រូបភាព
ប្រធានាធិបតីប្រេស៊ីល និងកូឡុំប៊ី បានពិភាក្សាគ្នានៅថ្ងៃទី៨ ខែកក្កដា អំពីការសម្របសម្រួលក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងការកាប់បំផ្លាញព្រៃឈើនៅព្រៃអាម៉ាហ្សូន ដែលជាព្រៃទឹកភ្លៀងដ៏ធំបំផុតសម្បូរដោយជីវចម្រុះ។

នៅឯកិច្ចប្រជុំនៅទីក្រុង Leticia ជាប់ព្រៃអាម៉ាហ្សូនរបស់កូឡុំប៊ី ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បានអំពាវនាវឱ្យមានការសម្របសម្រួលក្នុងតំបន់ និងពិភពលោកឱ្យកាន់តែប្រសើរស្ថានភាពនៅអាម៉ាហ្សូន។ លោកលើកឡើងថា រដ្ឋាភិបាលរបស់លោកប្តេជ្ញាលុបបំបាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅឆ្នាំ២០៣០ ហើយបណ្តាប្រទេសអាម៉ាហ្សូន Amazon ក៏អាចធ្វើបានដូចនេះនៅក្នុងកិច្ចប្រជុំកំពូលនៅ Belem ដែរ។
 
ជំនួបរវាងលោក Lula និងសមភាគីកូឡុំប៊ី Gustavo Petro បានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សានៅ Leticia កាលពីដើមសប្តាហ៍នេះ រវាងរដ្ឋមន្ត្រីបរិស្ថានមកពីបណ្តាប្រទេសតំបន់អាម៉ាហ្សូន។ ទាំងលោក Petro និងលោក Lula ដែលទើបបានចូលកាន់តំណែងមិនដល់មួយឆ្នាំ សុទ្ធតែបានអំពាវនាវឱ្យប្រទេសអ្នកមានផ្ដល់មូលនិធិដើម្បីជួយបណ្តាប្រទេសនៅអាម៉េរិកខាងត្បូងក្នុងការអភិរក្សព្រៃអាម៉ាហ្សូន ដែលត្រូវបានចាត់ទុកជាចំណុចជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
 
កិច្ចប្រជុំនៅ Leticia ទៀតសោត ជាការប្រុងប្រៀបសម្រាប់កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសអាម៉ាហ្សូន Amazon ដែលរៀបចំដោយប្រេស៊ីលក្នុងទីក្រុង Belem ជាប់នៅមាត់ទន្លេអាម៉ាហ្សូនតែម្ដងក្នុងខែសីហាខាងមុខ។
 
កិច្ចប្រជុំកំពូលនាពេលខាងមុខ នឹងជំរុញប្រទេសនៃអង្គការសន្ធិសញ្ញាសហប្រតិបត្តិការអាម៉ាហ្សូនឱ្យធ្វើសកម្មភាពរួមគ្នាដើម្បីការពារព្រៃឈើ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ដែលត្រូវបានគំរាមកំហែងដោយការកាប់ឈើខុសច្បាប់ ការរុករករ៉ែមាស ការរត់ពន្ធសត្វ និងការជួញដូរគ្រឿងញៀន។
 
អង្គការនេះត្រូវបានបង្កើតនៅឆ្នាំ១៩៧៨ ដោយបូលីវី ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ ហ្គីយ៉ាន់ ប៉េរូ ស៊ូរីណាម និងវេណេស៊ុយអេឡា។ French Guiana ដែលជាទឹកដីនាយសមុទ្ររបស់បារាំង ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំដែរ៕
 

Tag:
 ប្រេស៊ីល
  កូឡុំប៊ី
  អាម៉ាហ្សូន
© រក្សាសិទ្ធិដោយ thmeythmey.com