កម្ពុជាមានបំណុលសាធារណៈសរុប១០,២៧ពាន់លានដុល្លារ។ ទំហំបំណុលនេះ គឺគិតមកទល់ត្រីមាសទី១ ឆ្នាំ២០២៣ ដែលក្នុងនោះ កម្ពុជាជំពាក់បំណុលបរទេសមានដល់ ១០,២៣ពាន់លានដុល្លារ ខណៈបំណុលក្នុងប្រទេសមានត្រឹម ៤២,៤៥លានដុល្លារ។ នេះបើយោងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងចំណោមបំណុលដែលកម្ពុជាជំពាក់បរទេសទាំង១០,២៣ពាន់លានដុល្លារនេះ មាន៦៨៦៤.៣៥លានដុល្លារ ស្មើនឹង៦៧ភាគរយ គឺជាបំណុលទ្វេភាគី ខណៈ៣៣ភាគរយទៀត គឺជាបំណុលពហុភាគី។
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា បន្តរៀបរាប់យ៉ាងលម្អិតថា កម្ពុជាជំពាក់ប្រទេសចិនច្រើនជាងគេដែលមានដល់ ៣ ៩៦២.៥០លានដុល្លារនៃបំណុលបរទេសសរុប។ បន្ទាប់មកប្រទេសជប៉ុន គឺមាន ១ ១៨៦.៩៥លានដុល្លារ, កូរ៉េខាងត្បូងមាន៥២០.១២លានដុល្លារ ខណៈកម្ពុជាក៏ជំពាក់បារាំង៤៩៥.៤១លានដុល្លារ ផងដែរ។ ជាមួយនេះ កម្ពុជាមានបំណុលមរតក ចំនួន៦២០លានដុល្លារ។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា បំណុលមរតក សំដៅដល់បំណុលដែលបន្សល់ទុកដោយរដ្ឋាភិបាលជំនាន់មុន។ ក្នុងបរិការណ៍កម្ពុជា បំណុលមរតក គឺជាបំណុលដែលបានកើតឡើងមុនឆ្នាំ១៩៩៣។ ភាគច្រើននៃបំណុលទាំងនេះ ត្រូវបានចរចាដោះស្រាយជាមួយដៃគូរួចរាល់ ក្នុងនោះមួយចំនួនត្រូវបានទូទាត់ជាស្ថាពរ និងមួយចំនួនទៀត កំពុងត្រូវបានទូទាត់តាមនីតិវិធីសងក្នុងកិច្ចព្រមព្រៀង។ ដោយឡែកចំពោះបំណុលមរតកដែលនៅសេសសល់ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំបន្តដោះស្រាយជាមួយដៃគូឱ្យបានជ្រៈស្រឡះ។
ងាកទៅមើលបំណុលពហុភាគីវិញ កម្ពុជា បានជំពាក់ធនាគារអភិវឌ្ឍអាស៊ី(ADB)ប្រមាណ ២ ១១១.០៣លានដុល្លារ, ធនាគារពិភពលោក(WB) ៩៧៥លានដុល្លារ និងពហុភាគីផ្សេងៗមានក្នុងរង្វង់២៨០លានដុល្លារ ផងដែរ។
ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានាបច្ចុប្បន្ន ត្រូវបានលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មធិការគ្រប់គ្រងបំណុលសាធារណៈ វាយតម្លៃថា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន«ចីរភាព» និង «ហានិភ័យទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពីការរាលដាលនៃវិបត្តិកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់នៅក្នុងអារម្ភកថានៃព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ រួមមាន៖ ក្របខ័ណ្ឌគតិយុត្ត, គោលនយោបាយ យុទ្ធសាស្ត្រ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង់ប្រតិបត្តិការ និងទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល ជាដើម។
បើតាមលោករដ្ឋមន្ត្រីសេដ្ឋកិច្ច បច្ចុប្បន្នរដ្ឋាភិបាលកំពុងអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយែងខ្ពស់នូវវិធានការជាយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រស្តីពីគ្រប់គ្រងបំណុលសាធារណៈ២០១៩-២០២៣ ជាពិសេស គោលការណ៍គន្លឹះទាំង៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់ និងទាំងការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងការគ្របគ្រងការវិនិយោគសាធារណៈ ផងដែរ។
គោលការណ៍គន្លឹះទាំង៥នោះរួមមាន ១៖ ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រំទ្របាន, ២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់, ៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម, ៤៖ ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពស័ក្តិសិទ្ធភាពខ្ពស់បំផុត។
រីឯគន្លឹះសំខាន់ទី៥៖ គឺការប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវស្តង់ដារ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕