កីឡាជាតិ
ជាតិ
AFF U19៖ កម្ពុជាសល់ឱកាសស្ដួចស្ដើងទៅវគ្គ១/២ផ្ដាច់ព្រ័ត្រ ក្រោយចាញ់ឥណ្ឌូណេស៊ី ៥-០
10, Jul 2023 , 1:59 pm        
រូបភាព
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា អាយុក្រោម ១៩ឆ្នាំ ប្រកួតជាមួយ ឥណ្ឌូណេស៊ី រូបពី FFC
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា អាយុក្រោម ១៩ឆ្នាំ ប្រកួតជាមួយ ឥណ្ឌូណេស៊ី រូបពី FFC
ក្រុមជម្រើសជាតិកម្ពុជានារី អាយុក្រោម ១៩ឆ្នាំ នៅមានសង្ឃឹមតិចតួចទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF U-19 Women’s Championship 2023 ដោយត្រូវចាំមើលការប្រកួតរវាងថៃ ប៉ះ មីយ៉ាន់ម៉ា នៅក្នុងពូល C ហើយវៀតណាម ជួបជាមួយ ម៉ាឡេស៊ី ក្នុងពូល B នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ ចាញ់ឥណ្ឌូណេស៊ី ៥-០ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមនារីកម្ពុជា មើលឃើញថា ឥណ្ឌូណេស៊ី មានកម្រិតខ្ពស់ជាងក្រុមខ្លួនឆ្ងាយ។



បើទោះជាចាញ់ក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៥-០ នៅជំនួបចុងក្រោយក្នុងវគ្គជម្រុះពូល A នៃព្រឹត្តិការណ៍ AFF U-19 Women’s Championship 2023 នៅកីឡដ្ឋាន Gelora Sriwijaya កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ក្រុមកម្ពុជា មិនទាន់បាត់បង់ឱកាសទាំងស្រុង សម្រាប់ទៅវគ្គបន្ទាប់ទេ។ ប៉ុន្ដែ រឿង ដែលមិនអាចនឹកស្មានដល់នោះ គឺក្រុមកម្ពុជា បានរបូតគ្រាប់បាល់ដល់ទៅ ៥គ្រាប់ ជាហេតុ ធ្វើឲ្យក្ដីសង្ឃឹមទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាន់តែឃ្លាតឆ្ងាយ បើទោះជា កម្ពុជា មានជ័យជម្នះ ២ប្រកួត ជាមួយក្រុមឡាវ និង ទីម័រខាងកើត ក៏ដោយ។
 
លោក ប្រាក់ វុទ្ធី បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា កម្រិត និងគុណភាពកីឡាការិនីឥណ្ឌូណេស៊ី ល្អច្រើន ទាំងកាយសម្បទា និងយុទ្ធសាស្ដ្រលេង របស់កីឡាការិនីម្នាក់ៗ។ គ្រូបង្វឹករូបនេះ ក៏បានបន្ថែមទៀតផងដែរថា កីឡាការិនីកម្ពុជា នៅមានចំណុចខ្វះខាតច្រើន លើគុណភាពម្នាក់ៗ ជាពិសេសតំបន់ការពារ។ បន្ថែមពីលើនេះទៀត កីឡាការិនី ជា ហ្វារីយ៉ា អ្នកចាំទីកម្ពុជា មានរបួសជើង និងមានបញ្ហាសុខភាពបន្ដិចបន្តួច។ លោក ប្រាក់ វុទ្ធី បញ្ជាក់ថា កីឡាការិនីរូបនេះ គឺជាជម្រើសល្អ ព្រោះក្រុមកម្ពុជា មិនមានជម្រើសល្អជាងនេះ។
 
គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះថា៖«ពិតណាស់ការប្រកួតនេះ ស្ដែងចេញជាបទពិសោធរបស់យើង គុណផលរបស់យើង ដែលយើងមានកម្រិតទាប់ជាងឥណ្ឌូណេស៊ី។ ជាការភ្ញាក់ផ្អើលមួយដែរ យើង ឃើញថាកម្រិតឥណ្ឌូណេស៊ី កើនឡើងខ្លាំង ទាំងឈុតធំ និងឈុតយុវនារី។»។
 
ដោយឡែក ក្រុមកម្ពុជា នៅមានសង្ឃឹមតិចតួចដែរដើម្បីក្លាយជាក្រុមលេខ២ល្អបំផុត ប្រសិនបើវៀតណាម និងថៃយកឈ្នះគូប្រជែងតាមពូលរៀងខ្លួនក្នុងជំនួបចុងក្រោយលើសពី៥គ្រាប់ឡើង។ ជំនួបចុងក្រោយវៀតណាមជួប ម៉ាឡេស៊ីក្នុងពូល B ចំណែក ថៃ ប៉ះមីយ៉ាន់ម៉ា ក្នុងពូល C ដោយការប្រកួតនឹងធ្វើឡើងចាប់ពីរសៀលថ្ងៃទី១០ ខែកក្កដានេះតទៅ។
 
AFF U-19 Women’s Championship 2023 នឹងត្រូវយក៤ក្រុមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយ៤ក្រុមនឹងត្រូវជ្រើសយកក្រុមលេងលេខ១តាមពូលចំនួន៣ក្រុម និងក្រុមលេខ២ល្អបំផុតមួយក្រុម។ ក្នុងពូល A ឥណ្ឌូណេស៊ី មាន ៩ពិន្ទុ ឈរលេខ១ ដោយលេខ២ ក្រុមកម្ពុជា មាន៦ពិន្ទុ ចំណែកឡាវ លេខ៣ និងទីម័រខាងកើត ឈរលេខ៤។ រីឯពូល B ក្រុមវៀតណាម ឈរលេខ ១ មាន៣ពិន្ទុស្មើជាមួយ ម៉ាឡេស៊ី លេខ ២ចំណែក ពូល C ក្រុមនារីថៃ ឈរលេខ ១ មាន៣ ពិន្ទុ ស្មើជាមួយ មីយ៉ាន់ម៉ា លេខ ២៕ 
 
 

Tag:
 បាល់ទាត់
  AFF U-19 Women’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com