ជាតិ
តម្លៃទុរេន នឹងនៅថេរល្អ ទោះមានអ្នកដាំកាន់តែច្រើន
10, Jul 2023 , 3:44 pm        
រូបភាព
​ រូបភាពពីហ្វេសប៊ុកលោក ខៀវ សុខឡេង
​ រូបភាពពីហ្វេសប៊ុកលោក ខៀវ សុខឡេង
រាជធានីភ្នំពេញ៖ ទីផ្សារទុរេនឆ្នាំ២០២៣នេះ ហក់ឡើងខ្លាំងតាំងពីដើមរដូវ រហូតដល់ចុងរដូវប្រមូលផល។ ម្ចាស់ចម្ការទុរេនក្នុងខេត្តមួយចំនួន អាចលក់ទុរេនបានតម្លៃចន្លោះពី១៨០០០រៀល ដល់២ម៉ឺនរៀលក្នុងមួយគីឡូក្រាមនាដើមរដូវ។ រយៈពេល៥ឆ្នាំទៀត ម្ចាស់ចម្ការទុរេននៅកម្ពុជា រំពឹងថា តម្លៃទុរេន នឹងនៅថេរល្អ ហើយអាចនាំចេញទៅក្រៅប្រទេស។

 
លោក ឆម ភារៈ មានទុរេនជាង១ពាន់ដើម នៅស្រុកថ្មបាំង ខេត្តកោះកុង។ ម្ចាស់ចម្ការរូបនេះ បញ្ជាក់ថា រដូវទុរេនឆ្នាំនេះហក់ឡើងខ្ពស់ទាំងទីផ្សារ និងតម្លៃល្អ។ រម្លឹកទៅដើមរដូវអំឡុងខែឧសភា និងដើមខែមិថុនា លោក ភារៈ លក់បោះដុំទុរេនម៉ាន់ថងបានតម្លៃចន្លោះពី១៨០០០រៀល ទៅដល់២ម៉ឺន ក្នុងមួយគីឡូក្រាម។ 

លោក ឆម ភារៈ
 
តម្លៃនេះ ឡើងបន្តិចជាងឆ្នាំមុន បើធៀបនឹងរដូវទុរេននាឆ្នាំកន្លងៗទៅ ដោយសារ​តម្រូវការទីផ្សារខ្ពស់ ហើយទិន្នផលនៅតិចនៅឡើយ។ ឆ្នាំ២០២១ លោក ភារៈ លក់ទុរេនបានតម្លៃត្រឹម១២០០០-១៤០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាមនាដើមរដូវ។ ចំណែកឯចុងរដូវចាប់ពីចុងខែមិថុនា ដល់ខែកក្កដា លោកលក់បានតម្លៃ១៤០០០រៀល ឬ១៥០០០រៀលក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុន លោកលក់ទុរេនបានតម្លៃ១ម៉ឺនរៀលប៉ុណ្ណោះ។
 
«ឆ្នាំនេះយើងចាត់ទុកថាតម្លៃល្អជាង ព្រោះឆ្នាំកន្លងទៅគេមកទិញដុំធំៗតម្លៃធ្លាក់ដល់១ម៉ឺនរៀលក្នុងមួយគីឡូក្រាមក្នុងខែនេះ (ចុងរដូវ)»។ នេះជាការលើកឡើងរបស់លោក ភារៈ ដែលបន្តថា ទុរេនរបស់លោក លក់បោះដុំឱ្យឈ្មួញលក់បន្តក្នុងស្រុកចាប់ពី៥០-១០០គីឡូក្រាម។ 
 
មិនមែនតែលោក ភារៈ ឡើយ ដែលលក់ទុរេនបានតម្លៃថ្លៃ។ ទុរេនកំពតរបស់លោក ស៊ឹម សុជាតិ ក៏លក់បានក្នុងខ្ពស់ផងដែរ។ នាដើមរដូវទុរេន លោក សុជាតិ លក់បានតម្លៃ ៣៥០០ដុល្លារក្នុងមួយតោន។ លោក ភារៈ បានលក់ចេញប្រមាណ២០តោន។ ពាក់កណ្ដាល និងចុងរដូវ តម្លៃទុរេនរបស់កសិកររូបនេះនៅថេរដដែលពុំធ្លាក់ថ្លៃឡើយ។ លោកសប្បាយចិត្តដែលទុរេនមានទីផ្សារល្អ និងតម្លៃខ្ពស់យ៉ាងដូច្នេះ។ លោកបន្តបង្កើនការដាំដុះដើមទុរេនថែមទៀត។ 
 
លោក សុជាតិ លើកឡើងថា៖«ឆ្នាំនេះ ខ្ញុំលក់បានថ្លៃជាងរាល់ឆ្នាំ បើគិតរាយ១គីឡូក្រាម១៤០០០រៀលមែន ប៉ុន្តែតម្លៃប៉ុណ្ណឹងវាថេរតាំងពីដើមដល់ឥឡូវ។ ហើយណាមួយខ្ញុំលក់បានបោះដុំម្ដង២០តោន ៥០តោន។ រាល់ឆ្នាំ ខ្ញុំលក់បានមួយគីឡូក្រាម១៨០០០រៀល តែគេយកតិចៗ ម្ដង១០០-២០០គីឡូក្រាមនៅទុរេនខូចទៀត ខាតច្រើនដែរ»។ 
 
លោក ស៊ឹម សុជាតិ

លោក សុជាតិ បញ្ជាក់ថា ទុរេនរបស់កសិករខ្មែរនៅតែមានទីផ្សារល្អ ទោះ៥-១០ឆ្នាំទៀតក៏ដោយ ព្រោះបច្ចុប្បន្នតម្រូវការទីផ្សារទុរេនកំពុងកើនឡើងខ្លាំង ហើយផលិតផលនៅខ្វះនៅឡើយ។ ដូច្នេះទម្រាំ៥-១០ឆ្នាំទៀតនឹងមានមនុស្សដាំច្រើន ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកគ្រប់គ្រាន់ និងអាចឈានដល់ការនាំចេញផងដែរ។
 
ងាកមកកសិករខេត្តត្បូងឃ្មុំម្នាក់ទៀត លោក ខៀវ សុខឡេង ជាកសិករល្បីមួយរូប។ លោក សុខឡេ លក់ទុរេនបានតម្លៃ ១៨ ០០០រៀលក្នុងមួយគីឡូក្រាមនៅដើមរដូវ។ ចំណែកពាក់កណ្ដាលរដូវ និងចុងរដូវលោកលក់ទុរេនបានតម្លៃ១៤០០០-១៥០០០រៀលក្នុងមួយគីឡូក្រាម។ 
 
លោក ខៀវ សុខឡេង

កសិករវ័យ៥០ប្លាយរូបនេះ បញ្ជាក់ថា ឆ្នាំនេះទុរេនមានទីផ្សារល្អ ងាយស្រួលលក់តាំងពីដើមរដូវប្រមូលផល។ តែយ៉ាងណាលោកថា តម្លៃទុរេនបោះដុំរៀងធ្លាក់បន្តិចក្នុងខេត្តត្បូងឃ្មុំ។ លោក សុខឡេង ក៏សប្បាយចិត្ត ព្រោះ ពលរដ្ឋ មានលទ្ធភាពទិញ ហើយកសិករនៅតែចំណេញ។ 
 
ម្ចាស់ចម្ការទុរេនជាង២០ហិកតារូបនេះ លើកឡើងថា៖« តម្លៃប៉ុណ្ណឹងក៏សមរម្យសម្រាប់កសិករ អ្នកហូប។ បើយើងលក់ថ្លៃហួសហេតុពេក ក៏គេមិនទិញហូបដែរ»។ ទោះ៥-១០ឆ្នាំមានកសិករដាំទុរេនពេញប្រទេស ក៏លោក មិនបារម្ភថាទុរេនអាចធ្លាក់ថ្លៃ និងទីផ្សារដូចដំណាំមួយចំនួននោះដែរ ព្រោះបច្ចុប្បន្នពុំទាន់អាចផ្គត់ផ្គង់គ្រប់តាមតម្រូវការឡើយ។ កសិករ អាចនាំទុរេ ចេញថែមទៀតផង។ លោក ខៀវ សុខឡេង អះអាងថា ទុរេនប្រភេទម៉ាន់ថងរបស់កសិករខ្មែរ មានរសជាតិឆ្ងាញ់ជាងទុរេនដែលនាំចូលពីប្រទេសជិតខាង៕
 
 

Tag:
 ទុរេន
© រក្សាសិទ្ធិដោយ thmeythmey.com