សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនកំពុងប្រឈមនឹងហានិភ័យនៃបរិត្តផរណា
10, Jul 2023 , 8:59 pm        
រូបភាព
អ្នកលក់កំពុងរៀបចំសាច់សម្រាប់លក់នៅផ្សារមួយក្នុងទីក្រុង Chengdu ខេត្ត Sichuan ភាគនិរតីប្រទេសចិន ។ រូបភាព ៖ Xinhua ។
អ្នកលក់កំពុងរៀបចំសាច់សម្រាប់លក់នៅផ្សារមួយក្នុងទីក្រុង Chengdu ខេត្ត Sichuan ភាគនិរតីប្រទេសចិន ។ រូបភាព ៖ Xinhua ។
នៅក្នុងខែមិថុនាអតិផរណារបស់ចិនស្ថិតក្នុងអត្រាសូន្យភាគរយ ខណៈពេលដែលសន្ទស្សន៍តម្លៃអ្នកផលិតបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្កើនការភ័យខ្លាចនៃបរិត្តផរណា និងបង្កើនលទ្ធភាពនៃទីក្រុងប៉េកាំងបញ្ចេញកញ្ចប់ថវិកាបន្ថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ។

 
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ចិនបានធ្លាក់ចុះត្រឹមសូន្យភាគរយក្នុងខែមិថុនា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិននាពេលថ្មីៗនេះ។
 
អតិផរណាស្នូលដោយមិនរាប់បញ្ចូលថ្លៃម្ហូបអាហារ និងថាមពលបានធ្លាក់ចុះមកត្រឹម០,៤ភាគរយពី០,៦ភាគរយក្នុងខែមុន។ សន្ទស្សន៍តម្លៃអ្នកផលិតបានបន្តធ្លាក់ចុះត្រឹម៥,៤ភាគរយធៀបនឹងឆ្នាំមុន។ 
 
លោក Zhang Zhiwei ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pinpoint Asset Management បានមានលើកឡើងថាហានិភ័យនៃបរិត្តផរណា កំពុងមានវត្តមាននៅចិន។
 
បរិត្តផរណា ជាស្ថានភាពដែលទំនិញមានច្រើនជាងតម្រូវការ ដែលការណ៍នេះធ្វើឱ្យអ្នកផលិតត្រូវបង្ខំចិត្តបញ្ចុះតម្លៃសេវាកម្ម និងផលិតផល និងឈានទៅដល់កាត់បន្ថយការផលិតវិញដើម្បីរក្សាតុល្យភាពតម្រូវការ និងការផ្គត់ផ្គង់។
 
ទន្ទឹមនឹងស្ថានភាពនេះ ក្រុមហ៊ុនផលិតបានចំណាយពេលជាច្រើនខែដើម្បីទប់ទល់នឹងតម្លៃទំនិញទាប ជាមួយតម្រូវការខ្សោយនៅក្នុងទីផ្សារក្នុងស្រុក និងបរទេស។ ប្រសិនបើអ្នកប្រើប្រាស់ និងអាជីវកម្មបន្តកំណត់ការចំណាយ ឬការវិនិយោគដោយសង្ឃឹមថាតម្លៃនឹងធ្លាក់ចុះ នោះអាចនាំទៅរកការបង្វែរបរិត្តផរណាកាន់តែខ្លាំង។
 
ការអូសទាញសំខាន់លើមុខទំនិញដែលនាំធ្លាក់ចុះខ្លាំងនៅខែមុនគឺ តម្លៃសាច់ជ្រូក។ តម្លៃសាច់ដែលជាអាហារចម្បងនៅក្នុងរបបអាហាររបស់ចិនបានធ្លាក់ចុះ ៧,២ភាគរយនៅក្នុងខែមិថុនាធៀបនឹងឆ្នាំមុន នឹងប្រមាណ ៣,២ភាគរយបើធៀបខែឧសភា។
 
រដ្ឋាភិបាល​ចិន​បាន​និង​កំពុង​ព្យាយាម​កំណត់​តម្លៃ​សាច់​ជ្រូក​ដើម្បី​រារាំងការធ្លាក់​ចុះបន្ថែមទៀត។ កាលពីសប្តាហ៍មុន ចិនក៏ប្រកាសថា ខ្លួននឹងទិញសាច់ជ្រូកបន្ថែមទៀតដើម្បីស្តុកទុកដើម្បីជំរុញតម្រូវការ។
 
បរិត្តផរណាតម្លៃអ្នកផលិតត្រូវបានជំរុញដោយការធ្លាក់ចុះរយៈពេលយូរនៃតម្លៃទំនិញអន្តរជាតិ។ 
 
សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្ថិតក្នុងអត្រាសូន្យ ខណៈដែលតម្លៃផលិតបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែមិថុនា បានបង្ហាញពីការងើបឡើងវិញក្រោយការរាតត្បាតរបស់ចិនកំពុងបាត់បង់សន្ទុះ។ ការធ្លាក់ចុះនៃតម្លៃគឺជាសញ្ញានៃតម្រូវការទន់ខ្សោយ ក៏ធ្វើឱ្យចក្ខុវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះផងដែរ។ លោក David Qu សេដ្ឋវិទូនៅ Bloomberg បានកត់សម្គាល់ថា​ តម្រូវការសម្រាប់ការជំរុញបន្ថែមពីធនាគារកណ្តាលចិន កំពុងមានការកើនឡើង។ 
 
មកដល់ពេលនេះ វិធានការ​ភាគច្រើនរបស់រដ្ឋ ​នៅមាន​កម្រិតនៅឡើយ​។ ធនាគារកណ្តាលបានកាត់បន្ថយអត្រាប្រតិបត្តិការរបស់ខ្លួនតិចតួចកាលពីខែមុន ហើយរដ្ឋាភិបាលបានបន្តការបន្ធូរបន្ថយពន្ធសម្រាប់អ្នកទិញរថយន្តអគ្គិសនី៕
 

Tag:
 ចិន
  បរិត្តផរណា
© រក្សាសិទ្ធិដោយ thmeythmey.com