ជាតិ
សេដ្ឋកិច្ច
សំណង់១០២៣គម្រោងត្រូវបានអនុម័តក្រោមទុនជិត១​៣០០លានដុល្លារ នៅត្រីមាសទី១
10, Jul 2023 , 9:39 pm        
រូបភាព
រូបសំណង៖ ការដ្ឋានសំណង់មួយកន្លែងនៅរាជធានីភ្នំពេញ។ រូថត៖ ផាត​ ហ៊ាប
រូបសំណង៖ ការដ្ឋានសំណង់មួយកន្លែងនៅរាជធានីភ្នំពេញ។ រូថត៖ ផាត​ ហ៊ាប
ការដ្ឋានសំណង់ចំនួន១០២៣គម្រោងនៅទូទាំងប្រទេស ត្រូវបានអនុម័តឱ្យសាងសង់ក្រោមទុនវិនិយោគសរុប ១ ២៨៤,៥លានដុល្លារអាម៉េរិក។ បើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួនសំណង់ទាំងនេះ គឺស្ថិតនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២​ មានការកើនឡើងដល់២២គម្រោង។

 
ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងចំណោមសំណង់ដែលកំពុងសាងសង់ទាំង១០២៣គម្រោងនេះ គឺមាន៨៩៦គម្រោង ជាប្រភេទសំណង់លំនៅឋាននិងភូមិគ្រឹះ ខណៈសំណង់ពាណិជ្ជកម្មមាន៦១គម្រោង។  សំណង់ឧស្សាហកម្មមាន៤០គម្រោង, សំណង់សាធារណៈមាន១៥គម្រោង និងសំណង់ទេសចរណ៍មាន១១គម្រោង។ 
 



ការសាងសង់សំណង់ទាំងនេះនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ សុទ្ធតែមានកំណើ​នចន្លោះពី៣៦,៤ភាគរយ ដល់ ៧៤,៣ភាគរយ ផ្ទុយពីសំណង់លំនៅឋាននិងភូមិគ្រឹះ បែរជាធ្លាក់ក្នុងអត្រា២,៧ភាគរយទៅវិញ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។ ​ដ្បិត ការសាងសង់នៅតាមផ្នែកនីមួយៗ មានកំណើនគួរឱ្យកត់សម្គាល់ក៏ពិតមែន​ ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្យាករថា អនុវិស័យសំណង់នេះ អាចសម្រេចបានអត្រាកំណើនទាប​​​ត្រឹម០,៦ភាគរយប៉ុណ្ណោះ​ប្រចាំឆ្នាំ២០២៣ ​និង២,៤ភាគរយ ក្នុងឆ្នាំ២០២៤។ 
 
បើតាមក្រសួងសេដ្ឋកិច្ច កំណើនទាបនៃវិស័យនេះ ដោយសារការងើបឡើងយឺតនៃលំហូរវិនិយោគទុនពីបរទេស ជាពិសេសសម្រាប់សំណង់ថ្លៃខ្ពស់ រួមមាន ខុនដូ និងសំណង់បម្រើឱ្យវិស័យពាណិជ្ជកម្ម ទេសចរណ៍ ខណៈការវិនិយោគក្នុងស្រុកនឹងនៅបន្តមានកំណើន ជាពិសេសសម្រាប់លំនៅឋានមានតម្លៃទាប ​ដោយអត្រានៃការរៀបចំគ្រួសារ និងតម្រូវការលំនៅឋាន នៅតែកើនឡើង។ ជាពិសេស សកម្មភាពសំណង់បម្រើឱ្យវិស័យឧស្សាហកម្ម និងសេវាកម្ម មួយចំនួន ដូចជា៖ រោងចក្រផលិតកម្ម និងអគារផ្សារទំនើប ជាដើម នឹងក្លាយជានិន្នាការថ្មីក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩​ ដែលនឹងចូលរួមទ្រទ្រង់ការអភិវឌ្ឍអនុវិស័យសំណង់នេះ ផងដែរ។
 
ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នំា២០២៤ របស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា៖ «រដ្ឋាភិបាល​នឹងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់លើការវិវត្តនៃអនុវិស័យនេះ ដើម្បីដាក់ចេញគោលនយោបាយអន្តរាគមន៍ឱ្យបានទាន់ពេល សំដៅបញ្ចៀសហានិភ័យ​ ដែលអាចកើតមានជាយថាហេតុ ដោយទំនាក់ទំនងខ្លាំងរវាងអនុវិស័យនេះ ជាមួយវិស័យហិរញ្ញវត្ថុ»។ 
 
កន្លងមក អ្នកជំនាញសេដ្ឋកិច្ចពីរាជបណ្ឌិត្យសភាកម្ពុជា លោក គី សិរីវឌ្ឍន៍ បានព្រមានហានិភ័យអាចកើតឡើងក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ដែលបណ្តាលមកពីការផ្គត់ផ្គង់លើពីតម្រូវការ។ 
 
ក្នុងកិច្ចពិភាក្សាតុមូលស្តីពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៣ខែមិថុនា លោក គី សិរីវឌ្ឍន៍ បានលើកឡើងពីកត្តាសំខាន់ៗមួយចំនួនដែល នាំឱ្យការផ្គត់ផ្គង់អចលនទ្រព្យនៅកម្ពុជាខ្ពស់ជាងតម្រូវការ។ ក្នុងនោះ​មាន៖ ទី១ បញ្ហាមកពីផលចំណេញខ្ពស់ធ្វើឱ្យមនុស្សនាំគ្នាសម្រុកវិនិយោគលើវិស័យនេះ, ទី២ ទីផ្សារអចលនទ្រព្យនាមុនអំឡុងកូវីដ-១៩ មានហាងឆេង ដែលជាទូទៅគេនិយមទិញផ្ទះដើម្បីលក់បន្ត។ ទី៣​ ការទិញផ្ទះដែលមានហានិភ័យ គឺលោកចង់សំដៅលើការយកលុយធនាគារទៅទិញ និងចុងក្រោយ គឺការទិញផ្ទះដោយប្រាក់កម្ចីក្នុងរយៈពេលវែង ឬបង់រំលោះ។
 
បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ ប្រសិនបើវិស័យនេះ នៅតែមានការសាងសង់និងជំរុញការផលិតបន្តទៅទៀតនោះ វានឹងធ្វើឱ្យមានការជាប់គាំង និងមានវិបត្តិ ពីព្រោះការអភិវឌ្ឍនៅតំបន់វាលស្រែ តំបន់ដាច់ស្រយាលឱ្យក្លាយជាទីក្រុង ឬក្លាយជាតំបន់អភិវឌ្ឍនោះ គឺវាមិនមែនជាការងាយស្រួល ហើយក៏មិនអាចធ្វើឱ្យទីតាំងក្នុងតំបន់នោះលូតលាស់លឿន ដូចនូវអ្វីដែលក្រុមហ៊ុនអចលនទ្រព្យបានបង្ហាញនោះទេ៕ 
 
 

Tag:
 សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com