សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន៖ ដីទិញតម្លៃ៣,៣ពាន់លានដុល្លារ លក់វិញត្រឹម១,៨ពាន់លានដុល្លារគ្មានអ្នកដេញថ្លៃ
10, Jul 2023 , 10:19 pm        
រូបភាព
គម្រោងមជ្ឈមណ្ឌលអន្តរជាតិសំខាន់ៗក្នុងទីក្រុង Shenzhen ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Shimao Group ។
គម្រោងមជ្ឈមណ្ឌលអន្តរជាតិសំខាន់ៗក្នុងទីក្រុង Shenzhen ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Shimao Group ។
ក្រុមហ៊ុនអចលនទ្រព្យ Shimao Group របស់ចិន ធ្លាប់ទិញដីឡូតិ៍មួយកន្លែងក្នុងតម្លៃ ៣,៣ពាន់លានដុល្លារ ប៉ុន្តែបច្ចុប្បន្នបានដាក់លក់វិញស្ទើរតែពាក់កណ្តាលនៃតម្លៃកាលពីពេលទិញប្រមាណ១,៥ពាន់លានដុល្លារ ប៉ុន្តែគ្មាននរណាម្នាក់មកទិញនោះទេ។

 
ថ្មីៗនេះក្រុមហ៊ុនអចលនទ្រព្យ Shimao បានដាក់លក់ដីមួយកន្លែងដែលមានទំហំស្មើនឹងទីលានបាល់ទាត់ចំនួន៣៤ នៅទីក្រុង Shenzhen ក្នុងតម្លៃ ១,៨ពាន់លានដុល្លារ។ នៅឆ្នាំ ២០១៧ ក្រុមហ៊ុននេះបានទិញវាក្នុងតម្លៃ ២៤ ពាន់លានយ័ន ៣,៣ពាន់លានដុល្លារ) ក្នុងតម្លៃខ្ពស់បំផុតនាពេលនោះ ។ ដូច្នេះតម្លៃលក់បច្ចុប្បន្នគឺស្មើនឹងការបញ្ចុះតម្លៃ ៤៥ភាគរយបើធៀបនឹងពេលទិញ។
 
បើធៀបទៅនឹងការវាយតម្លៃបច្ចុប្បន្ន ការផ្តល់ជូននេះក៏នៅតែទាបជាង២០ភាគរយ ប៉ុន្តែនៅតែគ្មាននរណាម្នាក់ចូលមកដេញថ្លៃរបស់ជាមួយក្រុមហ៊ុន Shimao នោះទេ។ នេះបើយោងតាមលទ្ធផលដែលបានចេញផ្សាយនៅលើគេហទំព័រដេញថ្លៃអនឡាញ JD ។ អ្នកវិភាគទ្រព្យសកម្មពីររូបគឺ Kristy Hung និង Lisa Zhou របស់ Bloomberg Intelligence បាននិយាយថា ការដេញថ្លៃបរាជ័យអាចបង្កើតឧបសគ្គបន្ថែមទៀតសម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ក្រុមហ៊ុន Shimao ។
 
គម្រោង​ដើម​របស់​ក្រុម​ក្នុង​ការទិញ​ដី​នេះ ​គឺ​ការ​សាងសង់​មជ្ឈមណ្ឌល​អន្តរជាតិ Shimao Shenkong ដែល​មាន​អគារ​ខ្ពស់​កម្ពស់ ៥០០ម៉ែត្រ។ ក្រុមហ៊ុនធ្លាប់មានមហិច្ឆតាបោះទុនវិនិយោគប្រមាណ ៥០ពាន់លានយ័ន (៦,៩ ពាន់លានដុល្លារ) ដើម្បីសាងសង់គម្រោងនេះ។
 
ក្រុមហ៊ុនធ្លាប់បានលើកឡើងពីកម្រោងនានាបន្ថែមពីលើអគារខ្ពស់ៗនេះមានដូចជា ៖ សួនកម្សាន្តទំនើប សណ្ឋាគារអន្តរជាតិ មជ្ឈមណ្ឌលច្នៃប្រឌិតសម្រាប់យុវជនទីក្រុង Shenzhen និងហុងកុង រោងមហោស្រពអន្តរជាតិ និងអាផាតមិនប្រណីតៗ។
 
ប៉ុន្តែគម្រោងនេះបានជួបបញ្ហាកាលពីឆ្នាំមុន នៅពេលដែល Shimao ខកខានការទូទាត់លើមូលបត្របំណុលមួយចំនួនដែលបានចេញដើម្បីបង្កើនដើមទុនសម្រាប់ការសាងសង់។ Citic Trust ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលបត្របំណុលបានរឹបអូសទ្រព្យសម្បត្តិ និងប្តឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Shimao ។
 
វិបត្តិ​អចលនទ្រព្យ​រយៈពេល​ពីរ​ឆ្នាំ​របស់​ចិន ​ប្រហែលជា​មិនទាន់​ចប់​នៅឡើយ​ទេ​។ ការ​ងើបឡើងវិញខ្លះៗនា​ដើម​ឆ្នាំ​នេះ ហាក់​បាន​រសាត់​ឆ្ងាយទៅហើយ។
 
លោកស្រី Anitza Nip ប្រធានផ្នែកស្រាវជ្រាវប្រាក់ចំណូលថេរប្រចាំតំបន់អាស៊ីរបស់ Union Bancaire Privee បាននិយាយថា វិនិយោគិនមានការខកចិត្តចំពោះការស្ទុះងើបយឺតនៃទីផ្សារលំនៅដ្ឋាន។ លោក​ស្រី​បន្ត​ថា​៖ «​ផ្លូវ​ទៅ​រក​ការ​ងើប​ឡើង​វិញ​ហាក់​ដូច​ជា​វែង​ជាង​អ្វី​ដែល​បាន​ព្យាករ​កាល​ពី​ដើម​ឆ្នាំ​នេះ»។
 
បើតាមលោកស្រី Anitza Nip  វិនិយោគិនមានការព្រួយបារម្ភមិនត្រឹមតែអំពីហានិភ័យឥណទានចំពោះក្រុមហ៊ុនបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏ព្រួយអំពីវិស័យអចលនទ្រព្យទាំងមូលផងដែរ ដោយសារតែដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញយឺត ៕
 

Tag:
 អចលនទ្រព្យ
  ចិន
  Shenzhen
© រក្សាសិទ្ធិដោយ thmeythmey.com