ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
អ្នក​និពន្ធ​ លឹម ផាន់ណា ប្រាប់គន្លឹះតែងនិពន្ធ​ប្រលោម​លោកខ្នាត​​​ខ្លី ​និង​កំណាព្យ​រឿង​ ដើម្បីឈ្នះ​​ពាន
11, Jul 2023 , 7:59 am        
រូបភាព
រូប​ផ្ដល់ឱ្យ
រូប​ផ្ដល់ឱ្យ
ភ្នំពេញ​៖ អ្នក​នាង​ លឹម ផាន់​ណា ដែល​ទទួ​ល​បាន​ពាន​រង្វាន់​ជា​ច្រើន ​លើ​ស្នាដៃ​រឿង​ខ្លី និង​កំណាព្យ​រឿង​ទាំង​ថ្នាក់​ជាតិ និង​តំបន់ ​បាន​ប្រាប់​​គន្លឹះ​មួយ​ចំនួនក្នុង​ការ​តែង​និពន្ធ​​ប្រលោម​លោក​ខ្នាត​ខ្លី និង​​កំណាព្យ​រឿង​ ដើម្បី​មាន​សង្ឃឹម​ឈ្នះ​ពាន​រង្វាន់​ផ្សេង​ៗ​។ អ្នក​និពន្ធ​រូប​នេះ ​ថា​​គន្លឹះ​ទាំង​៦ ​ដែល​ខ្លួន​នឹង​លើក​ឡើង​នៅ​ខាង​ក្រោម ​អាចមិនត្រូវទាំងស្រុង តែ​អាចត្រូវ ភាគច្រើន ដោយ​អ្នក​នាង​គ្រាន់​តែ​ច្បិចយកជ្រុងមួយ នៃការបង្កើតសាច់រឿង និងពុំបាន លើកឡើងពីអត្ថរូប ឬវិធីតែង​មក​​បរិយាយ​ឡើយ។

 
ជា​អ្នក​និពន្ធ​អត្ថបទ​ភាព​យន្ត រឿង​ប្រលោម​លោកខ្នាត​ខ្លី កំណាព្យ​ និង​បទ​ចម្រៀង​​ឯករាជ្យ​មួយ​រូប​ អ្នក​នាង​លឹម​ ផាន់ណា ថា​គន្លឹះ​ទាំង​៦​ចំណុច​ខាង​​ក្រោម អាច​មិន​សូវ​ក្បោះ​ក្បាយ ប៉ុន្តែ​អាច​យក​ទៅ​អនុវត្តន៍​បាន ដោយ​ការ​ខិត​ខំ​ស្រាវ​ជ្រាវ​​បន្ថែម​ទៀត​។​  
 
កវីនិពន្ធ​រូប​នេះ ថា​​ការបង្កើតសាច់រឿង អ្នកសរសេរឬអ្នកនិពន្ធ ត្រូវ​ផ្ដោតលើចំណុចជា​ច្រើន​​ ប៉ុន្តែ​អ្នក​នាង ​សូម​លើ​ក​យក​តែ​៦​ចំណុច ដែល​ជា​ចំណុច​គួរ​ចៀស​វាង និង​គួរ​អនុវត្តន៍​​​។

រូប​ផ្ដល់ឱ្យ

ចំណុចទី​១ គឺ​ជា​រឿង​​ដែល​គួរ​ចៀស​វាង​។​ អ្នក​និពន្ធ​ លឹម ផាន់ណា ថា​អ្នក​និពន្ធ​ មិន​គួរ​​កែ​សម្រួលស្នាដៃរបស់អ្នកដទៃ មក​ធ្វើ​ជា​របស់​ខ្លួនឡើយ​។ មានន័យថាការ​យកសាច់រឿង​របស់​អ្នក​​ដទៃ​ មកកែបន្តិចបន្តួច ដោយ​ប្ដូរឈ្មោះតួអង្គ និងទីតាំង។ នារីរូប​ស្រស់​រូប​នេះ ថា​អ្នកនិពន្ធគប្បីច្នៃប្រតិដ្ឋសាច់រឿង ដែលចេញពីគំនិតខ្លួនឯង។
 
ចំណែក​ចំណុច​ទី​២ គឺ​ជា​រឿង​គួរ​ពិចារណា​​។ នារី​វ័យ​៣៣​ឆ្នាំ​រូប​នេះ​ថា ការសរសេររឿង​តាមលំដាប់លំដោយ ពី១ ២ ៣ ដល់ ១០ គឺ​ជា​វិធី​តែង​ដែល​មាន​មនុស្ស​ច្រើន​នាក់ ​បាន​ធ្វើ​រួច​មក​ហើយ​។ ​ម្យ៉ាង​វិធី​នេះ ពុំ​សូវ​ទទួល​បាន​ចំណាប់​អារម្មណ៍​ ពី​អ្នក​អាច​​ច្រើន​ឡើយ​ ព្រោះ​ពុំ​​មាន​កន្លែង​ណា​អាច​ពញ្ញាក់​អារម្មណ៍​អ្ន​ក​អា​ន​។  
 
ផាន់​ណា ពន្យល់​បែប​នេះ​៖ «ឧទាហរណ៍ កុមារាម្នាក់ កើតក្នុងគ្រួសារក្រីក្រ ត្រូវគេ​មើល​ងាយ តែគាត់ខំតស៊ូរហូតដល់រៀនចប់ ហើយទទួល​បាន​ជោគជ័យ។ ឬកុមារីម្នាក់ ជាកូន​អ្នក​​ក្រ តែនាងខំរៀនសូត្រ រហូតចប់មហាវិទ្យាល័យ និងបានជួបបុរសដែលនាងស្រលាញ់ តែគ្រួសារខាងប្រុសរើសអើង ដោយសារនាងជាកូនអ្នកក្រ។ល។ កាលណាអ្នកនិពន្ធ ប្រើ​របៀបសរសេរបែបនេះ សាច់រឿងអាចនឹងស្រដៀងគ្នា ទៅនឹងរឿងរបស់អ្នកដទៃ ដែលចូល​ចិត្ត​សរសេររបៀបនេះដែរ»។
 
 រូប​ផ្ដល់ឱ្យ
 
រីឯចំណុច​ទី​៣​ គឺ​ជា​អ្វី​ដែល​អ្នក​និពន្ធ​ លឹម ផាន់​ណា​ ណែ​នាំ​ឱ្យ​អនុវត្តន៍​។ អ្នក​នាង​ថា ​អ្នក​និពន្ធ​គួរបង្កើតប្រធានបទ ក្នុងស្នាដៃរបស់ខ្លួន ដោយច្បិចយកអ្វីមួយ មកធ្វើជាគោល ហើយ​​បំបែកសាច់រឿង កុំឱ្យឃ្លាតឆ្ងាយពីប្រធានបទដែលខ្លួនបង្កើតឡើង។ ធ្វើបែបនេះ អាច​ធ្វើឱ្យអ្នកនិពន្ធ បង្កើតបាននូវសាច់រឿងថ្មីៗ។ បើមិនដូច្នោះទេ សាច់រឿងរបស់ខ្លួន នឹង​មានដំណើរដូចជាជីវិតតស៊ូ ដដែលជាដដែល ដូចដែលអ្នក​និពន្ធ​បាន​បញ្ជាក់​នៅ​ចំណុច​ទី​២​ខាងលើ។ 
 
ការ​កំណត់​ចំនួន​តួអង្គ​ ស្ថិត​នៅ​ក្នុង​ចំណុចទី​៤​ដែល​ ផាន់​ណា​ លើក​ឡើង​។ នេះ​គឺ​ជា​ចំណុច​ដ៏​សំខាន់ ដើម្បី​ជួយ​ឱ្យអ្ន​ក​និពន្ធ ​អាច​ថ្លឹងថ្លែងថា សាច់រឿង​របស់​ខ្លួន​ ត្រឹម​ចន្លោះ១៥ទំព័រ តើ​គួរបង្កើតតួអង្គប៉ុន្មាននាក់ទើបសមល្មម?
 
«​ការបង្កើតតួអង្គមកច្រើន តែប្រើប្រាស់​មិនអស់លទ្ធភាព ហាក់មិនសូវជួយដល់សាច់រឿង។ តួ​អង្គដែលកើតមកហើយ ត្រូវមានតួនាទីឬសកម្មភាព ដែលត្រូវជាមួយ​បេសកកម្ម​របស់​តួអង្គ​នោះ។ ឧទាហរណ៍តួស្រី ស្រលាញ់ និងឱ្យតម្លៃអក្សរសាស្ដ្រ ហើយទីបំផុត​នាងបាន​ស្វែក​រកមូលនិធិបង្កើតបណ្ណាល័យ សម្រាប់ប្រជាជន និងកុមារនៅតំបន់ដាច់ស្រយាល ដើម្បី​លើកកម្ពស់ការយល់ដឹង និងទម្លាប់អានសៀវភៅ»។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់​ អ្នក​​និពន្ធ​ ផាន់​ណា​។
 
អ្នក​នាង​ពន្យល់​បន្ថែម​ថា ការ​កំណត់​អត្តចរិត​របស់​តួអង្គ ក៏ជា​​រឿងសំខាន់​​ខ្លាំង​ណាស់​ដែរ​។ កាលណាអ្នកនិពន្ធ​មិនច្បាស់ពីតួអង្គរបស់ខ្លួន អាចនឹងធ្វើឱ្យចរិតតួអង្គប្រែប្រួល ពីឈុត​មួយ ទៅឈុតមួយទៀត ដោយមិនសមហេតុផល។ អ្នក​នាង​ឧទាហរណ៍ថា តួឯក​ប្រុសម្នាក់ អ្នកនិពន្ធបានរៀបរាប់ពីខាងដើមថា គាត់ជាសុភាពបុរស តែដល់វគ្គបន្ទាប់ បែរ​ជា​គាត់បញ្ចេញឫកពា ដូចព្រាននារី ចាប់ដៃតួឯកស្រី យ៉ាងគឃ្លើន ឬគាត់បែរជាហ៊ានប្រើ​សម្ដីស្ដីបន្ទោសម្ដាយ ដោយមិនញញើតមាត់។ អ្នក​និពន្ធ​សម្បុរ​​ស​រូប​នេះ ​បន្តឧទាហរណ៍ថា ក្មេងម្នាក់ទើបតែរៀនថ្នាក់អនុវិទ្យាល័យ តែបែរជាមានសមត្ថភាពអាចអាន​សៀវភៅ ដែល​មានកម្រិតខ្ពស់ លើសពីកម្រិតយល់ដឹងរបស់ខ្លួន​បាន​ជា​ដើម​​​។
  
 រូប​ផ្ដល់ឱ្យ
 
«ជាការពិត អ្នកនិពន្ធក៏អាចឱ្យចរិតតួអង្គប្រែប្រួលបានដែរ តែត្រូវស្គាល់ចិត្តសាស្ដ្រ​​របស់​តួ​អង្គ​​ខ្លួនឯងឱ្យច្បាស់។ ស្គាល់ពីប្រភពរបស់តួអង្គ ថាតើតួអង្គនេះ គួរមានចិត្តរំភើប​បែប​ណា ក្នុងកាលៈទេសៈណាមួយ។ តួអង្គនេះ ស្ថិតក្នុងវ័យប៉ុណ្ណោះ តើប្រើភាសាបែបនេះត្រឹម​ត្រូ​វ​នឹង​តថភាពទេ?»។ ផាន់ណា បន្ថែម​។
 
ចំពោះ​ចំណុច​ទី​៥​វិញ គឺ​ទំហំ​រឿង​។ អ្នក​និពន្ធ​ដែល​មាន​បទ​ពិសោធ និពន្ធ​​ប្រលោម​លោក​ ​តាំង​​ពី​រៀន​ថ្នាក់​វិទ្យា​ល័យ​រូប​នេះ ថា​​អ្នកនិពន្ធគួរលកលៃសាច់រឿង ឱ្យសមល្មមនឹង​ប្រធាន​បទរឿងរបស់ខ្លួន។ ការមិនច្បាស់ពីសាច់រឿងរបស់ខ្លួនឯង អាចធ្វើឱ្យអ្នកនិពន្ធ សរសេរ​អូស​ក្រឡាវែង ខណៈសាច់រឿងរបស់ខ្លួនមានទំហំតូច។ ជាការល្អ ប្រសិន​អ្នកនិពន្ធ អាច​បង្កើត​រឿងខ្លីហើយខ្លឹម សាច់រឿងណែនល្អ មិនចាកប្រធាន។
 
ឯចំណុច​ទី​៦​វិញ គឺ​ការ​ធ្វើ​គម្រោង​រឿង​។ អ្នក​និពន្ធ​រូប​នេះ​ថា​ មាន​ក៏​បាន​មិន​មាន​ក៏​បាន​។ ប៉ុន្តែ​​វា​ល្អ​សម្រាប់​អ្នក​និពន្ធ​ថ្មី​ថ្មោង​។​ ​គ្រោងរឿង ប្រៀបដូចផែនទីមួយ ជួយឱ្យអ្នកនិពន្ធ​ទៅ​ដល់គោលដៅរឿង ដោយមិនឃ្លាតឆ្ងាយពីប្រធានបទ។ 
 
ផាន់ណា ពន្យល់​បន្ថែម​៖ «អ្នកនិពន្ធ​អាចធ្វើបញ្ជីសកម្មភាព ឬបេសកកម្មឱ្យតួអង្គ ពីឈុត​ឆាកមួយ ទៅឈុតឆាកមួយទៀត​។ ហើយប្រសិនពិនិត្យទៅឃើញថា ​មិនល្អគ្រប់គ្រាន់ វា​ក៏បង្កភាពងាយស្រួល ដល់អ្នកនិពន្ធ​ក្នុងការកែតម្រូវដែរ​»។
 
ទោះ​ជា​យ៉ាង​ណា អ្នក​និពន្ធវ័យ​៣៣​ឆ្នាំ​រូប​នេះ លើក​ទឹក​ចិត្ត​អ្ន​កស្រលាញ់ ការតែង​និពន្ធ​ទាំង​ឡាយ ព្យាយាមស្រាវជ្រាវបន្ថែមទៀត។

 រូប​ផ្ដល់ឱ្យ
 
សូម​រំលឹក​ថា ក្នុងឆ្នាំ២០១០ អ្នកនាង លឹម ផាន់ណា បានទទួលជ័យលាភី លេខ៣​ផ្នែក​កំណាព្យ ក្នុងកម្មវិធី “ទិវាយុវជនស្ម័គ្រចិត្តអន្តរជាតិ”។ ឆ្នាំ២០១១ ទទួលបានជ័យ​លាភី​លេខ៣ លើសំណេរអត្ថបទ «ការផ្សះផ្សាជាតិ និងតួនាទីយុវជន ក្នុងការផ្សះផ្សាផ្លូវចិត្ត ជន​រងគ្រោះក្រោយរបបខ្មែរក្រហម» រៀបចំដោយអង្គការ “កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន​(YRDP)”។
  
ក្នុងឆ្នាំ២០១២ បានទទួលជ័យលាភី លេខ២ផ្នែកកំណាព្យ “រសជាតិជីវិត” រៀបចំដោយ សមាគមអ្នកសាបព្រោះ។ ក្នុងឆ្នាំ២០១៣ ទទួលជ័យលាភី លេខ២ផ្នែកទំនុកច្រៀង ស្ដីអំពី «ធនធាន ធម្មជាតិ» ដែលរៀបចំដោយអង្គការ KYSD។ ឆ្នាំ២០១៨ ទទួលបានជ័យលាភីលេខ២ សម្រាប់ការប្រកួតពានរង្វាន់ “លីធាមតេង” លើស្នាដៃប្រលោមកំណាព្យរឿង«ម្លប់ជីវិត»។
  
ឆ្នាំ២០១៩ ទទួលបានជ័យលាភីលេខ១ នៃពានរង្វាន់ «ព្រះនាង ឥន្ទ្រទេវី» លើស្នាដៃ​ប្រលោម​កំណាព្យ រឿង «សោភ័ណស្រ្ដី» រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ឆ្នាំ​២០១៩ ដដែល ផាន់ណាទទួលបានជ័យលាភីលេខ៣ ពានរង្វាន់ «ពុទ្ធសាសនបណ្ឌិត្យ» លើ​​ស្នាដៃ​រឿងខ្លី «ពន្លឺជីវិត» រៀបចំដោយ ក្រសួងធម្មការ និងសាសនា។
 
 ឆ្នាំ២០១៩ ទទួលជ័យលាភីលេខ២ ពី”មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៣” លើ​ស្នាដៃ​រឿង​ខ្លី«ឡានឈ្នួល»។ ឆ្នាំ២០២០ ជ័យលាភីលេខ២ «ពានរង្វាន់កវី វ៉ែន សុន» លើស្នាដៃ​កំណាព្យ​​រឿង «ភ្ញាក់ពីសុបិន» និងឆ្នាំ២០២១ នាងទទួលបានជ័យលាភីលេខ១ ពានរង្វាន់ «ទន្លេ​មេគង្គ​»​ លើស្នាដៃកំណាព្យរឿង «មេគង្គដួងចិត្ត»៕
 

Tag:
 សិល្បៈ​
  តែង​និពន្ធ​
  ប្រលោម​លោក​
  រឿង​ខ្លី​
  គន្លឹះ​
© រក្សាសិទ្ធិដោយ thmeythmey.com