ជាតិ
«ការបញ្ចេញអនុភាពនៃសមភាពយេនឌ័រ» ជាប្រធានបទទិវាប្រជាជនពិភពលោកលើកទី៣៤ នៅកម្ពុជា
11, Jul 2023 , 11:40 am        
រូបភាព
រដ្ឋាភិបាល ប្ដេជ្ញាលើកកម្ពស់ និងកិត្យានុភាពរបស់ស្ត្រី នៅក្នុងសង្គម។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល នៅក្នុងប្រធានបទ «ការបញ្ចេញអនុភាពនៃសមភាពយេនឌ័រ៖ ការជ្រោងឡើងនូវសំឡេងស្ត្រី និងក្មេងស្រី ដើម្បីបង្ហាញពីលទ្ធភាពគ្មានដែនកំណត់នៃពិភពលោកយើង» នៃការប្រារព្ធទិវាប្រជាជនពិភពលោកលើកទី៣៤ នៅថ្ងៃទី១១ កក្កដា។



ប្រធាននេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងស្ថានភាពពិភពលោក ដែលកំពុងបន្តជួបបញ្ហាវិសមភាពយេនឌ័រ ភាពក្រីក្រ និងបម្រែបម្រួលប្រជាសាស្រ្ត។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ស្ត្រី និងក្មេងស្រី៤៩,៧ ភាគរយនៃប្រជាជនក្នុងពិភពលោក ពុំសូវបានយកចិត្តទុកដាក់ និងពិភាក្សាក្នុងដំណើរការរៀបចំគោលនយោបាយអភិវឌ្ឍន៍ ឱ្យស្របតាមគោលបំណងរស់នៅក្នុងគ្រួសារ ការងារ និងសិទ្ធិរបស់ពួកគេនោះទេ។
 
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ពិភពលោកមិនបានគិតគូរគ្រប់ជ្រុងជ្រោយដល់សក្ដានុពលរបស់មនុស្សគ្រប់រូបនៅលើផែនដី ដែលវានឹងក្លាយជាបញ្ហារារាំង ក្នុងការឆ្ពោះទៅរកសន្តិភាព វិបុលភាព និងនិរន្តភាព នៅលើពិភពលោក នាពេលអនាគត។
 
តាមរយៈសារលិខិត ៥ទំព័ររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ៖«វិសមភាពយេនឌ័រ គឺជាកត្តារារាំងស្ត្រី និងក្មេងស្រី ក្នុងការទទួលបានការអប់រំពេញលេញ ការរួមកម្លាំងការងារ ការថែទាំសុខភាព សិទ្ធិក្នុងការសម្រេចចិត្ត និងទទួលបានមុខតំណែងជាអ្នកដឹកនាំ។ ដូច្នេះការលើកកម្ពស់សមភាពយេនឌ័រ គឺទាមទារឱ្យយើងស្ដាប់សំឡេងរបស់ស្ត្រី និងក្មេងស្រី ដើម្បីស្វែងយល់ឱ្យច្បាស់អំពីបញ្ហាប្រឈម ដែលពួកគេជួបប្រទះនៅក្នុងការសម្រេចបាននូវបំណងប្រាថ្នា និងសក្តានុពលរបស់ពួកគេ»។
 
ក្នុងន័យនេះ ការសម្រេចចិត្តគោលនយោបាយដោយមានការផ្សារភ្ជាប់ជាមួយសមភាពយេនឌ័រ គឺជាគន្លឹះសំខាន់សម្រាប់ការឈានទៅរកដំណោះស្រាយបញ្ហាកំណើនប្រជាជន ភាពក្រីក្រ សិទ្ធិនិងជម្រើសរបស់ប្រជាជន រួមទាំងសិទ្ធិស្ត្រី និងក្មេងស្រី និងបញ្ហាពាក់ព័ន្ធនានា។ សម្ដេច ហ៊ុន សែន បន្ថែម។
 
រដ្ឋាភិបាល កំពុងជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈអនុគ្រោះដល់ស្ត្រីគ្រប់រូប ដើម្បីមានឱកាស និងលទ្ធភាពកាន់តែទូលាយ សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយ។ រដ្ឋាភិបាល ក៏កំពុងដោះស្រាយបញ្ហាជាច្រើនទៀត ដែលស្រ្តីគ្រប់វ័យកំពុងប្រឈមដូចជា បញ្ហាសុខភាព ការអប់រំ ការរំលោភបំពាន និងសិទ្ធិនៃការចូលរួម និងសិទ្ធិក្នុងការសម្រេចចិត្តជាដើម ក្នុងការបញ្ជ្រាបយេនឌ័រទៅគ្រប់គោលនយោបាយ ផែនការអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រ និងសកម្មភាពបញ្ជ្រាបយេនឌ័រទៅគ្រប់ក្រសួង ស្ថាប័ន រួមទាំងការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងនារីភេទ។
 
លើសពីនេះ សិទ្ធិស្ត្រី និងក្មេងស្រី ក្នុងការជ្រើសរើសគូស្រករ ការមានកូន និងចំនួនកូន ដែលពួកគេចង់បាន ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ នៅក្នុងគោលនយោបាយរដ្ឋាភិបាលដែរ។ រដ្ឋាភិបាល បានដាក់ចេញ «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០​ » ដោយទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ឱ្យមានសិទ្ធិជាមូលដ្ឋាន ក្នុងការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និងការពន្យារកំណើត ហើយបង្កលទ្ធភាពឱ្យស្ត្រី និងក្មេងស្រី ទទួលបានព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយ ដើម្បី​សម្រេចចិត្តនេះ។
 
«ដើម្បីចាប់យកឱកាសនៃភាគលាភប្រជាសាស្រ្តដែលកំពុងមាន កម្ពុជាចាំបាច់ត្រូវមានការតម្រង់ទិសគោលនយោបាយ តាមវិស័យពាក់ព័ន្ធឱ្យបានសមស្រប និងទាន់ពេល តាមរយៈគោលនយោបាយជាតិប្រជាជន ដែលជាក្របខណ្ឌគោលនយោបាយរួមមួយ សម្រាប់តម្រង់ទិសគ្រប់វិស័យ។ ជាពិសេសការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការបង្កើតការងារ និងផលិតភាពការងារ ការបង្កើនការវិនិយោគលើវិស័យសុខាភិបាល បច្ចេកវិទ្យាឌីជីថល យេនឌ័រ និងការបង្កើតឱ្យមានកម្មវិធីសន្សំប្រាក់ សំដៅប្រែក្លាយកម្លាំងពលកម្មឱ្យក្លាយទៅជាមូលធនមនុស្ស សម្រាប់ជំរុញការអភិវឌ្ឍប្រទេសឱ្យបានលឿនជាងមុន»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
សម្ដេច ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រួបរួមគ្នា ដើម្បីទទួលយកនូវព្រឹត្តិការប្រជាសាស្រ្តដែលកំពុងកើតមាន និងអនាគត។ ជាពិសេសដោះស្រាយបញ្ហា និងបញ្ចៀសផលប៉ះពាល់អវិជ្ជមាន ហើយទាញយកយកអត្ថប្រយោជន៍ភាគលាភប្រជាសាស្រ្ត និងភាគលាភយេនឌ័រ តាមរយៈ «ការបញ្ចេញអនុភាពនៃសមភាពយេនឌ័រ៖ ការជ្រោងឡើងនូវសំឡេងស្ត្រី និងក្មេងស្រី ដើម្បីបង្ហាញពីលទ្ធភាពគ្មានដែនកំណត់នៃពិភពលោកយើង»៕
 

Tag:
 ហ៊ុន សែន
  យេនឌ័រ
© រក្សាសិទ្ធិដោយ thmeythmey.com