អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​ វ៉ាង យី នឹងទៅប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជំនួសរដ្ឋមន្រ្តីការបរទេសដែលមាន បញ្ហាសុខភាព
11, Jul 2023 , 7:39 pm        
រូបភាព
លោក វ៉ាង យី ( ឆ្វេង) និងលោក ឈីន កាង (ស្តាំ)​ ។
លោក វ៉ាង យី ( ឆ្វេង) និងលោក ឈីន កាង (ស្តាំ)​ ។
រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង មិនបានចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងហ្សការតាបានទេ ដោយសារហេតុផលសុខភាព។ ប្រមុខការទូតកំពូលលោក វ៉ាង យី នឹងតំណាងឱ្យចិនចូលរួមនៅក្នុងកិច្ចប្រជុំនេះជំនួសវិញ។

 
រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី១៣ ខែកក្កដា មុនពេលកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាននៅថ្ងៃទី១៤ ខែកក្កដា។
 
យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសចិន ឈីន កាង នឹងអវត្តមានពីកិច្ចប្រជុំនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស ឈីន កាង មិនអាចចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាននេះបានទេ ដោយសារហេតុផលសុខភាព។ លោក​មិន​បាន​បញ្ជាក់ពីបញ្ហា​លម្អិតជុំវិញរឿងនេះ​ទេ។
 
លោក វ៉ាង យី ដែលជាប្រធានគោលនយោបាយការបរទេសរបស់បក្សកុម្មុយនិស្តចិន មានឋានៈខ្ពស់ជាងលោក ឈីន កាង នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការទេសអាស៊ានជំនួសវិញ។ 
 
លោក ឈីន កាង មានអាយុ ៥៧ឆ្នាំបានចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសបន្ទាប់ពីលោក វ៉ាង យី  នៅខែធ្នូ ឆ្នាំ២០២២ ហើយបង្ហាញមុខចុងក្រោយជាសាធារណៈនៅថ្ងៃទី២៥ ខែមិថុនានៅទីក្រុងប៉េកាំង បន្ទាប់ពីបានជួបជាមួយមន្ត្រីស្រីលង្កា រុស្ស៊ី និងវៀតណាម។
 
លោក ឈីន កាង ក៏លុបចោលជំនួបជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell កាលពីសប្តាហ៍មុននៅទីក្រុងប៉េកាំង។ ការបាត់មុខយូរបែបនេះ ក៏នាំឱ្យការសង្ស័យចំពោះសុខភាពរបស់លោក ឈីន ដែលគេជឿថា ទំនងជាឆ្លងជំងឺកូវីដ-១៩។
 
រដ្ឋធានីហ្សាការតា កំពុងរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី១១ ដល់ទី ១៤ ខែកក្កដា ឆ្នាំ២០២៣៕
 

Tag:
 ចិន
  វ៉ាង យី
  ឈីន កាង​
  រដ្ឋមន្ត្រីការបរទេស
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com