អន្តរជាតិ
ចិននិង​កោះ​សូឡូម៉ុន​ ចុះ​ហត្ថលេខាលើកិច្ចសហប្រតិ​បត្តិការ​សន្តិសុខ ស្របពេលដំឡើងកម្រិត​ទំនាក់ទំនង
11, Jul 2023 , 5:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីកោះសូឡូម៉ុន Manasseh Sogavare ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបថត Xinhua
នាយករដ្ឋមន្រ្តីកោះសូឡូម៉ុន Manasseh Sogavare ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបថត Xinhua
ចិន និងកោះសូឡូម៉ុន នាថ្ងៃទី ១០ ខែកក្កដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ច សហប្រតិបត្តិការវិស័យប៉ូលិសដែលជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងចំពោះទំនាក់ទំនងទ្វេភាគីដែលត្រូវបានដំឡើងទៅជាភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយ។

 
កិច្ចព្រមព្រៀងសហប្រតិបត្តិការប៉ូលិស ស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងចំនួនប្រាំបួនដែល​ត្រូវបាន​ចុះ​ហត្ថលេខាបន្ទាប់ពីនាយករដ្ឋមន្ត្រីកោះសូឡូម៉ុន Manasseh Sogavare បានជួបជាមួយ​នាយករដ្ឋមន្ត្រីចិន លី ឈាំង នៅទីក្រុងប៉េកាំង។
 
លោក Sogavare បានទៅដល់ចិនកាលពីថ្ងៃទី៩ ខែកក្កដាសម្រាប់ដំណើរទស្សនកិច្ចលើកដំបូង​របស់​លោកចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខកាល​ពី​ឆ្នាំ​មុនដែលធ្វើ​ឱ្យមានភាពល្អក់កករជាមួយអាម៉េរិកនិងប្រទេសជិតខាងមួយចំនួនរួម​ទាំងអូស្ត្រាលីផងដែរ។
 
«ក្នុងរយៈពេលត្រឹមតែបួនឆ្នាំប៉ុណ្ណោះ ទំនាក់ទំនងរវាងចិន និងកោះសូឡូម៉ុនបានរីកចម្រើន យ៉ាង​ឆាប់​រហ័ស ហើយយើងអាចនិយាយបានថាវាមានផ្លែផ្កាខ្លាំងណាស់»។ នាយករដ្ឋមន្ត្រីចិនប្រាប់សមភាគីកោះសូឡូម៉ុនបែបនេះ។ ទន្ទឹមនេះ លោក Sogavare បានថ្លែងអំណរគុណដល់ចិនចំពោះ​តួនាទី​របស់ខ្លួនក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលរួមទាំងសន្តិភាព និងការអភិវឌ្ឍ​​ដោយ​ចីរភាព។ លោកបន្ថែមថា ប្រទេស​របស់​លោក​មាន​ការ​រៀនច្រើនពីបទពិសោធរបស់​​ចិន។ 
 
បើយោងតាមទូរទស្សន៍រដ្ឋចិន ក្នុងការពិភាក្សាជាមួយប្រធានាធិបតីចិនលោក​ ស៊ី ជិនភីង វិញ មេដឹកនាំទាំង២ បានព្រមព្រៀងដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ។ លោក ស៊ី ​និយាយ​នៅ​ក្នុងជំនួបនៅវិមានប្រជាជនថា ចិន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ជាប្រទេសកំពុងអភិវឌ្ឍដូចគ្នា ហើយគួរតែពង្រឹងជំនួយទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។
 
លើសពីនេះ លោក ស៊ី ក៏បានសន្យាគាំទ្រយុទ្ធសាស្ត្រឆ្នាំ២០៥០សម្រាប់ទ្វីបប៉ាស៊ីហ្វិកខៀវ ដែល ផែនការដ៏ធំមួយរបស់ប្រជាជាតិប៉ាស៊ីហ្វិកលើការ ជំរុញគោលដៅយុទ្ធសាស្ត្រក្នុង​តំបន់​ក្នុង​រយៈពេល​៣​ទសវត្សរ៍ខាងមុខ។
 
ក្នុងសេចក្តីថ្លែងការណ៍មួយដោយឡែក ការិយាល័យលោក Sogavare បញ្ជាក់ពីហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយគុណភាពដែលប្រទេសនេះត្រូវការសម្រាប់ការពង្រឹងសេដ្ឋកិច្ចដើម្បីលុបបំបាត់ភាពក្រីក្រ។ អំឡុងទស្សនកិច្ចនេះ ប្រទេសទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀងលើវិស័យនានារួមមាន អាកាសចរណ៍ស៊ីវិល ពាណិជ្ជកម្ម សេដ្ឋកិច្ច បច្ចេកវិទ្យា និងកីឡា។
 
លោក Sogavare ដែលឡើងកាន់អំណាចក្នុងឆ្នាំ ២០១៩ បានផ្លាស់ប្ដូរគោលនយោបាយការបរទេសដោយងាកចេញ​ពីទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ កាលពីខែមុន លោក Sogavare បានអំពាវនាវឱ្យ ពិនិត្យឡើងវិញសន្ធិសញ្ញាសន្តិសុខឆ្នាំ២០១៧ ជាមួយអូស្ត្រាលីនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារ​ជាតិអូស្ត្រាលីដែមទៀត។​ កោះសូឡូម៉ុនក៏បាន​បើក​ស្ថានទូត​ជា​ផ្លូវការ​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ទស្សនកិច្ច​របស់លោក Sogavare៕
 

Tag:
 ចិន
  កោះសូឡូម៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com