ជាតិ
សេដ្ឋកិច្ច
ការបណ្តុះបណ្តាលជំនាញដល់ស្រ្តីងាយរងគ្រោះ ជួយបង្កើនសេដ្ឋកិច្ចនិងកាត់បន្ថយចំណាកស្រុក
12, Jul 2023 , 12:19 pm        
រូបភាព
រូបភាព៖ អង្គការណូមី ណែកវើកកម្ពុជា
រូបភាព៖ អង្គការណូមី ណែកវើកកម្ពុជា
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាល និងអង្គការពាក់ព័ន្ធ បានរួមគ្នាពិភាក្សាបន្ថែម និងអនុវត្តគម្រោងបណ្ដុះ បណ្ដាលជំនាញដល់ស្រ្ដីងាយរងគ្រោះ នៅតាមខេត្តគោលដៅ ដើម្បីបង្កើនចំណូលដល់ ពួកគេ ព្រមទាំងចូលរួមបង្ការ និងកាត់បន្ថយការចំណាកស្រុកដែរ។

 
អង្គការ ណូមីណែកវើកប្រចាំកម្ពុជា បានសហការជាមួយរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន បង្រៀន ដល់ស្រ្តីងាយរងគ្រោះពីជំនាញបច្ចេកទេស និងបំណិនជីវិត ដែលពួកគេអាចយកជំនាញទាំងនោះ ទៅប្រកបរបរលក់ដូរនៅក្បែរផ្ទះ ឬចិញ្ចឹមសត្វជាដើម។ នេះបើតាមលោក រ៉ុង រតនា នាយកអង្គការណូមីណែកវើកប្រចាំកម្ពុជា លើកឡើងក្នុងសិក្ខាសាលាស្ដីពីភាពជាដៃគូសម្រាប់ការផ្គត់ផ្គង់ជំនាញ និងការងារដល់ស្ដ្រីដែលងាយរងគ្រោះ នៅថ្ងៃទី១១ ខែកក្កដា។
 
លោក រតនា បានបន្តថា ស្រ្តីនៅតាមជនបទ និងសហគមន៍ មានភាពងាយរងគ្រោះច្រើន ហើយការងារបណ្ដុះបណ្ដាលជំនាញដល់ស្រ្តីងាយរងគ្រោះនេះ គឺជួយឱ្យពួកគេក្លាហាន ចេះទំនាក់ទំនង មិនងាយជឿការបោកបញ្ឆោតរបស់គេ និងកាត់ បន្ថយការធ្វើចំណាកស្រុក។ លើសពីនេះ នៅពេលដែលស្ដ្រីមានចំណេះដឹងទូលំទូលាយជាងមុន ពួកគេក៏មានសិទ្ធិ និងឯករាជ្យភាពច្រើនជាងមុន ព្រមទាំងអាចចូលរួមធ្វើសេចក្តីសម្រេចចិត្តក្នុងគ្រួសារ និងសហគមន៍ទៀតផង។ លោក រ៉ុង រតនា បញ្ជាក់បន្ថែម៖«ស្ដ្រីគ្រប់រូបកុំអស់សង្ឃឹម បើទោះបីជាមិនមានឱកាសរៀនសូត្រ តែបើគាត់ដាក់ចិត្តក្នុងការរកជំនាញបច្ចេកទេសពិតប្រាកដសម្រាប់ខ្លួនគាត់ គឺអាចរកការងារធ្វើបានល្អ។ ជាពិសេសស្រ្តីតាមសហគមន៍ ធ្វើយ៉ាងណាឱ្យគាត់យល់ថា ខ្លួនគាត់មានសក្ដានុពលដូចបុគ្គលផ្សេង ឱ្យគាត់មានសុបិនខ្ពស់»។


 
បច្ចុប្បន្ន អង្គការណូមី បានបណ្ដុះបណ្ដាលបង្រៀនស្រ្តីដែលងាយរងគ្រោះប្រមាណ ២០០នាក់ ក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ ស្រុកស្វាយចេក និងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។ បន្ថែមពីនេះ អង្គការណូមី ណែកវើកកម្ពុជា កំពុងសិក្សាទៅលើស្ត្រីងាយរងគ្រោះ នៅតាមបណ្ដាខេត្តផ្សេងៗទៀតផងដែរ។ នេះបើតាមលោក រ៉ុង រតនា។
 
លោក សុខ ឆេង អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានលើកឡើងថា កន្លងមករដ្ឋាភិបាលតែងលើកទឹកចិត្តដល់ស្ត្រី ក្នុងការប្រកបការងារដែលអាចមានចំណូលសមស្របមួយ សម្រាប់ចិញ្ចឹមជីវិត។ សម្រាប់លោក សុខ ឆេង ការបណ្ដុះបណ្ដាលជំនាញ និងការងារដល់ស្ដ្រីងាយរងគ្រោះ ក៏អាចជួយពួកគេចៀសផុតពីអំពើហិង្សា និងបញ្ហាប្រឈមផ្សេងៗទៀត។ លោក សុខ ឆេង បានបញ្ជាក់ថា៖ «ក្រសួងកិច្ចការនារី នឹងជំរុញឱ្យស្ដ្រីនៅកម្ពុជា ទទួលបាននៅសមភាពយេនឌ័រ ទទួលបានការគាំទ្រពីបុរស ដើម្បីទទួលបានសិទ្ធិក្នុងការចែករំលែកការចូលរួម។ ពិសេសគោលនយោបាយ ឬសេដ្ឋកិច្ចជាដើម ដែលធ្វើយ៉ាងណាឱ្យស្រ្តីមានសមភាពមួយក្នុងការទទួលបានសិទ្ធិក្នុងការសម្រេចចិត្ត»។
 

លោក សុខ ឆេង អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី។ រូបភាព៖ ញឹក សំអូន

អ្នកស្រី ណុប ស្រីឡែន ពលរដ្ឋរស់នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាស្រ្តីម្នាក់ដែលបានចូលរួមសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងបំណិនជីវិតជាមួយអង្គការណូមីត។ អ្នកស្រី បានប្រាប់សារព័ត៌មានថ្មីៗថា កន្លងមក អ្នកស្រី ធ្លាប់ចំណាកស្រុកធ្វើការនៅប្រទេសថៃប្រមាណ៥ឆ្នាំ និងពុំដែលបានមកស្រុកកំណើតនោះទេ ព្រោះខ្វះខាតថវិកា។ នៅពេលឈប់ធ្វើការនៅប្រទេសថៃ អ្នកស្រី ណុប ស្រីឡែន បានស្រីឡែន បានចូលរៀនជំនាញជាមួយអង្គការណូមី លើជំនាញរុំខ្សែភ្លើង នៅស្រុកកំណើត។ ជំនាញនេះ បានធ្វើឱ្យស្ត្រីរូបនេះ មានឱកាសចូលធ្វើការក្នុងរោងចក្រមួយកន្លែង ដោយទទួលបានប្រាក់ខែសមរម្យ និងធ្វើឱ្យជីវភាពគ្រួសារល្អប្រសើរជាងមុន។
  
 អ្នកស្រី ណុប ស្រីឡែន ទទួលបានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស។

អ្នកស្រី ណុប ស្រីឡែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំធ្វើការងារនៅប្រទេសថៃច្រើនឆ្នាំ ខ្ញុំនឹកផ្ទះ នឹកពុកម៉ែ នឹកបងប្អូន។ តែខ្ញុំអត់មានលុយចុះមកវិញទេ ព្រោះបើកប្រាក់ខែមក ផ្ញើមកផ្ទះអស់ៗ។ អីច៊ឹងខ្ញុំចុះមកខ្មែរ ក៏ឈប់ទៅវិញ។ ខ្ញុំបានរៀនជំនាញនៅអង្គការណូមី ខ្ញុំមានភាពក្លាហានជាងមុន មានទំនាក់ទំនងជាមួយអ្នកជុំវិញ មិនដូចពីមុនខ្ញុំអត់សូវនិយាយទេ»។
 
អ្នកស្រីបន្ថែមថា ក្រោយពីបានរៀនជំនាញជាមួយអង្គការ មានចំណេះជំនាញ អ្នកស្រី មិនមានបំណងធ្វើចំណាកស្រុកទៀតនោះទេ ដោយលើកឡើងថា៖ «ធ្វើការនៅស្រុកគេ ទទួលបានប្រាក់ចំណូលច្រើនមែន តែក៏ត្រូវចំណាយច្រើន ដូចជាកាត់ថ្លៃលិខិតឆ្លងដែន ថ្លៃបន្ទប់ និងថ្លៃចាយវាយជាដើម»៕
 


Tag:
 ស្ដ្រីងាយរងគ្រោះ
  បំណិនជំវិត
 
© រក្សាសិទ្ធិដោយ thmeythmey.com