ជាតិ
លោក ប្រាក់ សុខុន ជំរុញឱ្យអាស៊ានរក្សាមជ្ឈភាពខ្លួន ទាំងពាក្យសំដី និងសកម្មភាព ដើម្បីភ្ជាប់ទំនាក់ទំនងដៃគូខាងក្រៅ
12, Jul 2023 , 8:59 pm        
រូបភាព
លោក ប្រាក់ សុខុន ជំរុញឱ្យអាស៊ានរក្សាមជ្ឈភាពខ្លួន ទាំងពាក្យសំដី និងសកម្មភាព ដើម្បីភ្ជាប់ទំនាក់ទំនងដៃគូខាងក្រៅ
លោក ប្រាក់ សុខុន ជំរុញឱ្យអាស៊ានរក្សាមជ្ឈភាពខ្លួន ទាំងពាក្យសំដី និងសកម្មភាព ដើម្បីភ្ជាប់ទំនាក់ទំនងដៃគូខាងក្រៅ
ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ានត្រូវតែរក្សានូវមជ្ឈភាពរបស់ខ្លួន ទាំងពាក្យសំដី និងសកម្មភាពជាក់ស្ដែង អំឡុងពេលកើនឡើងនៃការប្រកួតប្រជែងរវាងមហាអំណាចនានា ក្នុងភូមិសាស្ត្រនយោបាយ។ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ។



ក្នុងកិច្ចប្រជុំនេះ លោក ប្រាក់ សុខុន ក៏បានលើកអំពីភាពចាំបាច់ ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅ តាមរយៈពាណិជ្ជកម្មសេរី ប្រកបដោយយុត្តិធម៌ បើកចំហ និងបរិយាបន្ន ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជាជាមួយដៃគូខាងក្រៅនានា។
 
ត្រង់ចំណុចនេះ ប្រមុខការទូតកម្ពុជា ក៏ជំរុញឱ្យអាស៊ានរក្សាមជ្ឈភាពខ្លួន ទាំងពាក្យសំដី និងសកម្មភាព ដើម្បីភ្ជាប់ទំនាក់ទំនងដៃគូខាងក្រៅ ជាពិសេសត្រូវផ្ដោតសារៈសំខាន់ទៅលើគោលការណ៍បើកចំហ តម្លាភាព និងបរិយាបន្ន ខណៈការប្រកួតប្រជែងរវាងមហាអំណាចនានា ក្នុងភូមិសាស្ត្រនយោបាយ កំពុងកើនឡើងជាបន្តបន្ទាប់ ។
 
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១១ កក្កដា បានស្រង់សម្តីលោកឧបនាយករដ្ឋមន្ត្រី យ៉ាងដូច្នេះ ៖« អាស៊ានត្រូវតែស្វែងរកប្រភពកំណើនថ្មីៗ ដូចជា តាមរយៈឌីជីថលភាវូបនីយកម្ម ការប្រែក្លាយបៃតង បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត»។
 
សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦នេះ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន និងសាមគ្គីអាស៊ាន នៅក្នុងកិច្ចសហការជាមួយនឹងដៃគូខាងក្រៅរបស់អាស៊ានដែរ។ រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ រំពឹងទុកនូវការចុះហត្ថលេខារបស់អារ៉ាប៊ីសាអូឌីត លើលិខិតូបករណ៍ចូលជាភាគី នៃសន្ធិសញ្ញាស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងបានស្វាគមន៍ការខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ានចំពោះការបញ្ចូលប្រទេសម៉ិកស៊ិក ប៉ាណាម៉ា ស៊ែប៊ី និងអេស្ប៉ាញ ចូលជាភាគីនៃ  TAC  នៅខែកញ្ញា ឆ្នាំ២០២៣  ខាងមុខនេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ 
រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានសម្រេចផ្ដល់ឋានៈជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានជូនទៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង។ 
 
ក្នុងកិច្ចប្រជុំនេះ បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម ក៏ដូចជា បញ្ហាផ្សេងៗ ដែលតម្រូវនូវការយកចិត្ដទុកដាក់ និងការឆ្លើយតបរួមគ្នា។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព នៅក្នុងកិច្ចសហប្រតិបត្ដិការជាមួយដៃគូខាងក្រៅទាំងអស់។ យន្តការដែលដឹកនាំដោយអាស៊ាននៅតែជាយន្តការដែលមានសារៈសំខាន់ខ្ពស់ចំពោះការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដែលប្រកបដោយស្ថាបនា នឹងរួមចំណែកដល់ការអភិវឌ្ឍនិម្មាបនកម្មតំបន់ ដែលកំពុងតែវិវឌ្ឍស្របតាមទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា៕
 

Tag:
 នយោបាយ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com