អន្តរជាតិ
តបការរិះគន់របស់អង្គការណាតូ ចិន​ប្រកាស​​ការពារ​សិទ្ធិ​របស់​ខ្លួន
13, Jul 2023 , 9:59 am        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ
 
ចិន បានឆ្លើយតបទៅការចោទប្រកាន់របស់អង្គការណាតូដែលថាចិនកំពុងប្រកួតប្រជែងនឹងផលប្រយោជន៍ និងសន្តិសុខរបស់ប្លុក ក៏ដូចជាប្រឆាំងនឹងការប៉ុនប៉ងបោះជំហានរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។ បើតាមតំណាងចិននៅអឺរ៉ុប ចិននឹងការពារផលប្រយោជន៍ និងសិទ្ធិរបស់ខ្លួន។

 
ក្នុងសេចក្ដីថ្លែងការណ៍ក្រោយកិច្ចប្រជុំកំពូលនាទីក្រុង វីលនីញូស ប្រទេសលីទុយអានី នៅថ្ងៃទី១១ ខែកក្កដា សម្ព័ន្ធយោធាណាតូចោទចិនចំៗថា បានប្រកួតប្រជែងនឹងផលប្រយោជន៍ សន្តិសុខ និងតម្លៃរបស់ខ្លួនដោយប្រើមហិច្ឆតា និងគោលនយោបាយបង្ខិតបង្ខំ។ 
 
បើតាមសម្ព័ន្ធដដែលនេះចិនបានប្រើប្រាស់ឧបករណ៍នយោបាយ សេដ្ឋកិច្ច និងយោធា ដើម្បីបង្កើនការបោះជំហានរបស់ខ្លួនជាលើពិភពលោកថែមទៀត។  
 
នាកិច្ចប្រជុំដដែល អគ្គលេខាធិការណាតូ លោក Jens Stoltenberg ក៏បាននិយាយដែរថា បើទោះបីជាចិនមិនមែនជាសត្រូវរបស់ណាតូមែន ចិនកំពុងតែប្រកួតប្រជែងកាន់តែខ្លាំងទៅសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ជាមួយនឹងអាកប្បកិរិយាបង្ខិតបង្ខំរបស់ខ្លួន ដោយបដិសេធមិនថ្កោលទោសសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គំរាមកំហែងតៃវ៉ាន់ និងកសាងយោធាយ៉ាងច្រើន។
 
មិនទុកយូរឡើយ ចិនក៏ប្រតិកម្មតបវិញ។​ ស្ថានបេសកម្មរបស់ចិននៅអឺរ៉ុប បានបដិសេធ​សេចចក្តីថ្លែងការណ៍ ដោយចាត់ទុកខ្លឹមសារដែលទាក់ទងនឹងចិន មិនបានផ្អែកទៅលើការពិតជាមូលដ្ឋាន បង្ខូចគោលជំហរ និងគោលនយោបាយរបស់ចិន ហើយធ្វើឱ្យខូចកិត្តិយសប្រទេសរបស់ចិនដោយចេតនា។ 
 
បេសកម្មរបស់ចិន ក៏បានជំទាស់យ៉ាងដាច់អហង្ការចំពោះការពង្រីកវត្តមានចូលតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការណាតូថែមទៀត។ ចិនព្រមានថា សកម្មភាពណាមួយដែលគំរាមកំហែងដល់សិទ្ធិរបស់ទីក្រុងប៉េកាំង ចិននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់វិញ៕
 

Tag:
 ចិន
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com