អន្តរជាតិ
ចិន ឥណ្ឌូណេស៊ី​ និងរុស្ស៊ី រៀបចំជំនួបត្រីភាគី លើបញ្ហាសន្តិសុខស្បៀង និងថាមពល
13, Jul 2023 , 4:59 pm        
រូបភាព
ជំនួបត្រីភាគីរវាងរដ្ឋមន្រ្តីការបរទេសឥណ្ឌណេស៊ី លោកស្រី Retno Marsudi ជាមួយប្រមុខការទូតរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ និងមន្រ្តីទូតជាន់ខ្ពស់ចិន លោក វ៉ាង​ យី។ រូបភាព Antara
ជំនួបត្រីភាគីរវាងរដ្ឋមន្រ្តីការបរទេសឥណ្ឌណេស៊ី លោកស្រី Retno Marsudi ជាមួយប្រមុខការទូតរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ និងមន្រ្តីទូតជាន់ខ្ពស់ចិន លោក វ៉ាង​ យី។ រូបភាព Antara
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ឥណ្ឌូណេស៊ី និងមន្រ្តីទូតជាន់ខ្ពស់ចិន នៅថ្ងៃទី១២ ខែកក្កដា បានរៀបចំជំនួបត្រីភាគីមួយ នៅក្នុងក្រុងហ្សាការតា ដើម្បីជជែកពីបញ្ហាសន្តិសុខស្បៀង ថាមពល និងបញ្ហាផ្សេងទៀត។ ចំណែកប្រធានបទសង្រ្គាមអ៊ុយក្រែន មិនត្រូវបានមន្រ្តីទូតប្រទេសទាំងបីបញ្ជាក់ ឡើយ។

 
ពីក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលរៀបចំឡើងក្នុងក្រុងហ្សាការតា​ ឥណ្ឌូណេស៊ី រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ, លោកស្រី Retno Marsudi និងមន្រ្តីការទូតជាន់ខ្ពស់ចិន លោកវ៉ាង យី បានជួបគ្នានៅក្នុងក្រុងហ្សាការតា ដើម្បីជជែកពីបញ្ហាជាច្រើន ក្នុងនោះមានដូចជា សន្តិសុខស្បៀង ថាមពល ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍ។ 
 
«កិច្ចប្រជុំនេះ ផ្តោតលើបញ្ហាពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងការធានាសន្តិសុខស្បៀងអាហារ និងថាមពល ស្របពេលមានវិបត្តិជាច្រើននៅក្នុងទីផ្សារពិភពលោក»។ ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១២ ខែកក្កដា។ 
 
ទន្ទឹមនេះ សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ផងដែរថា ប្រទេសទាំងបី បានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់លើកិច្ចខិតខំសម្រួបសម្រួល ក៏ដូចជាបង្កើនស្ថិរភាពសេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍ រួមទាំងការគោរពប្រទេសទាំងអស់ដោយផ្អែកតាមគោលការណ៍សមភាព និងផលប្រយោជន៍ទៅវិញទៅមក។
 
បន្ថែមពីនេះ មន្រ្តីទូតប្រទេសទាំងបី បានពិភាក្សាពីបញ្ហាតំបន់ និងអន្តរជាតិជាច្រើន រួមទាំងការពង្រឹងមជ្ឈភាពអាស៊ាន សម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផង។ យ៉ាងណាមិញ ប្រមុខការទូតឥណ្ឌូណេស៊ី រុស្ស៊ី និងមន្រ្តីទូតជាន់ខ្ពស់ចិន មិនបានបញ្ជាក់ពីកិច្ចពិភាក្សា ទាក់ទិននឹងសង្រ្គាមនៅអ៊ុយក្រែនឡើយ។ 
 
ក្នុងកិច្ចប្រជុំត្រីភាគីបិទទ្វារដែលធ្វើឡើងប្រមាណជិតមួយម៉ោងនេះ លោកស្រី Marsudi បានជំរុញឱ្យកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ន។ 
 
បន្ទាប់ពីកិច្ចប្រជុំខាងលើ ឥណ្ឌូណេស៊ី មានកិច្ចប្រជុំត្រីភាគីមួយទៀត ជាមួយឥណ្ឌា និងអូស្រ្តាលី ក្នុងគោលបំណងជជែកពីបញ្ហាក្នុងតំបន់៕ 
 

Tag:
 ចិន
  ឥណ្ឌូណេស៊ី
  រុស្ស៊ី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com