អន្តរជាតិ
អាម៉េរិក ទទូចឱ្យចិនបញ្ឈប់​ទង្វើយាយីនាវាផ្សេងៗ​នៅ​សមុទ្រ​ចិន​ខាងត្បូង
13, Jul 2023 , 3:47 pm        
រូបភាព
គុនខ្មែរ៖ ប៉ះកីឡាកររ៉ូម៉ានី ធឿន ធារ៉ា សន្យាធ្វើឱ្យកក្រើកសង្វៀនជាថ្មីក្រោយជាពីរបួសដៃ
គុនខ្មែរ៖ ប៉ះកីឡាកររ៉ូម៉ានី ធឿន ធារ៉ា សន្យាធ្វើឱ្យកក្រើកសង្វៀនជាថ្មីក្រោយជាពីរបួសដៃ
អាម៉េរិក បានជំរុញឱ្យចិនបញ្ឈប់សកម្មភាពយាយី និងបង្កគ្រោះថ្នាក់ដល់នាវាផ្សេងៗដែលធ្វើដំណើរ​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយបញ្ជាក់ជាថ្មីនូវជំហរគាំទ្ររបស់ខ្លួនចំពោះសេចក្តីសម្រេចក្នុងឆ្នាំ​ ២០១៦ ដែលហ្វីលីពីនឈ្នះក្ដីលើចិនដែរ។ យ៉ាងណាមិញ ចិននៅថ្ងៃទី១២​ ខែកក្កដា ក៏បានប្រកាសជាថ្មីថា ខ្លួនមិនទទួលស្គាល់សេចក្តីសម្រេចនេះឡើយ។



សមុទ្រ​ចិន​ខាងត្បូង នៅតែជាប្រធានបទយ៉ាងក្តៅគគុកនៅក្នុងតំបន់អាស៊ី ខណៈប្រទេសនានាបានទាមទារទឹកដីនៅសមុទ្រចិនខាងត្បូងរៀងៗខ្លួនអស់រហូតឡើងតតាំងដល់តុលាការអន្តរជាតិថែមទៀតរវាងហ្វីលីពីន និងចិនក្នុងឆ្នាំ២០១៦។ កាលនោះ សេចក្តីសម្រេចដែលផ្តល់ដោយតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ទីក្រុងឡាអេ បានសន្និដ្ឋានថាការទាមទារទឹកដីស្ទើរតែទាំងស្រុងរបស់ទីក្រុងប៉េកាំង ជាការទាមទារដែលគ្មានមូលដ្ឋាន។
 
​ដោយយោងតាមសេចក្តីសម្រេចនេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក Matthew Miller នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១១ ខែកក្កដា បានជំរុញទីក្រុងប៉េកាំងឱ្យគោរពតាមច្បាប់អន្តរជាតិដែលមានស្រាប់។ លើសពីនេះ លោកក៏បានអំពាវនាវឱ្យទីក្រុងប៉េកាំង បញ្ឈប់ការរំខានរបស់ខ្លួនលើការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋនានានៃភាគីជម្លោះក្នុងការរុករក អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិនិងបញ្ចប់ការរារាំងសេរីភាពនៃការធ្វើនាវាចរ និងការហោះហើរដោយស្របច្បាប់នៅក្នុងតំបន់​។ 
 
យ៉ាងណាមិញ ចិនបានអះអាងថា ខ្លួនមិនដែលទទួលស្គាល់សេចក្តីសម្រេចក្នុងឆ្នាំ២០១៦ នេះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១២​ ខែកក្កដាប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងប៉េកាំងថា សេចក្តីសម្រេចនេះ បានបំពានគោលការណ៍នៃការយល់ព្រមពីរដ្ឋ និងបានប្រើប្រាស់លើសពីសិទ្ធិអំណាចរបស់ខ្លួន។
 
លើសពីនេះ ស្ថានទូតចិនប្រចាំហ្វីលីពីននៅថ្ងៃទី១២ ខែកក្កដាក៏បានលើកឡើងថា អាម៉េរិកនិងសម្ព័ន្ធមិត្តបានអបអរសេចក្តីសម្រេចខុសច្បាប់ជារៀងរាល់ឆ្នាំ ដើម្បីប្រឆាំងចិន ដាក់សម្ពាធនិងបង្ខំឱ្យចិនឱ្យទទួលស្គាល់សេចក្តីសម្រេចនេះ។ 
 
ជាការអបអរសាទរខួប៧ឆ្នាំនៃសេចក្តីសម្រេចលើបញ្ហាសមុទ្រចិនខាងត្បូងដែលគាំទ្រដោយជប៉ុន អង់គ្លេស និងអូស្ត្រាលី ក្រសួងការបរទេសហ្វីលីពីនបានបើកដំណើរវេបសាយមួយដែលមានព័ត៌មានផ្លូវការពីជ័យជម្នះផ្លូវច្បាប់របស់ទីក្រុងម៉ានីលប្រឆាំងនឹងទីក្រុងប៉េកាំងថែមទៀត។
 
គួរបញ្ជាក់ថា ចិននិងហ្វីលីពីនបានប៉ះទង្គិចគ្នាជាច្រើនដងនៅសមុទ្រចិនខាងត្បូងខណៈហ្វីលីពីនអះអាងថាចិនតែងតែយាយីនិងបង្កគ្រោះថ្នាក់ដល់នាវារបស់ខ្លួន៕
 

Tag:
 អាម៉េរិក
  ចិន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com