ជាតិ
កញ្ញា ផូ ម៉ារី ​​តាំងចិត្ត​មោះមុតក្នុងការសិក្សានិងមិនឱ្យពិការភាពបង្អាក់សក្តានុពល​ខ្លួន​ឡើយ
15, Jul 2023 , 6:59 pm        
រូបភាព
ដោយ:
កញ្ញា ផូ​ ម៉ារី គឺជានិស្សិតអាហារូបករណ៍ឆ្នាំទី៣ ជំនាញគណនេយ្យ នៅសាកលវិទ្យាល័យស្វាយរៀង។ ម៉ារី ជាយុវតីដែលមានពិការភាពជើងទាំងសងខាង ប៉ុន្តែមានបញ្ញាស្មារតីមោះមុត។ មិនត្រឹមតែក្លៀវក្លាក្នុងការប្រកួតប្រជែងនៅក្នុងការសិក្សា និងមជ្ឈដ្ឋានរស់នៅនោះទេ ផូ ម៉ារី ក៏បានប្រជែងយកឈ្នះលើខ្លួនឯង ឈប់តូចចិត្តចំពោះពិការភាពរបស់ខ្លួន រហូតបញ្ឈប់គំនិតចង់បញ្ចប់ជីវិតខ្លួនឯងទៀតផង។

 
បច្ចុប្បន្ន ម៉ារី មានវ័យ២២ឆ្នាំ មានស្រុកកំណើតនៅភូមិតាសូ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ យុវតីរូបនេះ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា នៅអាយុ ៦ឆ្នាំ នាងបានរងការញាំញីពីជំងឺ ហើយដោយសារ​ការទទួលថ្នាំ​ចាក់លើសកម្រិត ជើងទាំងសងខាងរបស់នាងត្រូវស្វិតព្យាបាលលែងបាន។ តាំងពីពេលនោះមក ពោលគឺពីឆ្នាំ២០០៧ ​កុមារីម៉ារី ដែលធ្លាប់តែ​ដើរបានដោយខ្លួនឯង ធ្លាប់រត់លេង​ជាមួយបងប្អូន ​ត្រូវអង្គុយនៅលើរទេះរុញដើម្បីផ្លាស់ទី។ ស្ថានភាពនេះ ធ្វើនាងធ្លាប់តូចចិត្ត និងប៉ងចង់បញ្ចប់ជីវិតខ្លួនឯងជាច្រើនលើកផងដែរ។
 


យុវតី បន្តរំឭកប្រាប់សារព័ត៌មានថ្មីៗថា៖« ខ្ញុំធ្លាប់​នតូចចិត្តនឹងជីវិតខ្លួនឯង ដោយគិតខ្លី​ចង់សម្លាប់ខ្លួនមិនក្រោម ១០ដងនោះទេ រយៈពេល១៦ឆ្នាំនេះ។ ខ្ញុំស្អប់ខ្ពើម​ព្រហ្មលិខិត ដែលធ្វើឱ្យខ្ញុំពិការដូចសព្វថ្ងៃនេះ។ នៅពេលដែលគេកំពុងតែដើរលេងសប្បាយ តែខ្ញុំអង្គុយលើរទេះ។ បំណងប្រាថ្នា​ដ៏ធំបំផុតសម្រាប់ខ្ញុំ គឺខ្ញុំចង់ដើរដូចគេ។ ក៏ប៉ុន្តែខ្ញុំបានត្រឹមតែដើរក្នុងយល់សប្តិតែប៉ុណ្ណោះ»។
 
ទោះជាធ្លាប់គិតរឿងធ្វើអត្តឃាតខ្លួនឯងច្រើនលើក ប៉ុន្តែ ម៉ារី  តែងនឹកស្រណោះដល់គុណរបស់ឪពុកម្តាយ ដែលខិតខំ​ចិញ្ចឹម មើលថែ ផ្តល់កម្លាំងចិត្ត និងស្វែងរកចំណេះដល់ខ្លួន។ ម៉ារី ក៏នៅមានបងប្អូន មិត្តភក្តិល្អៗជាច្រើននាក់នៅជុំវិញខ្លួន ព្រមទាំងការជំរុញទឹកចិត្តពីលោកគ្រូអ្នកគ្រូផងដែរ។ លើសពីនេះ ដ្បិតខ្លួនមានពិការភាពពិតមែន ប៉ុន្តែ ផូ ម៉ារី ក៏មាន​ក្តីប្រាថ្នាចង់ក្លាយជាអ្នកមានវោហារកោសល្យម្នាក់ផងដែរ ហើយថ្ងៃមួយនាងនឹងបង្ហាញវត្តមាន​នៅលើឆាកប្រកួត ហើយបង្ហាញសមត្ថភាព និងសក្តានុពលខ្លួនយ៉ាងស្វាហាប់។ កត្តាទាំងអស់នេះហើយ ដែលបានក្លាយជាកម្លាំងជំរុញចិត្តឱ្យ យុវតី ផូ ម៉ារី យកជ័យជម្នះបាននូវ មោហៈក្នុងខ្លួន។
 


ចំណេះវិជ្ជា ជាស្ពានមួយដែលធ្វើឱ្យអនាគតល្អប្រសើរ
 
ទោះបីមានពិការភាព​ និងអង្គុយនៅលើរទេះរុញពិតមែន តែនិស្សិតឆ្នាំទី៣ ​ មិនបានក្លាយជាបន្ទុករបស់គ្រួសារទាំងស្រុងនោះទេ។ នាងអាច​ផ្លាស់ទី ងូតទឹក ស្លៀកពាក់បានដោយខ្លួនឯង​។ ​យុវតីរូបនេះ ក៏បានតាំងចិត្តយ៉ាងមោះមុត និងដាក់ចិត្តកាយរៀនសូត្រមិន​ត្អូញត្អែរ ​ព្រោះរូបគេបានស្ដាប់ការ ទូន្មានរបស់អ្នកមានគុណ និងលោកគ្រូអ្នកគ្រូ។ យុវតី ផូ ម៉ារី រំឭកពាក្យប្រៀនប្រដៅរបស់ចាស់ទុំ៖​«ទោះពិបាកយ៉ាងណា កូនត្រូវតែតស៊ូរៀនសូត្រ ព្រោះមានតែចំណេះវិជ្ជាទេ ដែលធ្វើឱ្យកូនមានការងារ ធ្វើល្អ»។
 


ជាលទ្ធផល កញ្ញា ផូ ម៉ារីតែងតែ​ជាប់ចំណាត់ថ្នាក់ល្អ និងជាសមាជិកគ្រប់គ្រងផ្នែកហិរញ្ញក្នុងសភានិស្សិត។ ​ក្នុងពេល​សិក្សានៅសាកលវិទ្យាល័យ​ ម៉ារី ក៏តែងតែចូលរួមកម្មវិធី ដែលចែករំលែកចំណេះ ដឹងដល់រូបគេ។ ក្រោយមក ម៉ារី បានចូលរួមប្រកួតនៅក្នុងកម្មវិធី​ ​«វោហារសព្ទយុវជន» ដែលទទួលបានជ័យលាភីលេខ១និងកម្មវិធីប្រកួតវោហារសព្ទ«ការលុបបំបាត់ ការប្រើប្រាស់ បារីអេឡិត្រូនិក ដើម្បីលើកកម្ពស់សុខភាពសិក្សា» ។ ជ័យលាភីនេះ នាងត្រូវបានសាលាជ្រើសរើសជាតំណាង​សាកល វិទ្យាល័យស្វាយរៀងចូលរួមជាវាគ្មិន ក្នុងកម្មវិធី "ចូលរួមជាចរន្តជាតិតែមួយឆ្ពោះទៅបញ្ចប់អេដស៍នៅឆ្នាំ ២០២៥" ផងដែរ។  
 
 
កញ្ញា ផូ ម៉ារី ឈរខាងឆ្វេងដៃកុមារា ដែលពាក់អាវសដៃខ្លី

នៅពេលមានឱកាសឈរលើវេទិកា នៅចំពោះមុខសាធារណជនជាច្រើនដូចបំណងប្រាថ្នាហើយនោះ ម៉ារី មិនដែលភ្លេចផ្ញើសារលើកទឹកចិត្តអ្នកដែលពិការភាព កុំឱ្យអស់សង្ឃឹម កុំបាក់ទឹកចិត្តគឺត្រូវតស៊ូ និងខិតខំរៀនសូត្រ ហើយប្រើប្រាស់ចំណេះដឹង សមត្ថភាព ធ្វើការងារនៅក្នុងសង្គម៕


Tag:
 ផូ ម៉ារី
  ពិការភាព
© រក្សាសិទ្ធិដោយ thmeythmey.com