ភ្នំពេញ៖ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ប្រកាសការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ ក្រោមប្រធានបទ «សំឡេងចម្រុះពណ៌»។ ការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍នេះ នឹងក្លាយជាឱកាសសម្រាប់ការបន្លឺសំឡេង របស់បេក្ខជន។
លោក ចេង រតនា អ្នកសម្របសម្រួលផ្នែកកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍ បានប្រាប់សារព័ត៌មានថ្មីៗថា កម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍ខ្មែរនេះ ធ្វើឡើងក្នុងគោលបំណង លើកស្ទួយអក្សរសាសន៍ និងអក្សរសិល្ប៍ជាតិ។ ម្យ៉ាងក៏ជាការបង្កើតឱកាស ឱ្យអ្នកនិពន្ធទាំងឡាយបានជួបជុំគ្នា ចែករំលែកបទពិសោធគ្នាទៅវិញទៅមកដែរ។
សម្រាប់ប្រធានបទ «សំឡេងចម្រុះពណ៌» លោក រតនា ថាអាចជាសំឡេងធម្មជាតិ មនុស្ស សត្វ ឬអ្វីផ្សេងទៀត ដែលកើតចេញពីការស្រមើស្រមៃរបស់អ្នកនិពន្ធ ឬក៏ជាសំឡេងរបស់អ្នកនិពន្ធផ្ទាល់ ដែលមិនធ្លាប់បន្លឺ ឬក៏ធ្លាប់បន្លឺហើយ តែពុំមានអ្នកឮ ឬក៏ពុំមានអ្នកយកចិត្តទុកដាក់ស្ដាប់។
លោក ចេង រតនា បន្ថែម៖ «មហោស្រពនេះ យើងធ្វើជារៀងរាល់ឆ្នាំ ដើម្បីលើកស្ទួយអក្សរសាស្ត្រ និងអក្សរសិល្ប៍ជាតិ។ ឆ្នាំនេះ យើងធ្វើនៅខេត្ត ហើយយើងនឹងបញ្ជាក់ទីតាំងខេត្ត នៅក្នុងពេលឆាប់ៗនេះ»។
វិញ្ញាសាត្រូវបានបែងចែកជា២ គឺផ្នែករឿងខ្លី និងផ្នែកកំណាព្យ។ ចំពោះរឿងខ្លី សំណេរត្រូវមានចន្លោះពី ៥ដល់៨ទំព័រ នៃក្រដាស A៤ ទំហំ ១២pt (Khmer OS SiemReap)។ បេក្ខជនម្នាក់ អាចដាក់បាន២ចំណងជើង។ ចំណែកផ្នែកកំណាព្យវិញ សំណេរមិនត្រូវលើសពី ៣ទំព័រ នៃក្រដាសA៤ឡើយ។ ទំហំ ១២pt (Khmer OS Siem Reap)។ បេក្ខជនម្នាក់ អាចដាក់ស្នាដៃបាន២ចំណងជើង។
ស្នាដៃដែលដាក់ប្រកួតប្រជែង ត្រូវតែជាស្នាដៃដែលបំផុសគំនិតពិចារណា ជាជាងការអប់រំត្រង់ៗ និងមានភាពច្នៃប្រឌិត។ ជាបទនិពន្ធមិនធ្លាប់ចូលរួមប្រឡង ឬបោះពុម្ពផ្សាយពីមុន។ ជាអត្ថបទដែលបានកែសម្រួលអក្ខរាវិរុទ្ធ និងឃ្លាប្រយោគរួចរាល់ មុននឹងដាក់ប្រកួត។ រាល់ស្នាដៃត្រូវតែបញ្ជាក់ឈ្មោះ ភ្ជាប់លេខទូរសព្ទ និង/ឬ អ៊ីម៉ែល ដែលអាចទាក់ទងបាន។
ទោះជាយ៉ាងណា មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទឹកចិត្តខ្ពស់ដល់អ្នកដែលពុំធ្លាប់ដាក់ស្នាដៃ និងពុំធ្លាប់ជាប់ជ័យលាភីពីមុន។ ស្នាដៃណាដែលមិនគោរព លក្ខខណ្ឌខាងលើ នឹងត្រូវដកចេញពីការប្រកួតប្រជែង ដោយស្វ័យប្រវត្តិ។
ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ៨០០,០០០រៀល និងប័ណ្ណសរសើរ។ ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៦០០,០០០រៀល និងប័ណ្ណសរសើរ។ ជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ៤០០,០០០រៀល និងប័ណ្ណសរសើរ។ បេក្ខជនជ័យលាភី នឹងត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៦។
ចាប់ផ្ដើមទទួលស្នាដៃ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ សូមផ្ញើស្នាដៃទៅកាន់ Email៖
ឬប្រអប់សារហ្វេសប៊ុក របស់មហោស្រពអក្សរសិល្ប៍ខ្មែរ Khmer Literature Festival។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរសព្ទ ០១០ ៦០០ ៨៤៨៕