ជាតិ
សង្គមជាតិ
គួរឱ្យសរសើរ! ប្ដីប្រពន្ធមានពិការភាពភ្នែកមួយគូ ជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅ អូស្រ្តាលី
16, Jul 2023 , 8:39 am        
រូបភាព
​លោក វ៉ាន សុខវ៉ាត និងអ្នកស្រី មិន ចិន្តា ដែលជាភរិយាមានពិការភាពដូចគ្នា ថតរូបជុំគ្នាជាមួយកូន។ រូបភាព៖ ហ្វេសប៊ុកអ្នកស្រី មិន ចិន្តា
​លោក វ៉ាន សុខវ៉ាត និងអ្នកស្រី មិន ចិន្តា ដែលជាភរិយាមានពិការភាពដូចគ្នា ថតរូបជុំគ្នាជាមួយកូន។ រូបភាព៖ ហ្វេសប៊ុកអ្នកស្រី មិន ចិន្តា
​ភ្នំពេញ៖ លោក វ៉ាន សុខវ៉ាត និង អ្នកស្រី មិន ចិន្តា ជាប្ដីប្រពន្ធមានពិការភាពភ្នែក ដែលបានទទួលអាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យ Flinders ប្រទេសអូស្រ្តាលី តាមរយៈអាហារូបករណ៍ Australia Awards។ ទោះបីមានពិការភាពភ្នែកទាំងសងខាងក៏ដោយ ក៏ប្ដីប្រពន្ធមួយគូនេះ  ជម្នះវាសនា តស៊ូរៀនឱ្យបានខ្ពង់ខ្ពស់ ដើម្បីកែប្រែជីវិតឱ្យល្អប្រសើរ និងមានឆន្ទៈ ចង់ជួយដោះស្រាយបញ្ហាដល់អ្នកមានពិការភាព រួមទាំងចង់បញ្ឈប់ការរើសអើងក្នុងសង្គម។



អ្នកស្រី មិន ចិន្តា ជាស្រ្តីខ្មែរមានពិការភាពដំបូង បានរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅអូស្រ្តាលី លើជំនាញគោលនយោបាយ និងការអភិវឌ្ឍពិការភាព ក្នុងឆ្នាំ២០២២។ អ្នកស្រី ចិន្តា ត្រូវមករស់នៅលើទឹកដីអូស្ដ្រាលី ដោយបាននាំកូនស្រីអាយុជាង១ឆ្នាំ និងមិត្តភកិ្តមករស់នៅជាមួយ ដើម្បីជួយមើលថែកូនស្រី និងរូបអ្នកស្រីដែលមានពិការភាពភ្នែកពីកំណើត។  កន្លងទៅជិតមួយឆ្នាំ លោក វ៉ាន សុខវ៉ាត ដែលជាស្វាមី អ្នកស្រី ចិន្តា ដែលមានពិការភាពភ្នែកដូចគ្នានោះ ក៏បានជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត លើជំនាញបរិយាប័ន្ន និងវិធីសាស្រ្តអប់រំ នៅសកលវិទ្យាល័យ Flinders ក្នុងឆ្នាំ២០២៣។ 
 
ជួបជុំគ្រួសារជាថ្មីលើទឹកដីអូស្រ្តាលី 
ក្រោយបែកគ្នាអស់រយៈពេលជាង១ឆ្នាំ ដោយភរិយា និងកូនស្រី នៅអូស្រ្តាលី និងស្វាមីនៅកម្ពុជា ពេលនេះ ក្រុមគ្រួសារប្ដីប្រពន្ធពិការភ្នែកមួយគូនេះ បានសម្រេចបំណងរស់នៅជួបជុំគ្នាវិញហើយ។ វាជាអារម្មណ៍រំភើបពិបាកពណ៌នាសម្រាប់ប្ដីប្រពន្ធមួយគូនេះ ក្រោយពេលបានរួមរស់ជាមួយគ្នាវិញលើទឹកដីដ៏សែនឆ្ងាយ។ អ្នកស្រី ចិន្តា បានបង្ហាញអារម្មណ៍ថា៖ «ពេលបានគ្រួសារមកនៅជាមួយជុំជួបគ្នា មានអារម្មណ៍សប្បាយចិត្ត ហើយមានឱកាសបានរស់នៅជុំគ្នា នៅស្រុកគេ បានរៀនពីបទពិសោធការរស់នៅ វប្បធម៌របស់គេខុសពីយើងយ៉ាងម៉េច របៀប រស់នៅយ៉ាងម៉េច។ ហើយគាត់ទៅជួយមើលកូនគ្នា ជួយទុក្ខធុរៈគ្នាទៅវិញទៅមក ។ ធម្មតាពេលនៅតែឯងអ៊ីចឹង ពេលយប់ព្រលប់អ៊ីចឹង ធ្វើការអីពិបាកអ៊ីចឹង មានគ្រួសារនៅជិតគេហុចនេះ ហុចនោះ ហើយជួយមើលការខុសគ្នាអ៊ីចឹង»។ 
 
 
មិនខុសពីភរិយា លោក វ៉ាន សុខវ៉ាត ក៏សប្បាយចិត្តឥតគណនា ដែលបានរស់ជួបជុំគ្រួសារ។  «ពេលទទួលបានអាហារូបករណ៍ យើងមានអារម្មណ៍សប្បាយរីករាយខ្លាំង។ ជាពិសេសអ្វីដែលកាន់តែរីករាយទៀតនោះ គឺយើងបានមកជួបនឹងក្រុមគ្រួសាររបស់យើង ដែលគាត់បានមកមុនហើយជាពិសេស កូនស្រីតូចដែលឥលូវនេះ អាយុទើបបាន២១ខែទេ ។ ពេលគាត់បែកមកហ្នឹងគឺអាយុ ៦-៧ ខែ ។ អ៊ីចឹងពិតជានឹក និងមានអារម្មណ៍រីករាយមែនទែន»។ នេះជាការរៀបរាប់របស់ លោក វ៉ាន សុខវ៉ាត។ 
 
ជារឿងដ៏រីករាយជាមួយនឹងដំណើរជីវិតលើទឹកដីថ្មី តែប្តីប្រពន្ធមានពិការភាពមួយគូនេះ ក៏មានបេសកកម្មដ៏ធំមួយ គឺត្រូវក្រេបយកចំណេះវិជ្ជាពីបរទេស។ ទោះជាយ៉ាងណា ប្ដីប្រពន្ធមួយគូនេះ យល់ថាការសិក្សានៅអូស្រ្ដាលី ហាក់ងាយស្រួលសម្រាប់ពួកគេដែលមានពិការភាព ព្រោះប្រព័ន្ធសិក្សាទីនេះ មានលក្ខណៈទំនើប និងមានកម្មវិធីសិក្សាដល់អ្នកមានពិការភាព ដូចទៅនឹងអ្នកធម្មតាដែរ។ 
 
មានពិការភាពភ្នែកដូចគ្នា រៀនដល់អនុបណ្ឌិតដូចគ្នា ប្ដីប្រពន្ធមួយគូនេះ ក៏មានឆន្ទៈ ដូចគ្នាដែរ គឺចង់យកចំណេះដឹងខ្លួន ជួយដល់អ្នកមានពិការភាព និងចង់អភិវឌ្ឍន៍ប្រព័ន្ធអប់រំសិក្សា អ្នកមានពិការភាពនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ និងដូចនឹងមនុស្សធម្មតាដែរ៕ 
 
 

Tag:
 ប្ដីប្រពន្ធពិការភាព
  អូស្រ្តាលី
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com