ភ្នំពេញ៖ លោក Mark Bochsler បានចំណាយប្រាក់ផ្ទាល់ខ្លួន ប្រមាណ២០ម៉ឺនដុល្លារ ដើម្បីផលិតភាពយន្តឯកសាររឿង “គុនល្បុក្កតោរស់ឡើងវិញ” ដោយចំណាយពេលថត១៣ឆ្នាំ។ អ្នកដឹកនាំរឿងរូបនេះ ពិតជាចាប់អារម្មណ៍ខ្លាំង លើក្បាច់គុនល្បុក្កតោខ្មែរ ដែលផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ជាតិ។ លោក Mark ថាក្បាច់គុនល្បុក្កតោ មានលក្ខណៈពិសេស ប្លែកពីក្បាច់គុននៅតាមបណ្ដាប្រទេសមួយចំនួន ទាំងក្នុងតំបន់និងពិភពលោក។
ជាជោគជ័យដ៏ធំមួយ សម្រាប់ភាពយន្តឯកសារ បែបប្រវត្តិសាស្ត្រ និងវប្បធម៌ ដោយរឿង «គុនល្បុក្កតោរស់ឡើងវិញ» ឬ SURVIVING BOKATOR ត្រូវបានអង្គការយូណេស្កូ(UNESCO) យកប្រើប្រាស់ជាឯកសារយោង នៅក្នុងផ្នែកមួយនៃការស្រាវជ្រាវរបស់ខ្លួន ជុំវិញការផ្ដល់ឈ្មោះ “ល្បុកតោ” ជា "បេតិកភណ្ឌពិភពលោក"។
លោក Mark Bochsler ដែលមានមោទកភាព ចំពោះខ្សែភាពយន្តមួយនេះ បាននិយាយ ថា៖ «ពីមុនយើងយករឿងរបស់យូណេស្កូ មកដាក់ក្នុងរឿងរបស់យើង តែពេលនេះរឿង របស់យើង ត្រូវបានដាក់ក្នុងរឿងរបស់យូណេស្កូ»។
ភាពយន្តបែបឯកសារ និងប្រវត្តិសាស្រ្ត ដែលមានចំណងជើងថា “គុនល្បុក្កតោរស់ឡើងវិញ” ឬ SURVIVING BOKATOR ទទួលបានពានរង្វាន់ រហូតទៅដល់១៤ រួមមានពានរង្វាន់ “ភាពយន្តឯកសារកីឡាល្អបំផុត” (Winner Best Sport Documentary) ពីមហោស្រពភាពយន្តឯកសារអន្តរជាតិទីក្រុងបាងកក។ ពាន”ភាពយន្តឯកសារកីឡាល្អបំផុត” (Winner Best Documentary) ពីមហោស្រពភាពយន្តអន្តរជាតិ Liverpool។ ពាន “ការកាត់តល្អបំផុត” (Winner Best Editing) ពីមហោស្រពភាពយន្តកីឡាអន្តរជាតិ Paladino D’Oro។ ពាន “ភាពយន្តឯកសារល្អបំផុត" និងពាន “អ្នកដឹកនាំភាពយន្តឯកសារល្អបំផុត” (Winner Best Documentary / Winner Best Documentary Director) ពីមហោស្រពភាពយន្តអន្តរជាតិ London Lonely Wolf។
ពាន “ផលិតករល្អបំផុត” (Winner Best Producer) ពីពានរង្វាន់ភាពយន្ត Vegas។ “ពានរង្វាន់កិត្តិយស” (Award Mention Honneur) ពីមហោស្រព FICTS ពិភពលោកនៃទូរទស្សន៍ភាពយន្តក្នុងវប្បធម៌កីឡា។ “ពានរង្វាន់កិត្តិយស” (Award Of Merit) នៃពានរង្វាន់ភាពយន្ត IndieFest។ “ពានរង្វាន់ពិសេស” (Winner Exceptional Merit) ពីមហោស្រពភាពយន្តអន្តរជាតិ ឯកសារគ្មានព្រំដែន។ “ពានភាពយន្តឯកសារល្អបំផុត” (Best Documentary) ពីពានរង្វាន់ភាពយន្តអឺរ៉ុប។
“ពានអ្នកដឹកនាំរឿងដំបូងល្អបំផុត” (Best First Time Director) ពីពានរង្វាន់មហោស្រពភាពយន្តសកលនៅ Los Angeles។ “ពានរង្វាន់ប្រាក់” (Platinum Winner) ពីពានរង្វាន់ភាពយន្ត NYC Indie។ ពាន”ភាពយន្តមានលក្ខណៈភាពយន្តល្អបំផុត" (Best Cinematography Feature Film) ពីពានរង្វាន់ភាពយន្តអាស៊ី និង “ពានរង្វាន់មាស” (Golden Award Winner) ពីពានរង្វាន់អាស៊ីប៉ាស៊ីហ្វិក។
នៅពីក្រោយភាពជោគជ័យទាំងនោះ មានរឿងជាច្រើនទៀត ដែលគួរលើកយកមកបង្ហាញ។ ក្នុងនោះ បញ្ហាថវិកាផលិត ការចំណាយពេលយូរដើម្បីថត រួមទាំងការកាត់ត និងការប្ដេជ្ញាចិត្តដើម្បីផលិតរឿងនេះ ឱ្យចេញជារូបរាង គឺជារឿងសំខាន់។
លោក Mark Bochsler បានចំណាយប្រាក់ផ្ទាល់ខ្លួន ប្រមាណ១៧ម៉ឺន ទៅ២០ម៉ឺនដុល្លារ ដើម្បីផលិតភាពយន្តឯកសាររឿង “គុនល្បុក្កតោរស់ឡើងវិញ”។ ចំនួនប្រាក់នេះ ពុំទាន់គិតថ្លៃផ្សព្វផ្សាយ និងការចាក់បញ្ចាំងរឿងឡើយ។ លោកមិនបានស្វែងរកជំនួយថវិកាទុកជាមុន សម្រាប់ការផលិតភាពយន្តនេះទេ។ លោកចាប់ផ្ដើមស្វែងរកថវិកាជំនួយ បន្ទាប់ពីលោកត្រឡប់ទៅប្រទេសកាណាដាវិញ ហើយនោះវាខុសពីគម្រោងឯកសារដទៃទៀត ដែលតែងតែស្វែងរកថវិកាជំនួយ មុននឹងចាប់ផ្ដើមថត។
ការប្រឈមធំ គឺការស្វែងរកប្រាក់ជំនួយ និងការជួលក្រុមការងារថត ជាមួយនឹងធនធានតិចតួចដែលលោកមាន។ ដៃគូលោក និងលោក បានជួបផលលំបាករឿងការងារ ហើយសាច់រឿងកាន់តែរីកធំឡើង។ ដូច្នេះបញ្ហាថវិកាគឺលំបាកបំផុត ដែលលោកបានឆ្លងកាត់។ ទោះជាយ៉ាងណា លោកតាំងចិត្តបញ្ចប់ភាពយន្តនេះ។
«ការរកជំនួយហិរញ្ញវត្ថុ ជាផ្នែកមួយពិបាក។ យើងត្រូវការជំនួយពីលោកឧកញ៉ា។ សូម្បីតែការរកអ្នកឧបត្ថម្ភ សម្រាប់ការចាក់បញ្ចាំងរឿងនេះ ក៏ពិបាកដែរ ដោយយើងបានព្យាយាមអស់រយៈពេល៤ខែ។ ដោយសារព្រឹត្តិការណ៍សង្ក្រាន្ដ និងស៊ីហ្គេម អ្នកឧបត្ថម្ភភាគច្រើន បានចំណាយថវិកា លើព្រឹត្តិការណ៍ទាំងនោះទៅហើយ។ យើងមិនដែលគិតពីប្រាក់ចំណេញឡើយ រហូតមកដល់ពេលនេះក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏មិនចង់ខាតដែរ។ ប្រសិនរឿងនេះទទួលបានជោគជ័យ ហើយយើងបានថវិកាសម្រាប់ថ្លៃចំណាយផ្សេងៗប្រចាំថ្ងៃ វាគឺគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ខ្ញុំ»។ នេះជាការត្អូញត្អែររបស់លោក Mark។
ចំណែកឯផលលំបាកបន្ទាប់ទៀត គឺការកាត់ត។ អ្នកដឹកនាំរឿងរាងស្គម ខ្ពស់ស្រឡះ រូបនេះថា ការកែសម្រួល និងការកាត់តជាពេលដែលលំបាកបំផុត ក្នុងការផលិតរឿងនេះ។ អ្នកដឹកនាំរឿងលោក Mark បានជួលមនុស្សមួយចំនួន ដែលមិនធ្លាប់មកកម្ពុជា ឬទៅតំបន់អាស៊ីអាគ្នេយ៍ ឱ្យជួយកាត់តរឿងនេះ ព្រោះលោកចង់ឱ្យសាច់រឿងនេះ ជារឿងថ្មីសម្រាប់ពួកគេ។ លោកគិតថាធ្វើបែបនោះ ពួកគេអាចយកសាច់រឿង ដែលលោកបានថត ទៅកាត់ត និងកែសម្រួល ឱ្យមានការចាប់អារម្មណ៍ខ្លាំងបំផុត តាមដែលអាចធ្វើទៅបាន។
ប៉ុន្តែនោះគឺជារឿងដែលធ្វើឱ្យលោកខកចិត្តជាងគេ ក្នុងដំណើរការកាត់ត។ ខណៈពេលលោកត្រលប់ទៅប្រទេសកាណាដាវិញ លោកបានជួលក្រុមការងារកាត់តចំនួន៣ក្រុម។ លោកត្រូវឈប់ធ្វើការងារជាមួយពួកគេ ក្រោមហេតុផលមួយចំនួន ដ្បិតការកាត់ត មិនដំណើរការទៅតាមការចង់បាន។ ដូច្នេះលោកត្រូវជួលអ្នកផ្សេងទៀត ដើម្បីឱ្យកាត់តជាថ្មី។
“គុនល្បុក្កតោរស់ឡើងវិញ” ត្រូវបានថតសរុបជាង៤០០ម៉ោង និងមានតួអង្គ១២រូប។ ពេលកាត់តលើកទីមួយ ភាពយន្តនេះមានរយៈពេល៣០០ម៉ោង។ លោកត្រូវកាត់បន្ថែមទៀត ហើយត្រូវរៀបចំទម្រង់សាច់រឿងឡើងវិញ៣ដង ទម្រាំបានភាពយន្តចុងក្រោយ រយៈពេល៩៧នាទី។
«ដំបូងយើងគ្រាន់តែចង់ធ្វើវីដេអូខ្លីៗ ដើម្បីផ្សព្វផ្សាយពីគុនល្បុក្កតោ ប៉ុន្តែនៅពេលដែលខ្ញុំបានជួបជាមួយលោកគ្រូតា និងសិស្សរបស់គាត់ ពួកគេគឺជាមនុស្សអស្ចារ្យមែនទែន មានកម្លាំងចិត្តខ្លាំង។ ហើយរឿងរ៉ាវដែលអ្នកបានមើលក្នុងភាពយន្ត បន្តច្រើនទៅៗ។ វាក៏រីកចេញជាសាច់រឿងដ៏សម្បើម១។ យើងមានការលំបាកខ្លះដែរ ពេលយើងចាប់ផ្ដើមកាត់តសាច់រឿងនេះ លើកដំបូង។ រឿងនេះមានរយៈពេលវែង ចុងក្រោយយើងក៏ចាប់ផ្ដើមបង្រួម សាច់រឿងឱ្យតិចជាងមុន ដូច្នេះយើងក៏ផ្ដោតលើតែព្រឹទ្ធាចារ្យមួយរូប និងតួសិស្សពីររូបទៀត ព្រមទាំងអ្នកប៉ុន្មាននាក់ទៀត នៅជុំវិញសាច់រឿងនេះ»។ នេះជាការបន្ថែមរបស់លោក Mark។
ខ្លួនមិនមែនជាអ្នកហាត់ក្បាច់គុនទេ ប៉ុន្តែលោក Mark ជាអ្នកចូលចិត្តស្វែងយល់ពីវប្បធម៌។ អ្វីដែលលោក Mark បានស្វែងយល់ពីគុនល្បុក្កតោ គឺថាវាបានដកស្រង់ចេញពី របៀបសត្វប្រយុទ្ធគ្នា របៀបដែលពួកវាការពារខ្លួន និងជំហរទាំង១២។ លោកថាវាគឺជាក្បាច់គុន ដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំង ហើយពិភពលោក ចាប់ផ្ដើមបាត់បង់ប្រពៃណីបែបនេះ ដែលមានតាំងពី៣ពាន់ឆ្នាំមុនមកម្ល៉េះ។
លោក Mark ពន្យល់៖«ខ្ញុំស្រឡាញ់វប្បធម៌ ហើយវាជាមូលហេតុចម្បង ដែលនាំឱ្យខ្ញុំចាប់ផ្ដើមថតរឿងនេះ។ ការបង្ហាញឱ្យឃើញនូវការរស់ឡើងវិញ នៃក្បាច់គុនល្បុក្តតោ វាជាឱកាស និងមោទកភាពដ៏អស្ចារ្យមួយ។ វាមានដើមកំណើតនៅក្នុងប្រពៃណីដ៏អស្ចារ្យមួយ មានទាំងការរាំ និងសកម្មភាពផ្សេងៗទៀត ដែលអមជាមួយក្បាច់គុននេះ។ សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំយល់ថារឿងនេះ ជារឿងដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ដោយសារវាជារឿងដែលនិយាយពីការរស់ឡើងវិញនៃវប្បធម៌»។
អ្នកដឹកនាំរឿងរូបនេះ មិនធ្លាប់ជួបប្រទះ ចំណុចអវិជ្ជមានណាមួយ ក្នុងអំឡុងពេលកំពុងថតឡើយ គ្រាន់តែជួបបញ្ហាយល់ច្រឡំបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែលោក Mark ចាត់ទុកវាជាបទពិសោធ ព្រោះកន្លែងណាក៏ជួបបញ្ហាបែបនេះដែរ។
ក្នុងឈុតមួយ គ្រូៗទាំងអស់ចេញមករួមគ្នា ដើម្បីនិយាយជាមួយនឹងព្រឹទ្ធាចារ្យ ក្នុងការដោះស្រាយបញ្ហាជារួម។ លោកបានរៀបចំឱ្យមានអ្នកថតពីរនាក់ និងអ្នកកាន់ប្រដាប់ស្រូបសំឡេងពីរនាក់។ ប៉ុន្តែអ្នកថតម្នាក់ មិនបានយកម៉ាស៊ីនថតទៅជាមួយ ដោយគេគិតថា លោកមានម៉ាស៊ីនថតឱ្យគេ។ លោកថាវាមិនបានផ្ដល់ភាពលំបាកអ្វីដល់លោកឡើយ គ្រាន់តែលោកខកចិត្តបន្តិច។
លោក Mark ពន្យល់បន្ថែមពីទំនួលខុសត្រូវរបស់ខ្លួន៖ «បញ្ហានេះ អាចកើតមានគ្រប់ពេល និងគ្រប់កន្លែងការងារ មិនត្រឹមតែក្នុងប្រទេសកម្ពុជាទេ គឺនៅប្រទេសផ្សេងទៀតដែរ។ ខ្ញុំក៏ភ្ញាក់ខ្លួនថា ខ្ញុំជាមនុស្សមកពីក្រៅប្រទេស ក្នុងនាមជាអ្នកផលិតរឿងដែលមិននិយាយ ភាសាខ្មែរ។ ខ្ញុំត្រូវការជំនួយជានិច្ច ដូច្នេះខ្ញុំត្រូវទទួលស្គាល់រឿងមួយ។ ពោលគឺរឿងគ្រប់យ៉ាងអាចមិនដំណើរការ ទៅតាមការគ្រោងទុករបស់ខ្ញុំទេ។ នេះហើយជាជីវិត វាតម្រូវឱ្យខ្ញុំមានភាពអត់ធ្មត់។ បើមានរឿងអ្វីកើតឡើង ខ្ញុំក៏ត្រូវទទួលខុសត្រូវដូចគ្នា ព្រោះខ្ញុំជាអ្នកដឹកនាំ។ ពេលយើងមានគម្រោងមួយ យើងត្រូវតែក្លាយជាអ្នកទំនាក់ទំនងដែលល្អបំផុតក្នុងក្រុម។ បើមានអ្នកមិនយល់ពីទំនាក់ទំនងច្បាស់ វានៅតែជាទំនួលខុសត្រូវរបស់ខ្ញុំ»។
ក្រៅអំពីឧបសគ្គ អ្នកដឹកនាំរឿងរូបនេះអះអាងថា លោកមានការចងចាំល្អៗជាច្រើននៅកម្ពុជា។ ហើយលោកមានអារម្មណ៍ថា កម្ពុជាប្រៀបបាននឹងផ្ទះរបស់លោកដែរ។ លោកបន្ថែមដូច្នេះ៖ «រាល់ពេលខ្ញុំមកកម្ពុជា ខ្ញុំមានអារម្មណ៍កក់ក្ដៅដូចជាបានមកផ្ទះ។ ខ្ញុំមានអារម្មណ៍ធូរស្រាល។ ខ្ញុំមានអារម្មណ៍ថា រឿងអ្វីក៏អាចកើតឡើងបាន។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចទទួលបានអ្វីជាច្រើននៅទីនេះ»។
លោក Mark Bochsler អះអាងថានៅពេលលោកចាប់ផ្ដើមផលិតរឿង “គុនល្បុក្កតោរស់ឡើងវិញ” មនុស្សភាគច្រើន រួមទាំងជនបរទេសផង មិនគិតថាវាជារឿងដែលគួរឱ្យចាប់អារម្មណ៍ឡើយ ដោយសារតែពួកគេស៊ាំនឹងសាច់រឿងនេះទៅហើយ។ លោកថាមានជនបរទេស ដែលធ្លាប់រស់នៅប្រទេសខ្មែរ ពី៥ទៅ៨ឆ្នាំ បានសួរលោកថា តើលោកបានរកឃើញសាច់រឿងនេះពីណា? ពួកគេបានសសើរថា វាជារឿងល្អមួយ និងជារឿងដែលគេ មិនធ្លាប់បានចាប់អារម្មណ៍ ពេលពួកគេកំពុងរស់នៅប្រទេសកម្ពុជា។
លោកបន្ថែមថា ប្រជាជនកម្ពុជាមួយចំនួន ក៏អាចមិនចាប់អារម្មណ៍អំពីការរស់ឡើងវិញ នៃវប្បធម៌មួយនេះដែរ។ លោកអាចនិយាយបែបនេះបាន ក៏ដោយសាររឿងនេះ ដូចគ្នានឹងរឿង អ្នករាំរបាំអប្សរា រឿងទេពហត្ថា ឬរឿងនិយាយអំពីកំពូលស្ថាបត្យករខ្មែរ លោក វណ្ណ ម៉ូលីវណ្ណ (The Man Who Built Cambodia) ជាដើម។
លោក Mark ពន្យល់៖«ខ្ញុំលើកយករឿងទាំងនេះមកនិយាយ ដ្បិតខ្ញុំចង់និយាយថា យើងបានឃើញពីស្ថាបត្យកម្ម របស់លោកតាជារៀងរាល់ថ្ងៃ។ យើងស៊ាំនឹងឃើញអគារទាំង នោះ ហើយយើងមិនដែលសួរឡើយថា តើមានរឿងអ្វីខ្លះ នៅពីក្រោយក្បាច់ទាំងអស់នោះ? តើវាមានការផ្សារភ្ជាប់គ្នាដូចម្ដេចខ្លះ? តើពហុកីឡដ្ឋានជាតិអូឡាំពិក ភ្ជាប់ទៅទន្លេចតុម្មុខ និងទៅព្រះបរមរាជវាំងយ៉ាងដូចម្ដេចខ្លះ? មានរឿងជាច្រើននៅជុំវិញខ្លួនយើង ហើយពេលខ្លះ ជនជាតិបរទេសងាយស្រួលនឹងចាប់អារម្មណ៍ លើរឿងទាំងនេះជាង ដោយសារតែវាជារឿងថ្មីសម្រាប់ពួកគេ»។
ទោះជាយ៉ាងណាលោក Mark ថាគាត់កំពុងតែឆ្លងកាត់តំបន់គ្រោះថ្នាក់មួយ ក្នុងនាមជាអ្នកផលិតរឿង។ លោកបានចំណាយពេលវេលាជាច្រើននៅកម្ពុជា ហើយវាធ្វើឱ្យលោកស៊ាំនឹងរឿងមួយចំនួន។ «ដូច្នេះពេលខ្ញុំកំពុងថត ខ្ញុំតែងកត់ត្រារឿងជាច្រើន ពីរឿងរ៉ាវដែលខ្ញុំបានឃើញ ដូចជាព្រះសង្ឃសូត្រធម៌នៅពេលព្រឹក។ ទិដ្ឋភាពម៉ូតូនៅគ្រប់កន្លែង មនុស្សគ្រប់គ្នាធ្វើដំណើរទៅវិញទៅមក ក្នុងចរាចរណ៍ជាដើម។ រឿងទាំងនេះ ជារឿងដែលយើងនឹងមិនគិតពីវាទៀតនោះទេ នៅពេលយើងបានឃើញវាច្រើនដងពេក»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Mark។
សូមបញ្ជាក់ថា រឿង“គុនល្បុក្កតោរស់ឡើយវិញ” ត្រូវបានថតចាប់តាំងពីឆ្នាំ២០១០ ហើយទើបតែបញ្ចប់នៅអំឡុងខែឧសភា ឆ្នាំ២០២៣ថ្មីៗនេះ ដោយសារក្បាច់គុនមួយនេះ មានវត្តមាននៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថាស៊ីហ្គេមលើកទី៣២។ អ្នកដឹកនាំរឿង បានកំណត់យកទីបញ្ចប់រឿងត្រឹមនោះ។
ទោះជាយ៉ាងណា ការថតក្នុងអំឡុងពេលស៊ីហ្គេមនោះ មិនបានថតជារឿងឡើយ ដោយអ្នកដឹកនាំរឿងគ្រាន់តែបន្ថែមនូវអត្ថបទខ្លះៗ ក្នុងសាច់រឿងប៉ុណ្ណោះ។ ដូច្នេះមានន័យថា រឿងនេះ បានចំណាយពេលថត អស់រយៈពេល១៣ឆ្នាំ ប៉ុន្តែមិនថតជាប់គ្នារហូតនោះឡើយ។
“គុនល្បុក្កតោរស់ឡើងវិញ” ក៏បានផ្ដោតទៅលើ ការប៉ះទង្គិចផ្លូវអារម្មណ៍ និងការព្យាបាលការប៉ះទង្គិចទាំងនោះដែរ។ ភាពយន្តនេះ ផ្ដោតទៅលើប្រធានបទច្រើន ហើយវាមិនមែនជាភាពយន្ត សម្រាប់តែប្រជាពលរដ្ឋខ្មែរ ឬអ្នកហាត់ក្បាច់គុននោះទេ។ ភាពយន្តនេះ បានបង្ហាញឱ្យគេស្គាល់កម្ពុជា ក្នុងរូបភាពផ្សេងៗ ដោយមិនគ្រាន់តែជាភាពយន្ត អំពីរបបប្រល័យពូជសាស្ត្រ ការរឹបអូសដីធ្លី ឬអំពើពុករលួយ ដែលធ្វើឱ្យមនុស្សទូទៅគិតថា កម្ពុជា មានតែបញ្ហាទាំងនេះ។
ភាពយន្តរបស់លោក ឆ្លុះបញ្ជាំងពីកម្ពុជាខុសពីនោះ គឺជាទីកន្លែងដែលពោរពេញដោយកម្លាំងយុវជន ហើយវាក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រូគុនល្បុក្កតោ សាន គីស៊ាន និងគ្រូល្បុក្កតោដែលនៅរស់ដទៃទៀត ក្នុងការធ្វើឱ្យក្បាច់គុនល្បុក្កតោរស់ឡើងវិញ។ លោក Mark ថានេះជាការលំបាក ដែលធ្វើឱ្យមនុស្សជាច្រើន យល់ពីតម្លៃវប្បធម៌ខ្មែរ ថាល្អ និងអស្ចារ្យខុសប្លែកពីគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសជិតខាង និងពិភពលោកដូចម្ដេចខ្លះ។
លោក Mark Bochsler បានធំដឹងក្ដីនៅក្បែរទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ដែលសម្បូរទៅដោយវប្បធម៌ផ្សេងៗ។ លោកពិតជាចាប់អារម្មណ៍ និងស្រឡាញ់វប្បធម៌ជាខ្លាំង។ លោកបានមកលេងប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ២០១០។ លោកបានដឹងដោយចៃដន្យពីគុនល្បុក្កតោ ដែលពេលនោះក្បាច់គុននេះ កំពុងចាប់មានវត្តមានឡើងវិញ។ លោកបានឃើញការបង្ហោះមួយចំនួនតាមហ្វេសប៊ុក ហើយលោកបានដឹង ពីលោកតាក្រមាមាស សាន គីស៊ាន។
លោកបានស្វែងយល់ពីរឿងរ៉ាវ និងជីវិតរបស់គាត់។ លោកក៏បានស្វែងយល់ពីគុនល្បុក្កតោ ហើយបានដឹងថា ក្បាច់គុននេះជាផ្នែកមួយនៃអាណាចក្រអង្គរ ដោយមានគំនូរ និងចម្លាក់ពីក្បាច់គុននេះ នៅប្រាសាទអង្គរវត្ត។ ហើយប្រាកដណាស់ លោកបានស្វែងយល់ពីប្រវត្តិសាស្ត្រ ដែលទាក់ទងនឹងរបបខ្មែរក្រហម ហើយនឹងការបំផ្លាញវប្បធម៌ ដែលពលរដ្ឋខ្មែរបានជួបប្រទះនៅពេលនោះ។ លោកមានអារម្មណ៍ថា វាគឺជាមោទកភាពមួយ ដែលលោកអាចនិទានរឿងទាំងនោះទៅប្រាប់គ្រប់គ្នា៕