អន្តរជាតិ
បេសកជនអាម៉េរិកប្រាប់ឱ្យចិនញែកបញ្ហាអាកាសធាតុដាច់ពីបញ្ហានយោបាយ
19, Jul 2023 , 6:39 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
អំឡុងទស្សនកិច្ចនៅទីក្រុងប៉េកាំង លោក ចន ឃែរី ប្រេសិតសម្រាប់បញ្ហាអាកាសធាតុរបស់អាម៉េរិក បានស្នើឱ្យចិនទុកបញ្ហាសាកលនេះដោយឡែកពីបញ្ហានយោបាយដែលប្រទេសទាំង២ កំពុងប្រទាំងប្រទើសគ្នា។

 
«បម្រែបម្រួលអាកាសធាតុ ជាការគំរាមកំហែងដែលគួរតែត្រូវដោះស្រាយដោយឡែកពីបញ្ហាការទូត»។ បេសកជនអាម៉េរិកទទួលបន្ទុកកិច្ចការបម្រែបម្រួលអាការធាតុលោក ចន ឃែរី បានថ្លែងបែបនេះទៅកាន់លោក ហាន​ ចឹង អនុប្រធានាធិបតីចិននៅថ្ងៃទី១៩ ខែកក្កដាដែលជាថ្ងៃទី៣ នៃទស្សនកិច្ចរបស់លោកដើម្បីជជែកដោះស្រាយបញ្ហអាកាសធាតុរវាងចិននឹងអាម៉េរិក។
 
លោក ឃែរី ក៏បានបន្ថែមទៀតថា ប្រសិនប្រទេសទាំងពីរអាចរួមគ្នាក្នុងរយៈពេលប៉ុន្មានខែខាងមុខមុនពេលឈានទៅដល់កិច្ចពិភាក្សាស្តីពីអាកាសធាតុពិភពលោក COP28 នឹងមានឱកាសមួយដើម្បីការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅលើបញ្ហានេះ។ 
 
លោក ហាន វិញក៏ទទួលស្គាល់ថា ចិននិងអាម៉េរិកបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងកិច្ចសន្ទនាស្តីពីអាកាសធាតុចាប់តាំងពីការតែងតាំងរបស់លោក ឃែរី ជាបេសកជនមក។ លោកបន្ថែមថា សេចក្តីថ្លែងការណ៍រួមដែលចេញដោយភាគីទាំងពីរបានបញ្ជូនសញ្ញាវិជ្ជមានដល់ពិភពលោកថែមទៀត។
 
ទោះបីជាទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រសើរឡើងវិញបន្តិចដោយសារមានទស្សនកិច្ចមន្រ្តីជាន់ខ្ពស់អាម៉េរិកជាបន្តបន្ទាប់ លោក ឃែរី ក៏បានទទួលស្គាល់ការលំបាកផ្នែកការទូតរវាងភាគីទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបានបញ្ជាក់ទៀតថា អាកាសធាតុគួរតែត្រូវបានចាត់ទុកជាបញ្ហាប្រឈមឯករាជ្យដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់បណ្តាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាងគេលើពិភពលោកដើម្បីដោះស្រាយ។ 
 
អំឡុងការជជែកជាមួយមន្ត្រីចិនក្នុងទស្សនកិច្ចនេះ លោក ឃែរី បានលើកឡើងពីភាពស្ថាបនា ប៉ុន្តែវាក៏មានភាពស្មុគស្មាញផងដែរ ដោយហេតុថា ភាគីទាំងពីរនៅតែដោះស្រាយជាមួយនឹងបញ្ហានយោបាយរួមទាំងតៃវ៉ាន់ផងដែរ។ 
 
គួរកត់សម្គាល់ផងដែរថា ទំនាក់ទំនងផ្នែកអាកាសធាតុរវាងប្រទេសមហាអំណាចទាំងពីរត្រូវបានផ្អាកកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់តៃវ៉ាន់៕
 

Tag:
 ចិន
  អាម៉េរិក
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com