ជាតិ
បោះឆ្នោត
នាយករដ្ឋមន្រ្តីហ្គីណេប៊ីស្ស៊ូ មកចូលរួមសង្កេតការបោះឆ្នោតនៅកម្ពុជា
20, Jul 2023 , 11:03 am        
រូបភាព
លោក Nuno Nabiam លើកចង្អុលដៃបង្ហាញប្រជាជននិងអ្នកកាសែត បន្ទាប់ពីលោកបានចូលរួមបោះឆ្នោតមួយ ក្នុងប្រទេសរបស់លោកនាពេលកន្លងមក។ រូបពី AFP
លោក Nuno Nabiam លើកចង្អុលដៃបង្ហាញប្រជាជននិងអ្នកកាសែត បន្ទាប់ពីលោកបានចូលរួមបោះឆ្នោតមួយ ក្នុងប្រទេសរបស់លោកនាពេលកន្លងមក។ រូបពី AFP
ដោយ៖ ទេព ញាណ

លោក នូណូ ហ្កូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋហ្គីណេប៊ីស្ស៊ូ ជាប្រទេសមួយស្ថិតក្នុងទ្វីបអាហ្វ្រិកខាងលិច នឹងមកបំពេញទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា ពីថ្ងៃ២១ ដល់ថ្ងៃ២៤កក្កដា ឆ្នាំ២០២៣ ស្របពេលដែលកម្ពុជារៀបចំការបោះឆ្នោតថ្នាក់ជាតិ។ 



ក្រសួងការបរទេសកម្ពុជា អះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា នាអំឡុងនៃការបំពេញទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា លោកនាយករដ្ឋមន្រ្តីហ្គីណេប៊ីស្ស៊ូ នឹងឆ្លៀតចូលរួមសង្កេតមើលការបោះឆ្នោតដោយផ្ទាល់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣កក្កដា។ 
 
បើតាមក្រសួងការបរទេស លោកនាយករដ្ឋមន្រ្តីពីទ្វីបអាហ្វ្រិករូបនេះ នឹងមានជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា រួមមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្រសួងការបរទេស​ លើកឡើងថា នាយករដ្ឋមន្រ្តីទាំង២ នឹងផ្លាស់ប្តូរទស្សនៈគ្នា អំពីបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ ដើម្បីជាប្រយោជន៍រួម។ 
 
ក្រសួងការបរទេស ចាត់ទុកទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្រ្តីហ្គីណេប៊ីស្ស៊ូ ថាជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ក្នុងទំនាក់ទំនង ព្រមទាំងរួមចំណែកដល់ការពង្រឹងមិត្តភាពជាមួយគ្នា៕  
 

 

Tag:
 ហ្គីណេប៊ីស្ស៊ូ
  កម្ពុជា
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com