កីឡាជាតិ
ជាតិ
ផ្លាស់ទៅក្លិបកាតា សៀង ចន្ធា នឹងក្លាយជាអ្នកជំរុញទឹកចិត្តយុវជន ក្នុងវិស័យបាល់ទាត់ខ្មែរ
20, Jul 2023 , 4:39 pm        
រូបភាព
លោក បែ មករា អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេត បានបង្ហោះសារលើហ្វេសប៊ុកលើកសរសើរពីកីឡាករ សៀង ចន្ធា ក្រោយខ្សែប្រយុទ្ធឆ្នើមវ័យក្មេងកម្ពុជារូបនេះ នឹងផ្លាស់ទៅក្លិបក្នុងប្រទេសកាតា។ អគ្គលេខាធិការរូបនេះជឿជាក់ថា បទពិសោធន៍នៅកាតា នឹងធ្វើឱ្យចន្ធា ក្លាយជាបុគ្គលសំខាន់ ក្នុងការជំរុញទឹកចិត្តដល់អ្នកហ្វឹកហាត់បាល់ទាត់វ័យក្មេងកម្ពុជា កាន់តែមានក្តីស្រមៃធំក្នុងវិស័យបាល់ទាត់។


«ខ្ញុំសង្ឃឹមថា យុវជនទាំងឡាយដែលកំពុងហាត់បាល់ទាត់ នឹងកាន់តែមានកម្លាំងចិត្ត ភាពក្លាហាន​ក្នុងការស្រមៃឱ្យធំ​​ ក្នុងការប្រឹងប្រែងហ្វឹកហាត់​ ដោយសារមានកីឡាករខ្មែរដូចជា​សៀង ចន្ធា ជាគំរូល្អកម្រិតខ្ពស់ សម្រាប់ពួកគេត្រាប់តាម»។ នេះជាសំណេររបស់ លោក បែ មករា នៅលើផេកហ្វេសប៊ុករបស់ខ្លួន ដោយបញ្ជាក់ថា ចន្ធា នៅសល់តែការពិនិត្យសុខភាពទៀតប៉ុណ្ណោះ នឹងជោគជ័យក្នុងការផ្ទេរទៅកាតា។
  


ក្រៅពីនេះ អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេត ក៏បានសរសេររៀបរាប់ពីលក្ខណៈសម្បត្តិល្អ របស់កីឡាករ សៀង ចន្ធា ថា ជាខ្សែប្រយុទ្ធ មានសមត្ថភាព ដែលតែងតែជាប់ក្នុងជម្រើស ១១នាក់ដំបូង របស់បឹងកេត ទាំងការប្រកួតប្រជែងក្នុង Cambodian Premier League, ពានសម្ដេច ហ៊ុន សែន និងពានរង្វាន់ផ្សេងៗទៀត។ 
 
លោក មករា បន្ដទៀតថា រាល់ការប្រកួត ខ្សែប្រយុទ្ធ ដែលមានគុណភាពក្នុងការបញ្ចប់ទី គឺសំខាន់ណាស់ ហើយកីឡាករ សៀង ចន្ធា មានគុណសម្បត្តិទាំងអស់នោះ។ បើទោះជា បច្ចុប្បន្ន ក្លិបបឹងកេត ត្រូវការខ្សែប្រយុទ្ធនេះ ខ្លាំងណាស់ ប៉ុន្ដែមិនអាចព្រោះតែប្រយោជន៍របស់ក្លិប ហើយធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍ កីឡាករ ដែលមានសមត្ថភាពបែបនេះបានទេ។ 
«ក្នុងបាល់ទាត់ ដើម្បីឈ្នះការប្រកួត យើងត្រូវទាត់ឲ្យចូលទីគេ ហើយដើម្បីទាត់ឲ្យចូលទីគេបាន យើងត្រូវការខ្សែប្រយុទ្ធល្អ។ ចន្ធា គឺជាម្នាក់ក្នុងចំណោមនោះ។ ប៉ុន្ដែបឹងកេត មិនគិតប្រយោជន៍របស់ខ្លួនធំជាងប្រយោជន៍ជាតិ និងកីឡាករនោះទេ។»។ លោក បែ មករា បានបង្ហោះសារបែបនេះ។


 
លោក បែ មករា ពន្យល់លើសំណេររបស់លោកថា ក្លិបបឹងកេត មិនដែលរារាំងកីឡាករណាឡើយក្នុងការអភិវឌ្ឍខ្លួន ប៉ុន្ដែមានតែជំរុញទឹកចិត្តបន្ថែម ឲ្យកីឡាករ ប្រឹងប្រែងបន្ថែមដើម្បីអាចមានសមត្ថភាព ទៅប្រកបអាជីពនៅប្រទេសក្រៅ ជាមួយលីគដែលល្បី មានកម្រិតខ្ពស់។ ភាពល្បីល្បាយរបស់កីឡាករកម្ពុជាទាំងនោះនឹងជួយលើកស្ទួយ មុខមាត់បាល់ទាត់កម្ពុជា និងជ្រោងទង់ជាតិកម្ពុជា នៅលើឆាកអន្ដរជាតិ។
 
អគ្គលេខាធិការរូបនេះ បានលើកឧទាហរណ៍បន្ថែមថា កន្លងទៅក្លិបបឹងកេត ក៏បានព្រមព្រៀង ចំពោះកីឡាករ ចាន់ វឌ្ឍនាកា ក្នុងការទៅចូលរួមអាជីពនៅប្រទេសជប៉ុនដែរ។ ម្យ៉ាងវិញទៀត សៀង ចន្ធា គឺជាកីឡាករកម្ពុជាដំបូងគេ ដែលនឹងចូលរួមអាជីពនៅកាតា។ មន្ដ្រីជាន់ខ្ពស់បឹងកេតរូបនេះ សង្ឃឹមដូច្នេះថានៅកាតា ចន្ធា​ នឹងបានហាត់ជាមួយកីឡាករល្អៗ​ គ្រូបង្វឹកពូកែៗ​ លេងទល់នឹងក្រុមខ្លាំង​ៗ​ សម្រាប់ជាជំហានក្នុងការអភិវឌ្ឍខ្លួនបន្ថែមទៀត ដែលអាចឱ្យគេឡើងកម្រិតទៅលេងនៅលីគកាន់តែខ្ពស់និងកាន់តែធំ។ 
 
គួរបញ្ជាក់ផងដែរថា កីឡាករ សៀង ចន្ធា ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ នឹងចេញទៅប្រទេសកាតា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងលក្ខខណ្ឌខ្ចីជើង៕
 

Tag:
 បាល់ទាត់
  សៀង ចន្ធា
© រក្សាសិទ្ធិដោយ thmeythmey.com