កីឡាជាតិ
ជាតិ
ប្រតិភូកីឡាហែលទឹកកម្ពុជា ៤រូប ទៅចូលរួមការប្រកួតជើងឯកពិភពលោក នៅជប៉ុន
20, Jul 2023 , 6:59 pm        
រូបភាព
ការប្រកួតកីឡាហែលទឹកក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
ការប្រកួតកីឡាហែលទឹកក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
ប្រតិភូដឹកនាំ និងកីឡាករ-កីឡាការិនីកម្ពុជា ៤រូប ត្រូវទៅចូលរួមប្រកួតកីឡាហែលទឹកជើងឯកពិភពលោក World Aquatics Championship 2023 នៅទីក្រុង Fukuoka ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-៣១ ខែកក្កដា ឆ្នាំ២០២៣។



សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនប្រតិភូកីឡា ៤រូប ចូលរួមប្រកួត World Aquatics Championship នៅប្រទេសជប៉ុន។ ប្រតិភូទាំងនោះ ត្រូវបានដឹកនាំ ដោយលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក រួមជាមួយលោក ហែមថុន ពន្លឺ គ្រូបង្វឹក, កីឡាការិនី ឃឺន ចន្ទចរិយា និងកីឡាករ មនត្រស ផានសុវណ្ណអារុន។ 
  
មនត្រស ផានសុវណ្ណអារុន រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក

ដោយឡែក លោក ហែម គិរី ប្រតិភូដឹកនាំ ត្រូវចូលរួមប្រជុំក្នុងមហាសន្និបាតរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក (World Aquatics General Congress)។ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងត្រូវធ្វើបទបង្ហាញអំពីវឌ្ឍនភាព និងការជួយជម្រុញគាំទ្រ ដល់ការអភិវឌ្ឍបន្ដ។ យោងទៅលើការផ្សាយរបស់សហព័ន្ធ នេះ គឺជាលើកទី១ ហើយដែលសហព័ន្ធ ត្រូវបានជ្រើសរើសឲ្យធ្វើបទបង្ហាញ ឲ្យសហព័ន្ធពីបណ្ដាលប្រទេសផ្សេងៗ បានដឹងពីវឌ្ឍនភាពកីឡាហែលទឹកក្នុងប្រទេសកម្ពុជា។
 
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតខាងលើនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងទីក្រុង Fukuoka ប្រទេសជប៉ុន៕
 

Tag:
 កីឡាហែលទឹក
  World Aquatics Championships
© រក្សាសិទ្ធិដោយ thmeythmey.com