ជាតិ
ក្រោយផ្អាក៥ថ្ងៃ អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យធ្វើដំណើរតាមផ្លូវសមុទ្រឡើងវិញ
21, Jul 2023 , 7:59 am        
រូបភាព
រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសអនុញ្ញាតឱ្យធ្វើដំណើរតាមផ្លូវសមុទ្រវិញហើយ ក្រោយផ្អាកអស់រយៈពេល៥ថ្ងៃ ក្រោមហេតុផលអាកាសធាតុមិនល្អ។



តាមរយៈ​វីដេអូ​ខ្លី​ជាង ២​នាទី ដែល​ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២០ កក្កដា​ លោក គួច ចំរើន  បានបញ្ជាក់ថា មូលហេតុដែលអនុញ្ញាតឱ្យមានការធ្វើដំណើរតាមផ្លូវសមុទ្រឡើងវិញ ដោយសាររលកសមុទ្របានធ្លាក់ចុះជាងមុន ។   ម៉្យាងទៀតប្រជាពលរដ្ឋក្នុងខេត្ត បានស្នើសុំឱ្យបើកដំណើរការផ្លូវសមុទ្រវិញ ដោយសារត្រូវដឹកទំនិញតាមផ្លូវសមុទ្រ។
  
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
ទោះជាយ៉ាងណា អភិបាលខេត្តរូបនេះ ក៏ណែនាំឱ្យ ពលរដ្ឋដែលធ្វើដំណើរតាមទូកទាំងអស់​ ត្រូវពាក់អាវពោងសុវត្ថិភាពមុនចេញដំណើរ និងស្ថិតក្រោយការត្រួតពិតិន្យរបស់មន្រ្តីជំនាញឱ្យបានច្បាស់លាល់។ 
 
ចំពោះប្រជានេសាទ ក៏អនុញ្ញាតឱ្យចេញដំណើរទៅនេសាទវិញដែរ តែអាចចេញនេសាទក្នុងរយៈពេលខ្លីៗ ដោយចេញទៅនេសាទពេលព្រឹក និងត្រឡប់មកវិញពេលល្ងាច ឬទៅពេលល្ងាចត្រឡប់ មកវិញព្រឹកតែប៉ុណ្ណោះ។  
 
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបន្តថា៖ «មិនអនុញ្ញាតឱ្យប្រជានេសាទចេញនេសាទហួសថ្ងៃកំណត់ឡើយ វាអាចបង្កហានិភ័យកើតឡើង ឬពិបាកទំនាក់ទំនង និងពិបាកចាត់វិធានការនានាសម្រាប់ជួយសម្រប់សម្រួលបញ្ហាផ្សេងៗ។  ដូច្នេះសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់ខ្ពស់ និងអនុគ្រោះដល់ប្រជានេសាទអាចធ្វើដំណើរបានដើម្បីជីវភាពប្រជាននេសាទទាំងនោះ»។  
 
ទន្ទឹមនឹងនោះ អភិបាលខេត្តព្រះសីហនុ ក៏បានរៀបចំក្រុមការងារ និងឆ្មាំទេសចរឆ្នេរជាច្រើននាក់ឈរជើងតាមឆ្នេរ ដើម្បីចាំមើល ឬសង្រ្គោះទេសចរ ពលរដ្ឋ និងអ្នក​នេសាទពីគ្រោះថ្នាក់ផ្សេងៗផងដែរ។
 
បើតាមក្រសួងធនធានទឹក  តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងនៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់ខ្លាំង ព្រមទាំងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៩ ដល់ ទី២៥ ខែកក្កដានេះ៕ 
 

Tag:
 ThmeyThmey25
  ខេត្តព្រះសីហនុ
  ផ្លូវទឹក
© រក្សាសិទ្ធិដោយ thmeythmey.com