ជាតិ
មូស្គូចោទលោកខាងលិចថាធ្វើជាមើលមិនឃើញការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែនលើរុស្ស៊ី
20, Jul 2023 , 6:29 pm        
រូបភាព
រុស្ស៊ីនៅថ្ងៃទី១៩ ខែកក្កដា បានចោទប្រកាន់លោកខាងលិចធ្វើជាមើលរំលងចំពោះអ្វីដែលខ្លួនហៅថាជាការវាយប្រហារមានលក្ខណៈជាអំពើភេរវកម្ម ដែលប្រព្រឹត្តដោយអ៊ុយក្រែនលើទឹកដីរុស្ស៊ី។ ការចោទប្រកាន់របស់រុស្ស៊ីនេះ បានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានបើកការវាយប្រហារមួយនៅលើស្ពាននៅតំបន់គ្រីមេក្នុងសប្តាហ៍នេះ។



អ៊ុយក្រែននៅដើមសប្ដាហ៍នេះ បានបើកការវាយប្រហារដ៏ធំមួយលើស្ពានមួយដែលភ្ជាប់ទឹកដីរុស្ស៊ីទៅនតំបន់គ្រីមេ។ បន្ទាប់ពីការវាយប្រហារនេះ មន្ត្រីសន្តិសុខរបស់អ៊ុយក្រែនបានចេញមុខអះអាងថា អ៊ុយក្រែនពិតជាបានបើកការវាយប្រហារនេះមែនដើម្បីកាត់ផ្ដាច់ផ្លូវពីរុស្ស៊ីទៅគ្រីមេដែលជាខ្សែផ្គត់ផ្គង់ដ៏សំខាន់មួយ។ 
 
ក្នុងការវាយប្រហារនេះ មនុស្សពីរនាក់ជាប្ដីប្រពន្ធបាត់បង់ជីវិត និងក្មេងស្រីអាយុ ១៤ ឆ្នាំជាកូនរបស់ជនរងគ្រោះទាំងពីរបានរងរបួស ខណៈពួកគេព្យាយាមឆ្លងស្ពាន​ទៅធ្វើដំណើរកំសាន្តនៅតំបន់គ្រីមេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកកាសែតនៅថ្ងៃទី១៩ ខែកក្កដា ថា នេះមិនមែនជាលើកទីមួយទេដែលទីក្រុងមូស្គូបានឃើញពីការបរាជ័យរបស់លោកខាងលិចក្នុងការថ្កោលទោសអ៊ុយក្រែនចំពោះអ្វីដែលរុស្ស៊ីចាត់ទុកជាអំពើភេរវកម្ម។
 
«សមូហភាពលោកខាងលិច ត្រៀមខ្លួនជាស្រេចក្នុងការមើលរំលងចំពោះការវាយប្រហារបែបភេរវកម្មណាមួយដែលរបបទីក្រុងកៀវធ្វើលើប្រទេសយើង»។​ លោក Peskov បានលើកឡើងបែបនេះមុនបន្តថា លោកខាងលិចមិនខ្មាស់អៀនឡើយពីទង្វើបែបនេះ។ 
បើតាមទីក្រុងមូស្គូ អ៊ុយក្រែនបានប្រើប្រាស់យន្តហោះដ្រូនរបស់កងទ័ពជើងទឹកដើម្បីវាយប្រហារលើស្ពាននេះ៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com