ជាតិ
បោះឆ្នោត
ប្រធាន គ.ជ.ប៖ បក្សនយោបាយកាន់តែចាស់ទុំ ការឃោសនា២១ថ្ងៃ ដំណើរការយ៉ាងល្អ
21, Jul 2023 , 10:25 am        
រូបភាព
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ថ្លែងទៅកាន់អ្នកសារព័ត៌មាន​អំពី​ការវាយតម្លៃរបស់ខ្លួន​ពាក់ព័ន្ធយុទ្ធនាការឃោសនា​បោះឆ្នោត២១ថ្ងៃ
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ថ្លែងទៅកាន់អ្នកសារព័ត៌មាន​អំពី​ការវាយតម្លៃរបស់ខ្លួន​ពាក់ព័ន្ធយុទ្ធនាការឃោសនា​បោះឆ្នោត២១ថ្ងៃ
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃពីដំណើរការយ៉ាងល្អប្រសើរក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអណត្តិទី៧ រយៈពេល២១ថ្ងៃកន្លងមក។

 
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិនិត្យមើលការឃោសនាចុងក្រោយរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំតំណាងដោយលោក ហ៊ុន ម៉ាណែត និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយសម្តេច នរោត្តម ចក្រាវុធ នាព្រឹកថ្ងៃទី២១ ខែកក្កដា នេះ លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា បរិយាកាសឃោសនា ជាទូទៅល្អ មានសន្តិសុខ សណ្តាប់ធ្នាប់ ដោយសារតែកិច្ចសហប្រតិបត្តិការល្អរវាងមន្ត្រីរៀបចំការបោះឆ្នោត អាជ្ញាធរដែនដី និងមានសមត្ថកិច្ច។
 
 
ប្រធាន គ.ជ.ប មើលឃើញថា គណបក្សនយោបាយកាន់តែចាស់ទុំ មានក្រមសីលធម៌ ដោយមានការគោរពត្រឹមត្រូវតាមច្បាប់ និងចែកវេនគ្នាធ្វើសកម្មភាព ខណៈពាក្យបណ្តឹងមានត្រឹមតែប្រមាណ៣០បណ្តឹងប៉ុណ្ណោះ ហើយភាគច្រើនជាបណ្តឹងពាក់ព័ន្ធនឹងការឃោសនាតាមអនឡាញ។
 
លោកបានបន្ថែមថា អ្នកសង្កេតការអន្តរជាតិ ដែលមកពី៦០ស្ថាប័ន ក្នុងនោះមានអតីតមេដឹកនាំស្ថាប័នរដ្ឋ និងសភា ពីបណ្តាប្រទេសនានា គឺដោយសារតែពួកគាត់ចាប់អារម្មណ៍អំពីការបោះឆ្នោតនៅកម្ពុជា ដែលដំណើរការតាមប្រជាធិបតេយ្យ និងផ្អែកតាមនីតិរដ្ឋត្រឹមត្រូវ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com