ជាតិ
បោះឆ្នោត
«២២-២៣កក្កដា ២០២៣» ហាមលក់ ហាមផឹកគ្រឿងស្រវឹង
21, Jul 2023 , 11:41 am        
រូបភាព
រូបពីគេហទំព័រសារព័ត៌មាន Independent
រូបពីគេហទំព័រសារព័ត៌មាន Independent
ដោយ៖ ទេពញាណ 

រយៈពេល២ថ្ងៃជាប់គ្នា គឺ២២ និង២៣កក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋខ្មែរ រួមទាំងជនបរទេសផង មិនអាចលក់គ្រឿងស្រវឹង និងទទួលទានគ្រឿងស្រវឹងបានឡើយ។ នេះបើតាមសេចក្តីណែនាំ ដែលចេញដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តាំងពីខែឧសភា ឆ្នាំ២០២៣។


២២កក្កដា ជាថ្ងៃស ហើយ២៣កក្កដា ជាថ្ងៃបោះឆ្នោត។ សម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា ការដាក់បម្រាមរយៈពេល២ថ្ងៃនេះ គឺដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ ដំណើរការទៅដោយសេរី ត្រឹមត្រូវ គ្មានហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពផ្សេងៗ ដែលអាចកើតឡើងដោយសារការទទួលទានគ្រឿងស្រវឹង។ 
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល បានណែនាំក្រសួង ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ ឲ្យសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីអប់រំប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់នៅតាមមូលដ្ឋាន ឲ្យផ្អាកការលក់និងការទទួលទានគ្រឿងស្រវឹងក្នុងរយៈពេល២ថ្ងៃនេះ។ 
 
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងប្រព័ន្ធផ្សព្វផ្សាយទូទៅ បានយកសេចក្តីណែនាំរបស់រដ្ឋាភិបាលខាងលើ មកផ្សព្វផ្សាយឡើងវិញ ខណៈថ្ងៃស និងថ្ងៃបោះឆ្នោត កាន់តែជិតដល់។ 
 
ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សទាំង១៨ ដែលមានរយៈពេល២១ថ្ងៃ បានឈានមកដល់ថ្ងៃចុងក្រោយហើយ នៅថ្ងៃ២១កក្កដានេះ។ ចូលដល់ថ្ងៃ២២កក្កដា ដែលជាថ្ងៃស មិនត្រឹមតែហាមលក់ និងហាមទទួលទានគ្រឿងស្រវឹងនោះទេ តែគ្រប់ភាគី ក៏ត្រូវរក្សាភាពស្ងៀមស្ងាត់ផងដែរ ដោយមិនអាចធ្វើសកម្មភាពនយោយបាយឡើយ។ 
 
លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប និយាយជាមួយអ្នកកាសែត នៅថ្ងៃបិទបញ្ចប់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល២១ថ្ងៃនេះ មានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ។ លោក អះអាងដូច្នេះថា៖«គណបក្សនីមួយៗ កាន់តែយល់ដឹង កាន់តែមានបទពិសោធ កាន់តែចាស់ទុំ អ៊ីចឹងក៏គោរពគ្នាទៅវិញទៅមក និងមានក្រមសីលធម៌ គ្មានបញ្ហាអីដែលធ្វើឲ្យប៉ះពាល់គ្នាទេ»៕ 
 

Tag:
 ហាមលក់គ្រឿងស្រវឹង
  ហាមផឹកគ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com